ការ​អភិវឌ្ឍ​ជំនាញទេសចរណ៍​ជា​គោលដៅយុទ្ធសាស្ត្រ​ពង្រឹងគុណភាព សេវាកម្ម​ទេសចរណ៍

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ស្រប​តាម​ស្តង់ដា​អាស៊ាន គឺជា​គោលដៅ​យុទ្ធសាស្ត្រ ក្នុង​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ក៏​ដូច​ជា​បង្កើត​ឱកាស​ការងារ​ក្នុង​ប្រទេស និង​តំបន់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ទី​៦ មក​រា ម្សិលមិញ​នេះ ។

កិច្ចប្រជុំ​នា​ពេល​នេះ​បាន​បង្ហាញ​អំពី​លទ្ធផល​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​វិស័យ​ទេសចរណ៍ ដោយ​បាន​រំលេច​យ៉ាង​ច្បាស់​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ស្មារតី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ជា​ពិសេស ការ​ចូលរួម​ប​ម្លា​ស់​ទី​អ្នកជំនាញ​ទេសចរណ៍​ក្នុង​តំបន់ ដោយ​ក្រសួងទេសចរណ៍​កម្ពុជា បាន​បង្កើត​ស្តង់ដា​បណ្តុះបណ្តាល និង​យន្តការ​ទ្រទ្រង់​នានា​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​អាស៊ាន ពោល​គឺ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ  ក្រសួងទេសចរណ៍​បាន​បណ្តុះ​បណ្តាល​យុវជន​ប្រមាណ​៥០០​នាក់ ស្រប​តាម​កម្មវិធី​សិក្សា​របស់​អាស៊ាន ដោយ​មានការ​ទទួលស្គាល់​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ។

អង្គប្រជុំ​ក៏​បាន​គាំទ្រ និង​កោតសរសើរ​ដល់​ក្រសួងទេសចរណ៍ ដែល​បាន​រៀបចំ​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណវុឌ្ឍិ​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន ដែល​ជា​ផែនទី​ចង្អុល​ទិស​ដល់​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ក៏​ដូច​ជា​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​របស់​ខ្លួន​ស្រប​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន ។

សូម​រំឭក​ផង​ដែរ​ថា កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា មាន​ភាព​ជឿនលឿន និង​នាំមុខ​គេ​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ស្រប​តាម​ស្មារតី​នៃ​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​២.១០០.០១៨​នាក់ កើនឡើង​១,៩៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដោយ​ទទួល​បាន​ចំណូល​សរុប​ជាង​៦០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១,២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ដោយឡែក ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥ មាន​ចំនួន​៣.៧៥៥.៧៩២​នាក់ កើនឡើង​៤,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ។

ទាក់ទង​នឹង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​នេះ​ដែរ បើ​តាម​របាយការណ៍​បង្ហាញ​ថា ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​សម្រាប់​ឆ្នាំ​២០១៥​រួម​មាន ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​មាន​ចំនួន​២.៩៣៧.១៦៤​នាក់ ស្មើនឹង​៧៨,២%​នៃ​ចំនួន​សរុប កើនឡើង​៥% ក្នុង​នោះ​មក​ពី​តំបន់​អាស៊ាន​មាន​ចំនួន​១៦២៣.២៦០​នាក់ ស្មើនឹង​៤៣,២%​នៃ​ចំនួន​សរុប កើនឡើង​២,៦% ។ ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប​មាន​ចំនួន​៥៥២.៦០៥​នាក់ ស្មើនឹង​១៤,៧%​នៃ​ចំនួន​សរុប ថយ​ចុះ​១,៤% និង​មក​ពី​តំបន់​អា​មេ​រិ​ក​មាន​ចំនួន​៦.៩៦៤​នាក់ ស្មើនឹង​០,២%​នៃ​ចំនួន​សរុប កើនឡើង​៥៣% ។

ចំណែក​តំបន់​អាទិភាព​ទាំង​៥ ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នោះ រួម​មាន ៖
១-​តំបន់​សៀមរាប​អង្គរ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១.៧០១.១៣៤​នាក់ ស្មើនឹង​៣៩,៥%​នៃ​ចំនួន​សរុប ថយ​ចុះ​៩,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។
២-​តំបន់​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​២.០៥៤.៦៥៨​នាក់ ស្មើនឹង​៤៧,៧%​នៃ​ចំនួន​សរុប កើនឡើង​២០,៧% បើ​នឹង​ធៀប​រយៈពេល​គ្នា​នៅ​ឆ្នាំ​២០១៤ ។
៣-​តំបន់ឆ្នេរ​សមុទ្រ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥០៣.១៧៩​នាក់ ស្មើនឹង​១១,៧%​នៃ​ចំនួន​សរុប កើនឡើង​៧,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។
៤-​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥០.៥៤៤​នាក់ ស្មើនឹង​១,២%​នៃ​ចំនួន​សរុប កើនឡើង​៤,៤%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤​។

៥-​តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៣៤.៤៧៧​នាក់ ស្មើនឹង​០,៨%​នៃ​ចំនួន​សរុប កើនឡើង​១០,៥% ៕