លោក សម រង្ស៊ី ថា​ថ្ងៃ​៧​មករា​ជា​ឆាក​ល្ខោន​ដែល​វៀតណាម​បាន​រៀបចំ

ប្រធាន​បក្ស​ជំទាស់ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ថា​​ថ្ងៃ​៧ មករា ដែល​បក្ស​កាន់​អំណាច​ប្ដូរ​ផ្ដាច់​ការពារ​នោះ គឺ​ជា​ឆាក​ល្ខោន​ដែល​វៀតណាម​បាន​រៀបចំ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក(Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៧ មករា ដោយ​អះអាង​ថា បើ​គ្មាន​វៀតណាម​កុម្មុយនិស្ត​ពី​ដើមទី ក៏​គ្មាន​ខ្មែរ​ក្រហម​ដែរ៖ «ឥឡូវ​នេះ​គេ​ថា បើ​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ។ តែ​បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ (ថ្ងៃ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច) ក៏​គ្មាន ថ្ងៃ​៧ មករា ១៩៧៩ ដែរ។ ហើយ​បើ​គ្មាន​ពួក​កុម្មុយនិស្ត​វៀតណាម​ជួយ​ពួក​ខ្មែរ​ក្រហម​ក្នុង​ដើម​ទសវត្សរ៍ ឆ្នាំ១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥​ដែរ។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ក្នុង​រយៈពេល​ជិត ៥០ឆ្នាំកន្លងមកនេះ គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុម្មុយនិស្ត​ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ»

បើ​ទោះបី​ជា​លោក សម រង្ស៊ី រិះគន់​ថ្ងៃ​៧ មករា ក្ដី ក៏​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ខួប​៧ មករា លើក​ទី​៣៧​នេះ​ថា លោក​នឹង​ប្ដេជ្ញា​ការពារ​ថ្ងៃ​ទី​៧​មករា ដោយ​លោក​បញ្ជាក់​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃ​កំណើត​ទី២​របស់​ពលរដ្ឋ​កម្ពុជា ដែល​បាន​រួច​ចេញ​ពី​របប​វាល​ពិឃាដ​ប៉ុលពត និង​អាច​រស់រាន​មក​ដល់​សព្វ​ថ្ងៃ។

លោក ហ៊ុន សែន ក៏​រិះគន់​បុគ្គល​មួយ​ចំនួន​ដែល​មិន​ដឹង​គុណ​ថ្ងៃ​ទី​៧​មករា​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។