អ្នកភូមិព្រៃឪម៉ាល់ នៅតែមិនទាន់ មានទឹកស្អាត ប្រើប្រាស់ដដែល

ពោធិ៍សាត់៖ អ្នកភូមិព្រៃឳម៉ាល់ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ជាច្រើនរយគ្រួសារ រហូតមកដល់ ឆ្នាំ២០១៦នេះហើយ នៅតែមិនទាន់មានបណ្តាញ ទឹកស្អាតប្រើប្រាស់នោះឡើយ។

តាមការរាប់រៀបរាប់ពី សំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិមួយនេះ បានឱ្យដឹងថា សព្វថ្ងៃអ្នកភូមិភាគច្រើន បានប្រើប្រាស់ទឹកស្រះ ក្នុងរដូវវស្សា ចំណែករដូវប្រាំងវិញ គឺអ្នកភូមិជួបការលំបាក ដោយសារទឹកស្រះ របស់ពួកគាត់ រីងស្ងួតរឺក៍ល្អក់ពេលបូមដាក់ពាងម្តងៗ ទាល់តែយក សាច់ជូរទៅកូរ ទើបទឹកមានសភាពថ្លា អាចប្រើប្រាស់បាន គ្រាន់មុជសំអាតខ្លួនប្រាណ។

បើតាមអ្នកភូមិក៍បានឱ្យដឹងដែរថា កន្លងមកពួកគាត់ធ្លាប់ឃើញ មន្ត្រីខាងទឹកស្អាតគេចុះ មកសិក្សាតំបន់នេះ ជាច្រើនលើកច្រើនសារមកដែរ តែរហូតមកទល់នឹងពេលនេះហើយ នៅតែមិនទាន់មានបណ្តាញទឹកស្អាត សម្រាប់ឱ្យគ្រួសារពួកគាត់ប្រើដដែល។

ពាក់និងបញ្ហានេះ អ្នកភូមិក៍សំនូមពរ មកលោកប្រធាន អង្គភាពរដ្ឋា្កករទឹក ខេត្តពោធិ៍សាត់ថា គួរតែមានបណ្តាញទឹកស្អាតចូល ដល់ភូមិព្រៃឪម៉ាល់នេះផង ពីព្រោះភូមិមួយនេះក៍ស្ថិតនៅទឹកដីក្រុងដែរ។