លោក ជួរ ឈុន​ឡេង ប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣​តាម​អំពើ​ចិត្ត​

​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​បង្កើត​កន្លែង​ដាក​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ដើម្បី​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​ដីខ្សាច់​ក្រួស​ថ្ម និង​រថយន្ត​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បើកដៃ​ឲ្យ​លោក ជួរ ឈុន​ឡេង ជា​អនុប្រធាន​មន្ទីរ និង​មនុស្ស​របស់ខ្លួន​មួយចំនួន​បង្កើត​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​ទឹកដី​ខេត្តកណ្ដាល ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ធំៗ​ចូល​បង់លុយ​តាមរបៀប​ពុករលួយ​។ បើទោះបី​រថយន្ត​ទាំងនោះ​មិនបាន​ផ្ទុកទំនិញ​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​តាម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាប្រចាំ​ដែរ ទើប​គ្មាន​ឧបសគ្គ​។​

ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង​។ រថយន្ត​ដឹកទំនិញ ដឹក​ដី ដឹក​ក្រួស ដឹក​ថ្ម ទោះបី​មិន​ផ្ទុក​លើស​ទម្ងន់​ក៏ដោយ ឲ្យ​តែ​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត គឺ​ត្រូវតែ​ចូល​បង់លុយ​តាម​ការកំណត់​មិនអាច​តវ៉ា​បានឡើយ​។ បញ្ហា​នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រភពពី​ម្ចាស់​រថយន្ត​ដឹកទំនិញ ដឹក​ក្រួស ខ្សាច់ ថ្ម ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាមផ្លូវ​ជាតិ​នានា​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ក្នុង​រថយន្ត​១​គ្រឿង​ត្រូវ​បង់​ឲ្យ​ក្រុម​ជញ្ជីង​ចាប់ពី​២​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល ដូច្នេះ​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរពិនិត្យមើល​អំពើពុករលួយ​តាម​ដងផ្លូវ​របស់​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តកណ្ដាល​ជាបន្ទាន់​។ ជាពិសេស​ត្រូវ​បើក​ការស៊ើបអង្កេត​ទៅលើ​លោក ម៉ឹង យូ​ឡេង និង លោក ជួរ ឈុន​ឡេង តាម​នីតិវិធី​ព្រោះ​បុគ្គល​ទាំង​២​នាក់​នេះ កំពុង​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រមូល​លុយ​ពី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​យកមកចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​៕

WAT-060115 WAT-060117លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល