រដ្ឋាភិបាល​នឹង​បញ្ចុះ​ថ្លៃ​ប័ណ្ណ​បើកបរ​រថយន្ត​យ៉ាង​ហោច​៥០​ភាគរយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប័ណ្ណ​បើកបរ​ឡាន នឹង​បញ្ចុះ​ថ្លៃ​យ៉ាង​ហោច​ណាស់ ៥០ភាគរយ។ លោក​បាន​សរសេរ​ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​យប់​ថ្ងៃទី៦ មករា​ថា បច្ចុប្បន្ន​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បើក​កិច្ចប្រជុំ។

ការ​សន្យា​បញ្ចុះ​ថ្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​នេះ នៅ​បន្ទាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឃើញ​សំណូម​ពរ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ហ្វេសប៊ុក ដោយ​ស្នើ​ឲ្យ​បញ្ចុះ​តម្លៃ​ប័ណ្ណ​បើកបរ​ឡាន​ដូច​ម៉ូតូ​ដែរ ក្រោម ហេតុផល​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត និង​ការ​ប្រឡង​ចូល​​ថ្លៃ​ណាស់ ជិត​១៨០ដុល្លារ។

ទាក់ទិន​បញ្ហា​នេះ​ដែរ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បាន​ចេញ​បទ​បញ្ជា​ថ្មី នៅ​ថ្ងៃ​ទី​៦ មករា ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត និង​អធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ ឲ្យ​​ផ្អាក​ការ​ផាក​ពិន័យ​មួយ​រយៈ​​ចំពោះ​លិខិត​ស្នាម​យានយន្ត ដូចជា​ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណ​បើក​បរ ប័ណ្ណ​ត្រួត​ពិនិត្យ​លក្ខណៈ​​បច្ចេកទេស​យានយន្ត និង​អាជ្ញាប័ណ្ណ​អាជីវកម្ម សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​។

កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែរ រដ្ឋាភិបាល ក៏​បាន​ប្រកាស​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ គឺ​មានន័យថា ម៉ូតូ ដែល​មាន​កម្លាំង​ក្រោម​១២៥ ចុះ​ក្រោម មិន​ចាំបាច់​មាន​ប័ណ្ណបើកបរ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ប្រគល់​លុយ​ជូន​ប្រជាពលរដ្ឋ​វិញ ចំពោះ​អ្នកណា​ដែល​បាន​ជ្រុល​ធ្វើ​ប័ណ្ណ​បើកបរ​រួច​ទៅ​ហើយ។

យ៉ាងណា​ក៏​ដោយ ភាព​មិន​ច្បាស់លាស់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ក៏​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ធ្វើ​ឡើង​ដើម្បី​ប្រជាប្រិយ​ភាព​នយោបាយ។

ចំពោះ​ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ​ក១ សម្រាប់​អ្នក​បើកបរ​ទោចក្រយាន​យន្ត ដែល​មាន កម្លាំង​ចាប់​ពី១២៥​ចុះ​ក្រោម​នេះ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ សម្រាប់​យន្តការ​ទប់ស្កាត់ គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ដោយសារ​ប្រជាពលរដ្ឋ​ភាគ​ច្រើន (ជាង៧០%) ពុំ​ទាន់​យល់​ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ឡើយ។ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ដោយ គ្រោះ​ថ្នាក់​ចរាចរណ៍(៧៣%)គឺ អ្នក​ប្រើប្រាស់​ម៉ូតូ(៩៥%) ជា​ម៉ូតូ​ក្រោម​១២៥CC

លោក អ៊ា ចរិយា បន្ត​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់ ដើម្បី​ធានា​ថា អ្នកបើកបរ​គ្រប់រូប​ពិត​ជា​មាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍។ យន្តការ​ទាំង​នោះ​រួមមាន ការ​អប់រំ​ស្ដីពី​សុវត្ថិភាព ចរាចរណ៍​នៅ​តាម​សាលារៀន ចាប់​ពី​ថ្នាក់​បឋមសិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ និង​ជំរុញ​ឲ្យ​មន្ត្រី នគរបាល​ចរាចរណ៍​នៅ​មូលដ្ឋាន ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ នៅ​ថ្នាក់​មូលដ្ឋាន(ភូមិ ឃុំ) ដែល​ជា​ផ្នែក​មួយ នៃ​គោល​នយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​ស្រាប់។

ម៉្យាង​ទៀត ដើម្បី​ជា​ការ​លើ​ទឹកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី សុវត្ថិភាព​ចរាចរណ៍ រាជរដ្ឋាភិបាល​គួរ​រៀបចំ​ការ​ប្រឡង​ប្រណាំង​តែង​សេចក្ដី​ស្ដីពី សុវត្ថិភាព​ចរាចរណ៍​ថ្នាក់​ជាតិ​មួយ ឬ​ថ្នាក់​សិក្សា​ទាំង​៤កម្រិត (បឋម​សិក្សា អនុ​វិទ្យាល័យ វិទ្យាល័យ និង​មហាវិទ្យាល័យ) នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។