ធនាគារជាតិ​វៀតណាម​ប្រកាស​អត្រា​ប្តូរ​ប្រាក់​ថ្មី ផ្អែក​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​តម្លៃ​ថ្មី

ប្រទេស​វៀតណាម ៖ ធនាគារជាតិ​បាន​កំណត់​អត្រា​ប្តូរ​ប្រាក់ ដែល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក​អាច​ប្តូរ​បាន​២១,៨៩៦​ដុ​ង ហើយ​ចំនួន​នេះ គឺ​លើស​អត្រា​ប្តូរ​ប្រាក់​ពី​មុន​រហូត​ដល់​៦​ដុ​ង​ឯណោះ ។

នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ធនាគារជាតិ​វៀតណាម បាន​កំណត់​អត្រា​ប្តូរ​ប្រាក់​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ប្តូរ​ប្រាក់​ថេរ ដែល​បាន​ប្រកាស​តាម​សេចក្តី​អនុម័ត​លេខ 2730/QD-NHNN នា​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​ទៅ ។

សេចក្តី​អនុម័ត​ឲ្យ​ដឹង​ថា ធនាគារជាតិ​នឹង​កំណត់​អត្រា​ប្តូរ​ប្រាក់​មធ្យម​ជា​រៀងរាល់ថ្ងៃ ជា​ជាង​រក្សា​អត្រា​ប្តូរ​ប្រាក់​ក្នុងអំឡុងពេល​វែង​។ ស​ន្ទ​ស្សន៍​នៃ​អត្រា​ប្តូរ​ប្រាក់​ថ្មី​នឹង​បន្ត ដែល​វា​អាច​កើន ឬ​ថយ​ក្នុង​អត្រា​៣% ប៉ុណ្ណោះ ។ ជាង​នេះ​ទៅ​ទៀត អត្រា​លក់ និង​ទិញ​រូ​បិ​ញ​វត្ថុ​ស្ទើរតែ​គ្មាន​ភាព​ប្រែប្រួល​អ្វី​ទាំងអស់ ដែល​នៅ​ថ្ងៃនេះ​មានការ​ប្រែប្រួល​ក្នុង​អត្រា​តិចតួច​បំផុត ។

ធនាគារជាតិ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​ដុ​ង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​ពឹងផ្អែក​លើ​ទីផ្សារ​អន្តរ​ធនាគារ​ប្តូរ​ប្រាក់​បរទេស និង​កា​រវិ​វត្ត​រូបិយ​វត្ថុ​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សេដ្ឋកិច្ច​វៀតណាម ដូច​ជា ការ​វិនិយោគ និង​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​វិសាលភាព​របស់​ជាតិ​កាន់តែ​ធំ​ទូលាយ​ផង​ដែរ ។
ក្នុង​នោះ​ដែរ អត្រា​ប្តូរ​ប្រាក់​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​តែ​ស្រប​ទៅ​នឹង​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្រប​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នៅ​ក្នុងស្រុក និង​សាខា​ធនាគារ​បរទេស ដើម្បី​ជួយ​សម្រួល​ដល់​សេវាកម្ម​ប្តូរ​ប្រាក់​បរទេស ។

ធនាគារជាតិ​បន្ត​ទៀត​ថា ប្រព័ន្ធ​កំណត់​អត្រា​ប្តូរ​ប្រាក់​នឹង​ជួយ​កំណត់​ទិស​ដៅ​ក្នុង​ការ​គ្រប់គ្រង​ឱ្យ​កាន់តែ​ល្អ ដើម្បី​បត់បែន​ទៅ​តាម​ការ​ប្រែប្រួល​រូបិយ​វត្ថុ​ជាស​កល ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​វាស់​ស្ទង់​ដើម្បី​ជួយ​សម្រួល​ស្ថានភាព​រូបិយ​វត្ថុ​វៀតណាម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​វា​ក៏​បាន​ជួយ​រក្សា​លំនឹង​ទីផ្សារ​ប្តូរ​ប្រាក់ និង​សេដ្ឋកិច្ច​បរទេស ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​វិស័យ​ផលិតកម្ម និង​អាជីវកម្ម​បាន​ទៀត​ផង​។

ធនាគារជាតិ​នឹង​បន្ត​អនុវត្ត​នូវ​វិធានការ​រូបិយ​វត្ថុ​យ៉ាង​ទូលំទូលាយ ហើយ​ក៏​មាន​ឆន្ទៈ​យ៉ាង​មុះ​មុត​ក្នុង​ការ​លក់​រូបិយ​វត្ថុ​បរទេស​ដើម្បី​អភិវឌ្ឍន៍​អត្រា​ប្តូរ​ប្រាក់​ដ៏​សម​ស្រប​មួយ និង​រក្សា​លំនឹង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ឲ្យ​មាន​លំនឹង​ផង​ដែរ ៕​