​ផ្លាស់​ប្តូរ​ទង់ជាតិ​តំណាង​ប្រទេស​ជាង​៧០ ​ដើម្បីអបអរសាទរ​ខួប​​ទី​៣៧ ទិវា​ជ័យ​​ជម្នះ​​៧​មក​រា

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី​៣៧​ ទិវា​ជ័យ​ជម្នះ​ថ្ងៃ៧​មក​រា ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​ ​សាលា​រាជធានី​ភ្នំពេញ​​ធ្វើ​ការ​​កែ​លម្អសោ​ភណ្ឌ​ភាព​បរិស្ថាន​​​ដោយ​​​មាន​ការ​រៀបចំ​​​ឡើង​ ដូច​ជា​ ដាក់​អំ​ពូ​ល​ភ្លើង​ ​ការ​លាប​កំបោរ​តាម​ចិញ្ចើមថ្នល់​ និង​តាម​ដើមឈើ​ជាដើម ​។

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានី​ភ្នំពេញ ​និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ​ការងារ​កែ​លម្អ​នេះ​ធ្វើ​ឡើង​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដោយសារ​តែ​​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​នៅ​សល់​តាំងពីឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​មក ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ផ្លាស់​ប្តូរ​ទង់ជាតិ​ប្រទេស​ជា​មិត្ត​ចំនួន​៧៤​ប្រទេស ក៏​ដូច​​ជាដាក់​ទង់ជាតិ​កម្ពុជា​នៅមុខ​ព្រះបរមរាជវាំង​តាម​ដង​ទន្លេសាប ​​នៅ​វិមាន​ឯករាជ្យ និង​​​​រៀបចំ​សួនច្បារ​កាត់​ស្មៅ កាត់​ផ្កា ដាក់​អំ​ពូ​ល​ភ្លើង ​​​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជ័យ​ជម្នះ​ថ្ងៃ​៧មក​រា ​។

រយៈពេល​៣៧​ឆ្នាំ​ កន្លង​ទៅ​​ផ្តើម​ចេញពី​ជ័យ​​ជម្នះ​ថ្ងៃ​៧​មក​រា ហើយ​ប្រជាជន​កម្ពុជា​បាន​សម្រេចនូវ​ការ​ផ្លាស់​ប្តូរ​សង្គម​យ៉ាង​ធំធេង​ដែល​គ្មាន​អ្នក​ណា​អាច​នឹក​ស្មាន​ដល់​ ។ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាល​ពិឃាដ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៍ ​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការ​បែកបាក់ជាតិ និង​ការ​បែងចែក​ទឹកដី​នោះ ក្លាយជា​ប្រជាជាតិ​មួយ ​ដែល​មាន​សុខ​សន្តិភាព​ ​សេរីភាព​ ​ឯកភាព ស្ថិរភាព និង​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ​ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ត្រូវ​បាន​លើកកម្ពស់​ឥតឈប់​ឈរ ពិសេស​រាជធានី​ភ្នំពេញ​ កំពុង​ស្ថិត​លើ​ផ្លូវ​អភិវឌ្ឍ​​ដ៏​គួ​ឲ្យ​មោ​ទ​នៈ ​ក្រោម​ចក្ខុ​វិស័​យ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕ ​