​​ប្រជាពលរដ្ឋ​ក្រីក្រ​៣៣៩​គ្រួសារ ទទួល​អំណោយ​​ពី​អង្គការ​មូលនិធិឆឺ​ជី-កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​​៧ ខែមករា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៣៩​គ្រួសារ រស់នៅ​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​អង្គការ​មូលនិ​ធិឆឺ​ជី-កម្ពុជា ។ ​ពិធី​​ប្រគល់​អំណោយ​នេះ ធ្វើ​ឡើង​នៅ​​​មជ្ឈមណ្ឌលមង្គល​ឧត្តម ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក ​ឡុ​ង ង៉ែត អភិបាលរង​​ខណ្ឌមានជ័យ និង​លោក ​កែវ សា​វឿ​ន ចៅសង្កាត់​ចាក់​អង្រែ​លើ និង​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ខណ្ឌ និង​សង្កាត់​ប្រមាណ​ជាង១០០​នាក់ផង​ដែរ ។

អំណោយ​ដែល​​ត្រូវ​ប្រគល់​ជូន​​ពលរដ្ឋ​ក្រី​ក្រទាំង​៣៣៩គ្រួសារនា​ពេលនេះ ក្នុង​មួយ​គ្រួសារ​ៗ ​ទទួល​បាន មុង​​១  អង្ករ៤០​គីឡូក្រាម ក្រមា​១ ​ប្រេងឆា​១ ​ស្ករស​២​គីឡូក្រាម  និង​អំបិល១​គីឡូក្រាម ។

លោក​ ឆុង មីង​ជឺ ប្រធាន​អង្គការ​មូលនិធិឆឺ​ជី-កម្ពុជា បានឱ្យ​​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​អង្គការរបស់​យើង​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​ពាំនាំ​យក​អំណោយ​របស់​​សប្បុរស​មក​ចែក​ជូន​បងប្អូន​ដែល​មាន​ជីវភាព​​ក្រីក្រក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ  ដែល​លើក​ទី​១ មាន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ចំនួន៧៦៦​គ្រួសារ ត្រូវ​បាន​​ទទួលអំណោយ​សប្បុរស​ម្តង​រួច​មក​ហើយ ។

​លោក ​ឡុ​ង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ តំណាង​លោក​អភិបាល​ខណ្ឌ បាន​មាន​ប្រសាសន៍​​​ថា ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ លោក​ពិតជា​មាន​ក្តី​សោ​មន​ស្ស​រីករាយ​យ៉ាង​ក្រៃ លែង ចំពោះអង្គការ​មូលនិធិ​ពុទ្ធសាសនា ឆឺ​ជី-កម្ពុជា ដែល​បានយកចិត្តទុកដាក់​គិតគូ​រពី​សុខទុក្ខ​​និង​ការ​លំបាក​របស់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ ៕