អ៊ីរ៉ង់ អំពាវនាវឲ្យ អារ៉ាប៊ី សាអូឌីត ព្យាយាមសម្រួល ស្ថានការណ៍ឡើងវិញ

តេហេរ៉ង់៖ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ម៉ាហាម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ នៅថ្ងៃពុធ បាន អំពាវនាវឲ្យរដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត គិតគូឡើងវិញ ចំពោះសកម្មភាពទាំងឡាយ ដែល កាន់តែបង្កភាពតានតឹងខ្លាំងឡើង រវាងប្រទេសមជ្ឈិបូព៌ាទាំងពីរ ហើយគួរព្យាយាម បន្ធូរបន្ថយវា ឲ្យបានទៅ រកភាពប្រសើរឡើងវិញ ជាពិសេសទំនាក់ទំនងការទូត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ ២០១៦ នេះ ទៀតថា អ៊ីរ៉ង់ បានអំពាវនាវបន្ថែមទៀត ឲ្យ អារ៉ាប៊ី សាអូឌីត គិតគូទៅលើបញ្ហា ភេរវកម្ម, ជម្លោះនីកាយ, និង ពួកជ្រុលនិយម ចេះតែកើនឡើង ដែលត្រូវតែមានការដោះស្រាយ សំខាន់ ជាងអ្វីៗទាំងអស់។ ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីជំនួបជាមួយនឹងលោករដ្ឋ មន្ត្រីការបរទេស អ៊ីរ៉ាក់ អ៊ីប្រាហ៊ីម អាល់ ហ្សាអាហ្វារី ក្នុងរដ្ឋធានីតេហេរ៉ង់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្រុមអ្នកកាន់នីកាយស៊ីអ៊ីត ម៉ូស្លីម បានលុក លុយស្ថានទូតអារ៉ាប៊ី សាអូឌីត ប្រចាំរដ្ឋធានីតេហេរ៉ង់ ដើម្បីប្រឆាំងទៅនឹងការប្រហារជីវិត បព្វជិត អាល់ នីម៉ឺ ដែលត្រូវបាន អាជ្ញាធរអារ៉ាប៊ី សាអូឌីត រកឃើញថាបានប្រព្រឹត្តអំពើ ភេរវកម្ម។ បន្ទាប់ពីស្ថានទូត អារ៉ាប៊ី សាអូឌីត និង ស្ថានកុងស៊ុល របស់ប្រទេសនេះមួយទៀត រងការវាយប្រហារនៅអ៊ីរ៉ង់នោះ ចំណងការទូតប្រទេសទាំងពីរក៏ត្រូវបានកាត់ផ្តាច់៕

អ៊ីរ៉ង់ អំពាវនាវឲ្យ អារ៉ាប៊ី សាអូឌីត ព្យាយាមសម្រួល ស្ថានការណ៍ឡើងវិញ