ក្រុមហ៊ុន​ប្រៃសណីយ៍ Thailand Post ពង្រីក​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​ឡាវ

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ផ្តល់​សេវា​ប្រៃសណីយ៍​របស់​រដ្ឋ Thailand Post កំពុង​ចាប់ផ្តើម​ដំណើរការ​នូវ​ការ​ពង្រីក​ខ្លួន​ឲ្យ​កាន់តែ​ធំ​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន ក៏​ដូច​ជា​សេវាកម្ម​ពាណិជ្ជកម្ម​តាម​អីុ​ន​ធើ​រ​ណេ​ត​សម្រាប់​តំបន់​ឥណ្ឌូចិន ដើម្បី​ប្រែ​ក្លាយជា​អ្នក​នាំមុខ​ក្នុង​តំបន់​នៅ​ដំណាច់ឆ្នាំ​នេះ ។

ប្រធាន​ស្តីទី​ក្រុមហ៊ុន លោកស្រី Smorn Terdthampiboon បាន​ថ្លែង​ថា ៖ « សហគ្រាស​ប្រៃសណីយ៍​របស់​រដ្ឋ​មួយ​នេះ​រំពឹង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​កញ្ចប់​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ នឹង​ឈាន​ដល់​អតិថិជន​ចិន​នឹង​មាន​អនាគត​ភ្លឺស្វាង » ។

លោកស្រី​បន្ត​ថា ៖ « យើង​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឈាន​ជើង​ចូល​ទីផ្សារ​សមាគម​សេដ្ឋកិច្ច​អាស៊ាន តាម​រយៈ​ភាព​ទូលំទូលាយ​នៃ​ការ​រៀបចំ​ធ្វើ​រចនាសម្ព័ន្ធ​ឡើង​វិញ និង​ប្រសិទ្ធភាព​នៃ​គោលការណ៍​លើ​ការ​កែប្រែ​ថ្មី » ។

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អីវ៉ាន់​ជា​កញ្ចប់ Thailand Post បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​សហ​ព័ទ្ធ​ប្រៃសណីយ៍​សកល ដើម្បី​បង្កើត​នូវ​ភាព​ប្រកួតប្រជែង​បណ្តាញ​សេវា​ដឹក​ជញ្ជូន​ក្នុង​តំបន់ ជា​ពិសេស ក្នុង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រៃសណីយ៍​កម្ពុជា និង​ឡាវ ដោយ​ផ្អែក​តាម​សក្តានុពល​ទីផ្សារ​ដ៏​ធំធេង​របស់​ប្រទេស​ទាំង​ពីរ​នេះ ។

លោកស្រី Smorn Terdthampiboon មាន​ប្រសាសន៍​ថា ៖ « Thailand Post រំពឹង​ថា ចំណូល​នៃ​ការ​បញ្ជូន​ទំនិញ​ជា​កញ្ចប់​របស់​ខ្លួន ស្មើនឹង​ពាក់កណ្តាល​ចំណូល​ក្នុង​ឆ្នាំ​២០១៦ របស់​ក្រុមហ៊ុន និង​កើនឡើង​ពី​កម្រិត​៤៨% ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥ ដែល​នោះ​ក៏​ព្រោះតែ​មានការ​ជួយ​ជ្រោមជ្រែង​ពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) » ។

Thailand Post បាន​រាយការណ៍​ពី​ការ​ពង្រឹង​បាន​ចំណូល​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ចំនួន​១៨,៧​ប៊ី​លាន​បាត ក្នុង​នោះ​ប្រាក់​ចំណេញ​សុទ្ធ​មាន​ចំនួន​២,២​ប៊ី​លាន​បាត ។ លោកស្រី Smorn Terdthampiboon លើក​ឡើង​ថា ៖ « យើង​រំពឹង​ថា នឹង​ពង្រឹង​ចំណូល​បាន​២២​ប៊ី​លាន​បាត​ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៥ ជាមួយ​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​២,៤​ប៊ី​លាន​បាត » ។

សហគ្រាស​រដ្ឋ​មួយ​នេះ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រាក់​ចំណេញ​ចំនួន​២,៧​ប៊ី​លាន​បាត ជាមួយនឹង​ចំណូល​២៤​ប៊ី​លាន​បាត​សម្រាប់​ឆ្នាំ​២០១៦​នេះ ។

បណ្តាញ​ដឹក​ជញ្ជូន​ទំនិញ Thailand Post Distribution ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ជាមួយ​ការ​ចុះបញ្ជី​មូលធន​ចំនួន​៣៥០​លាន​បាត ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ដឹក​ជញ្ជូន​នៅ​ទូ​ទាំង​ឥណ្ឌូចិន ។

លោកស្រី Smorn Terdthampiboon  ថ្លែង​ថា ៖ « សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​មាន​បំណង​ចង់​ផ្សព្វផ្សាយ​អំពី​ប្រទេស​ថៃ ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​នៅ​តំបន់​ឥណ្ឌូចិន​ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ » ។

Thailand  Post Distribution បាន​ផ្តោត​ទៅ​លើ​ការ​ផ្តល់​នូវ​សេវា​ដឹក​ជញ្ជូន​សម្រាប់​ពាណិជ្ជកម្ម​ឱសថ ទំនិញប្រើប្រាស់​ក្នុង​លំនៅ​ឋាន ពាណិជ្ជកម្ម​តាម​អីុន​ធើ​រ​ណេ​ត គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ធនាគារ បណ្តា​ក្រុមហ៊ុន​ពហុ​ជាតិ និង​ពាណិជ្ជករ​តាម​ព្រំដែន ។

ទីផ្សារ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​ថៃ ស្មើនឹង​១៥% ទៅ​១៧% នៃ GDP ហើយ​កំពុង​កើនឡើង​ក្នុង​ឧស្សាហកម្ម​ដែល​រើប​ឡើង​ផង​ដែរ ជា​ពិសេស ពាណិជ្ជកម្ម​តាម​អីុន​ធើ​រ​ណេ​ត ។

លោកស្រី​បន្ត​ទៀត​ថា ៖ « ទីផ្សារ​ពាណិជ្ជកម្ម​តាម​អុ​ី​ន​ធើ​រ​ណេ​តរបស់​ថៃ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​ប្រចាំឆ្នាំ​យ៉ាងតិច​២០% ក្នុងអំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​ជា​ការ​ជួយ​ដល់​សេវា​ដឹក​ជញ្ជូន​ឆាប់រហ័ស​របស់​យើង​អាច​ទទួល​បាន​កំណើន​១៥% » ៕