មូលហេតុ​៣​ធ្វើឲ្យ “Before the Fall” ចាយ​លុយ​ជិត ១ លាន​ដុល្លារ

មូលហេតុ​៣​ធ្វើឲ្យ “Before the Fall” ចាយ​លុយ​ជិត ១ លាន​ដុល្លារ

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​រឿង “Before the Fall” ល្ងាច​ម្សិល​មិញ​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម​ផ្សារ​សូរិយា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock លោក យឹម សុសត្យា បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​មាន​ពី​មូលហេតុ​ធំ​៣យ៉ាង​ដែល​ធ្វើ​ឲ្យ​រឿង “Before the Fall” ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់​ជិត​លាន​ដុល្លារ​នេះ ​គឺ​កត្តា​តួ បច្ចេកទេស និង Post Production ។

 

មូលហេតុ​៣​ធ្វើឲ្យ “Before the Fall” ចាយ​លុយ​ជិត ១ លាន​ដុល្លារ

 

១. តួ

“ទី​មួយ គឺ​កត្តា​តួ ព្រោះ​រឿង​របស់​យើង​បាន​អញ្ជើញ​តារា​លំដាប់​ពិភពលោក លោក Ian Virgo ដែល​ជា​តារា​សម្ដែង​ក្នុង​ពិភព​ហូលីវូដ​។ គាត់ ( Ian Virgo ) ជា​ជនជាតិ​អង់គ្លេស គាត់​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ជាច្រើន។ ចំណែក​ឯ​តួ​ម្នាក់​ទៀត​ក៏​ជា​តារា​សម្ដែង​លំដាប់​អន្តរជាតិ​ដែរ ដែល​សម្ដែង​ជា​តួ​ឯក គឺ​លោក Nicolas Berthery ជន​ជាតិ​បារាំង ហើយ​គាត់​គឺជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ។”
លោក​បាន​បន្ថែម​ទៀត​ថា​តួ​ឯក​ស្រី​ក្នុង​រឿង “មុន​ពេល​ដួល​រលំ” ក៏​ជា​តារា​សម្ដែង​ដែរ​គឺ​កញ្ញា Pauline Cammal ជា​ជនជាតិ​ខ្មែរ​រស់នៅ​បារាំង។ ប្រធាន​ផ្នែក​គ្រប់​គ្រង​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្នុង​រឿង​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​តួ​បរទេស និង​ខ្មែរ​ច្រើន​ទៀត ហើយ​តួ​ខ្មែរ​ដែល​សម្ដែង​នៅ​ក្នុង​រឿង​នោះ​ក៏​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​រឿង​ដទៃ​ទៀត​ដែរ។

 

២. បច្ចេកទេស

“អ្នក​បច្ចេកទេស ​ខ្ញុំ​និយាយ​តែ​អ្នក​ដឹកនាំ និង​អ្នក​សរសេរ script ប៉ុណ្ណោះ​ទេ លោក​ជា​ជន​ជាតិ​អូស្ត្រាលី​ឈ្មោះ Ian White។ White ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​​ផ្នែក​នេះ​ច្រើន និង​ធ្លាប់​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​ជាង ១៥ ឯ​ណោះ។”

 

លោក យឹម សុសត្យា បាន​បន្ត​ថា​ដូចនេះ​ពេល​ដែរ​ខាង​ផលិតកម្ម​លោក​អញ្ជើញ Ian White មក​គឺ​ត្រូវ​ចំណាយ​ច្រើន។ ផ្នែក DOP ខាង​ផលិតកម្ម Rock បាន​អញ្ជើញ​លោក Kevin Foong ជា​អ្នក​ថត​រូប​ឲ្យ​តារា​ល្បី​ៗ និង​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​ៗ​ជាច្រើន។ ក្នុង​ការ​ថត​រឿង​មួយ​នេះ​​បុរស​វ័យ​ប្រហែល ៤០ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ជួប​ការ​លំបាក​ច្រើន​មែន​ទែន ព្រោះ​ពេល​ថត និង​សហការ​ជាមួយ​បរទេស​គេ​មាន​ពេល​ខ្លី​សម្រាប់​ខាង​អ្នក​រៀបចំ​របស់​កម្ពុជា ដូច​នេះ​ត្រូវ​រៀបចំ​ប្លង់​នីមួយ​ៗ​សម្រាប់​ពួកគេ​យ៉ាង​ច្រើន​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ។

 

៣. Post Production

“Post Production ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ត។ ក្នុង​រឿង​នេះ​មួយ​ការ​កាត់​ត​មាន​៣​លើក ជាចុងក្រោយ​យើង​សម្រេច​ទៅ​កែសម្រួល​នៅ​ប្រទេស​បារាំង។ ការ​កែ​ពណ៌ និង​សំឡេង​យើង​ធ្វើ​នៅ​ប្រទេស​ថៃ ចំណែក Sound effect និង​គ្រាប់​បាញ់​ផ្សេង​ៗ​យើង​យក​ទៅ​ធ្វើ​នៅ​អូស្ត្រាលី។”

 

លោក សុសត្យា បាន​ឲ្យ​ដឹង​ទៀត​ថា Music background គឺ​ខាង​លោក​ធ្វើ​ថ្មី​ទាំងអស់ មិន​ចម្លង​ពី​គេ​មក​ដាក់​ក្នុង​រឿង​ទេ ព្រោះ​បើ​ភ្លេង​ចម្លង​ពី​គេ​ពេល​យក​ទៅ​បញ្ចាំង​នៅ​បរទេស​គេ​អាច​ប្ដឹង​បាន។

 

លោក​បាន​បន្ថែ​ម​ថា​សូម្បី​តែ​ចម្រៀង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បាន​ទៅ​សុំ​កម្មសិទ្ធិ​បញ្ញា និង​បាន​បង់​ថវិកា​ទៅ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​វប្បធម៌​ដែរ។ ទាំងអស់​នេះ​គឺ​ការ​ចំណាយ​ធំ​របស់​ផលិតកម្ម Rock។

 

លោក យឹម សុសត្យា សូម​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​ទៅ​ទស្សនា​រឿង “មុន​ពេល​ដួល​រលំ” ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​មុន​ពេល​របប​គ្រប់គ្រង​ លន់ នល់ ដួល​រលំ និង​បាន​បញ្ជាក់​ថា​រឿង​នេះ​គឺ​គុណភាព​កម្រិត​អន្តរជាតិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៕

 

មូលហេតុ​៣​ធ្វើឲ្យ “Before the Fall” ចាយ​លុយ​ជិត ១ លាន​ដុល្លារ

 

អត្ថបទ៖ ទ្រី រ៉ាវី