លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​វិមជ្ឈការ​អំណាច និង​ការទទួលខុសត្រូវ​ក្នុងសង្គម​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ថ្លែង​នៅថ្ងៃនេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ បោះ​មួយ​ជំហាន​ទៀត ជំហាន​នេះ​គឺ ការអនុវត្ត​គោលនយោបាយ​មួយ​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​កសាង​ប្រព័ន្ធគ្រប់គ្រង​មួយ រៀបចំ​ក្រុម​ដឹកនាំ​ឲ្យ​មាន​សមត្ថភាព មាន​សីលធម៌ មិន​ជេរប្រមាថ ចិត្ត​សន្តិភាព សន្តិវិធី ដោយមាន​ការទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​គណបក្ស​ពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់ជាតិ​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា​គោលនយោបាយ​ខាងលើនេះ​មានឈ្មោះ​ថា វិមជ្ឈការ​អំណាច និង​ការទទួលខុសត្រូវ​ក្នុងសង្គម​ដែល​តម្រូវ​ឲ្យ​មានការ​ជំរុញ និង​លើកទឹកចិត្ត យុវជន ស្ត្រី ពលរដ្ឋ ចូលរួម​ក្នុង​ក្រុម​ដឹកនាំ ជាពិសេស​បេក្ខជន​នាពេល​អនាគត​។ គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង ដើម្បី​ពង្រឹងសមត្ថភាព ក្រុម​ដឹកនាំ​ឲ្យ​មាន​សមត្ថភាព មាន​សីលធម៌​សង្គម​ថ្លៃថ្នូរ មិន​ជេរប្រមាថ ឲ្យ​ប្រជាពលរដ្ឋ​ទទួលស្គាល់​នៅ​មូលដ្ឋាន​ភូមិ​-​ឃុំ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​មានតែ​ទ្រឹស្ដី តែ​គឺ​ការអនុវត្ត​ជាក់ស្ដែង​ក្នុងការ​រៀបចំ​ធ្វើ​វិមជ្ឈការ​អំណាច និង​ការទទួលខុសត្រូវ​ក្នុងសង្គម​ជាមួយ​យុវជន​អង់អាច​បន្តវេន ស្ត្រី​ក្លាហាន ពលរដ្ឋ ដោយផ្ទាល់​នៅ​ស្នាក់ការ នៅលើផ្ទះ ក្រោមផ្ទះ មុខផ្ទះ តាម​មូលដ្ឋាន​ភូមិ​-​ឃុំ​។ លើសពីនេះទៅទៀត មានការ​រៀបចំ​ផ្សព្វផ្សាយ សំឡេង​យុវជន​សង្គ្រោះ​ជាតិ និង​ការរៀបចំ​បំពេញការងារ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ជាដើម​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​ថ្លៃថ្នូរ សង្គម​ថ្លៃថ្នូរ បានមក​តាមរយៈ​ការអប់រំ តាម​សាលា គ្រួសារ សាសនា និង​សង្គម មិនមែន​បានមក​តាមរយៈ​ការជេរប្រមាថ​ឡើយ ហើយ​ទាំងនេះ​ជាគោលការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​៕

1001964_1046282028768595_8985624044734710552_n 12508734_1046281715435293_3970957686062145144_n 946159_1046281468768651_7555619831761252330_n​ ​