ក្រុម​ចោរ​ចូល​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​លួច​គាស់​សោយក​ម៉ាស៊ីនបូមទឹក​១​គ្រឿង​ទៅ​បាត់

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​ពេទ្យសត្វ និង​ជា​ភ្នាក់ងារ​សារព័ត៌មានទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ប្រចាំ​ខេត្ត​ប៉ៃលិន ត្រូវ​ក្រុម​ចោរ​ចូល​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ ហើយ​គាស់សោលួច​យក​ម៉ាស៊ី​ន​បូមទឹក​មួយ​គ្រឿង ម៉ាក​ដិ​លតាទៅ​បាត់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៧ ​មករា ​​២០១៦ ​ស្ថិត​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ ចំណុច​ប៉េ​អឹ​ម ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពីលោក អ៊ុ​ក សុធា  នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​ល្វា បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ មានឈ្មោះ នាក់ ង៉​យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​បសុសត្វ និង​ជាភ្នាក់ងារ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ​រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើបាន​ធ្វើ​បន្ទប់​ដាក់​ម៉ាស៊ីន​ចាក់សោ​នៅ​ក្នុង​បន្ទប់មួយ​ក្នុង​កសិក​ដ្ឋា​ន​ចិញ្ចឹមសត្វ​គោ​របស់​ខ្លួនជា​យូរ​មក​ហើយ ដោយ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ទេ ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៦ ​មករា ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានឮ​សម្លេង​ឆ្កែ​ព្រូស​ដេញ​ចុះឡើង​ៗនៅ​ក្នុង​កសិ​​ដ្ឋា​ន ហើយ​សត្វ​គោ​ជាង​១០​ក្បាល​ក៏​មានការ​ផ្អើល​ផង​ដែរ លុះ​ព្រឹក​ឡើងស្រាប់​តែ​បាត់​ម៉ាស៊ីន​មួយ​គ្រឿង។

​ចំណែក​ជន​រង​គ្រោះឈ្មោះ នាក់ ង៉​យ បានឱ្យ​ដឹង​ថា លោក​ពិតជា​មានការ​បារម្ភ​យ៉ាង​ចំពោះ​សត្វ​គោ​របស់​ខ្លួន ដែល​លក់​មិន​ទាន់​អស់​នៅ​សល់​ជាង​១០​ក្បាល​ទៀត ខណៈ​ដែល​បាត់​ម៉ាស៊ីនបូមទឹក​១​គ្រឿង ក្នុង​កសិដ្ឋាន ដោយ​លោក​ជាប់រវល់​មើល​ការងារ​នៅផ្ទះ ហើយ​ឱ្យ​កូនប្រុស​២​នាក់ដេកចាំ​មើល​សត្វ​គោ និង​ម៉ាស៊ីន​នៅ​ទីនោះ ។

លោក​បញ្ជាក់​ទៀត​ថា ក្រោយមក​ខាង​លោក​បាន​ដើរ​ប្រាប់​តាម​ស្តង់​អេ​ត​ចាយ និង​កន្លែង​លក់​ម៉ាស៊ីន​ទាំងអស់​នៅ​ក្រុងប៉ៃលិន បើសិនជា​ឃើញ​ម៉ាស៊ីន​មាន​ភិនភាគ​ដូច​ខាងលើ សូម​ទាក់ទង​ប្រាប់​មក​លោក ហើយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​ល្វារួចរាល់​អស់ហើយ ដើម្បី​ឱ្យ​តាម​ចាប់​ក្រុម​ចោរ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី៕