ល្បិចថ្មីស្ទីលចាស់​ ! ម្នាក់ធ្វើជាជ្រុះកាបូប​ ម្នាក់ធ្វើជារើស​បានកាបូប​ ធ្វើឲ្យនារីម្នាក់ចាញ់​បោកអស់​ជិត១ពាន់ដុល្លារ

រាជធានីភ្នំពេញ៖ ​ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់​ បានចាញ់​ល្បិច​​ក្រុមចោរ​ទម្លាក់យោង​ បង្ហាញលាឡៃ ​ដូរយកមាស ​អស់គ្រឿង​អលង្ការ លុយ​ និងទូរស័ព្ទដៃ១​គ្រឿង ​គិតជាប្រាក់សរុប​ជិត​១០០០ដុល្លារ​អាមេរិក ​បន្ទាប់​មកជនសង្ស័យ ​បាននាំគេចខ្លួនបាត់ស្រមោល ។

ចំណែកនាងរង​គ្រោះក្រោយពីដឹងថាចាញ់ ​បោកក្រុមចោរទាំងនោះ​ បានរត់ទៅកាន់ទីតាំង​ពុះដីឡូត៌លក់មួយកន្លែង​ឲ្យអ្នក​នៅទីនោះជួយប្ដឹងប៉ូលិសជួយអន្តរាគមន៏ បង្កឲ្យ​មានការភ្ញាក់ផ្អើលទាំងព្រឹក។ ​ហេតុការណ៏នោះបានកើតឡើង ​កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៧ ​មករា ២០១៦ ​នៅចំណុច​ភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​។ ស្រ្តីរងគ្រោះឈ្មោះ ឌួង សុខហេង ​អាយុ២៦ឆ្នាំ ​មុខរបរជាកម្មការិនីរោងចក្រ​កាត់​ដេរ​ហុងវ៉ា ​មានស្រុកកំណើត នៅក្នុងភូមិស្វាយ ឃុំស្វាយ ស្រុក​​សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និងស្នាក់នៅផ្ទះជួល ​ក្នុងភូមិថ្មគោល ​សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែន​ជ័យ ។ នាងរងគ្រោះបន្តថា ​គ្រឿងអលង្ការនិង​លុយដែល​ក្រុមទម្លាក់យោងយកទៅ​នោះរួមមាន ​ខ្សែដៃប្លាទីន១ខ្សែតម្លៃ៩០ដុល្លារ ​កងដៃ៧កងតម្លៃ២៨០ដុល្លារ ​ខ្សែជើង១​ខ្សែតម្លៃ៦០ដុល្លារ ​ចិញ្ចៀន១វង់តម្លៃ៤២ដុល្លារ លុយ​​១០០ដុល្លារ និងទូរស័ព្ទម៉ាកសាំសុង១៤៥ដុល្លារ ​។ ដោយឡែកជនសង្ស័យ ​មានគ្នាស្រីចំនួន៣នាក់ ​ក្នុងនោះមានស្រី ​២នាក់ ​ជិះម៉ូតូ១គ្រឿង។ ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ នាងបានទៅទិញអីវ៉ា​ន់​នៅក្នុងផ្សារកាណាស៊ីធី​ ដែលមានទីតាំង​ ស្ថិតនៅជិត​រោងចក្រកាត់ដេរ ​ហុងវ៉ា នោះដែរ ។ ខណៈពេលទៅដល់បានជួប​នឹងស្រ្តីម្នាក់ ​ហើយស្រ្តីនោះបានសួរនាងថា​ មានរើសបានកាបូបលុយមួយអត់ ? ​ដោយស្រ្តីនោះបាន​អះអាងថា ​បានជ្រុះបាត់ពេលនោះ​​នាង​បាន​ឆ្លើយថា អត់បានរើសទេ ហើយស្រ្តីម្នាក់នោះបានចាកចេញទៅបាត់។ ​លុះបន្តិច ​ក្រោយមកស្រាប់តែមាន​ស្រ្តីម្នាក់​ទៀត​បាន​ទៅដល់​ ហើយបានយកកាបូបដៃ​​មួយ​បង្ហាញនាង ដោយប្រាប់ថា ទើប​រើសបាននិងបានលាតឲ្យនាង​មើលឃើញសុទ្ធតែលុយនិង​គ្រឿងអលង្ការមាស ​។ នាងរងគ្រោះ​បាន​បន្តថា ​បន្ទាប់មកស្រ្តីសង្ស័យបាន ខ្សឹបប្រាប់នាងថាកុំឲ្យនាងប្រាប់ស្រ្តី​​ម្នាក់​ដែល​សួរនាងមុននោះចាំខ្លួនចែក ​ហើយក៏បបួលនាងជិះម៉ូតូឌុប១គ្រឿង ​ទៅរកកន្លែងចែកគ្នា​ លុះពេលជិះពីផ្សារ ​កាណាស៊ីធី ​ដល់ត្រង់ចំណុច​ភូមិក្រាំងដូនទៃ បាន​ឈប់ហើយស្រ្តីនោះ​បានឲ្យនាងដោះ​ គ្រឿងអលង្ការ​ ព្រមទាំងលុយនិងទូរស័ព្ទ ​ប្រគល់ទៅឲ្យខ្លួន​ដោយប្រាប់ថា ​របស់ដែលនៅក្នុង​កាបូបនោះ មានតម្លៃច្រើនជាងរបស់​​ដែល​ជាប់ខ្លួននាងទ្វេរដង ។ ​ខណៈនោះនាងក៏យល់ព្រមដោះ​ឲ្យក្រុមជនសង្ស័យទាំងអស់ ​បន្ទាប់​មកជននោះ​បាននាំគ្នាគេចខ្លួន​បាត់ស្រមោល​ ទើបនាងដឹងថាចាញ់បោក និង​ ​ឈឺចិត្តព្រមទាំងសោកស្ដាយយ៉ាងខ្លាំង។

ប៉ូលិសនិយាយថា ​នេះមិនមែនជារឿងដដែលៗនោះទេ ​រឿងបែបនេះបានកើតឡើងច្រើនមកហើយ​ ប៉ុន្តែនៅតែមានជាហូរហែទៀត ​ដោយសារអ្នករងគ្រោះ​ទាំងអស់​មានចិត្តលោភលន់ពេក ​ចង់បានរបស់គេដែរ ​ទើបបណ្ដាលឲ្យចាញ់បោក​ក្រុមជនខិលខូចបែបនេះ ​ដោយឡែកស្រ្តីរងគ្រោះម្នាក់នេះ​ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍​ចោមចៅរួច​រាល់ហើយ ៕