ផ្សា​រមាស និង​លោហៈធាតុ​ដំបូង​បំផុត នឹង​បង្កើត​ឡើង​នៅ​មី​យ៉ា​ន់​ម៉ា​ក្នុងឆ្នាំនេះ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ « ផ្សា​រមាស និង​លោហៈធាតុ​ដំបូង​បំផុត​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ នា​ដើមឆ្នាំ​នេះ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Khin Maung Han អនុប្រធាន​សហព័ន្ធ​រ៉ែ បាន​ប្រាប់​មី​យ៉ា​ន់​ម៉ា​ថែម​ស៍ ។

លោក​បន្ត​ថា ៖ « មី​យ៉ា​ន់​ម៉ា​ត្រូវការ​ទីផ្សារ​មាស និង​លោហៈធាតុ​ជា​ផ្លូវការ ហើយ​ផលិតផល​លោហៈធាតុ​ចាំបាច់​ត្រូវ​តែ​មាន​តម្លៃ​សមរម្យ​តាម​គុណភាព​ស្តង់ដា បើ​មិន​ដូច្នេះ​ទេ ទីផ្សារ​ងងឹត​នៅ​តែ​មាន ចំណែកឯ​តម្លៃ​កាន់តែ​ថ្លៃ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ការ​លក់ដូរ​មាស​នឹង​ត្រូវ​បាន​ប្រតិបត្តិ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស » ។

សមាគម​សហព័ន្ធ​រ៉ែ​មី​យ៉ា​ន់​ម៉ា កំពុង​តែ​សហការ​ជាមួយ​ក្រសួង​មួយ​ចំនួន​ដើម្បី​បង្កើត​ការ​ទិញ​ដូរ​មាស ។ ជាមួយ​គ្នា​នេះ សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នឹង​ត្រូវ​បាន​ប្រកាស ចំណែក​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ក្នុងស្រុក​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ផង​ដែរ ។

យោង​តាម​ប្រសាសន៍​របស់​លោក Khin Maung Han ឱ្យ​ដឹង​ថា ៖ « ខាង​សមាគម​បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ក្នុង​ការ​បើក​ទីផ្សារ​មាស​ហើយ ។ មិនតែប៉ុណ្ណោះ ក្រសួង​កិច្ចការ ក្រសួង​រ៉ែ និង​ក្រសួងពាណិជ្ជកម្ម កំពុង​តែ​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ផង​ដែរ » ។

ចំណែក​លេខាធិការ​នៃ​សមាគម​សហគ្រិន​មី​យ៉ា​ន់​ម៉ា លោក Kyaw Win មាន​ប្រសាសន៍​ថា ៖ « ប្រទេស​យើង​មិន​ដែល​មាន​ផ្សា​រមាស​ជា​ផ្លូវការ​ទេ គឺ​មាន​តែ​ទីផ្សារ​បែបប្រពៃណី​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កាលៈទេសៈ​ខ្លះ ប្រទេស​យើង​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ទីផ្សារ​នៃ​ប្រទេស​ជិតខាង ។ ដូច្នេះ បើ​យើង​មាន​ទីផ្សារ​មាស​ផ្ទាល់ខ្លួន យើង​នឹង​មិន​ចាំបាច់​ពឹងផ្អែក​លើ​ទីផ្សារ​បរទេស​ឡើយ » ។

លោក​បន្ថែម​ថា ៖ « ផ្សា​រមាស​នេះ​នឹង​ជួយ​ឲ្យ​អត្រា​ទិញ​ដូរ​មាន​លំនឹង មិនតែប៉ុណ្ណោះ ស្តង់ដា​នៃ​ផ្សា​រមាស​ជា​ផ្លូវការ​នេះ នឹង​ត្រូវ​បាន​ពង្រាង និង​អនុវត្ត​តាម​គោលការណ៍​របស់​ធនាគារជាតិ និង​ច្បាប់​រូបិយប័ណ្ណ​បរទេស » ។

ទោះជា​យ៉ាងណា ក្រសួង​រ៉ែ និង​ធនាគារជាតិ កំពុង​តែ​ធ្វើ​កិច្ច​ពិភាក្សា​ថា តើ​ក្រសួង​មួយ​ណា​គួរតែ​មាន​សិទ្ធិ​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ដល់​អ្នកជំនួញ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​គ្រប់គ្រង​ផលិតកម្ម​រ៉ែ និង​លោហៈធាតុ នឹង​ត្រូវ​បាន​បង្កើត​ឡើងជា​រចនាសម្ព័ន្ធ​ក្នុង​ការ​នាំ​ចេញ ដោយ​ស្រប​ទៅ​តាម​ការ​បង្កើត​នៃ​ការ​ទិញ​ដូរ​ថ្មី ៕