២​នាក់​បងប្អូន​ចែកចាយ​គ្រឿងញៀន​ សាច់ញាតិ​ព្យាយាម​ប៉ង​រំដោះ

ខេត្ត​ត្បូងឃ្មុំ ​៖ ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​សកម្មនៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ស្ថិត​នៅ​ភូមិ​ទី​៤ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​គ្នា​ទៅ​ឡោម​ព័ទ្ធ​​​ចាប់បាន​ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​បាន​ធ្វើ​ឡើងកាល​ពីវេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ មក​រា ២០១៦​ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ថង់​សំរាប់​វេច​ខ្ចប់ ដែកកេះ​៨ ឧ​បករ​ណ៍​សេព​គ្រឿងញៀន​។

​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ លោក​វរ​សេនី​យ៍​ទោ សាំ ហេង  បញ្ជាក់​ថា ក្នុង​ពេល​ដែល​ចុះ​បង្ក្រាបគ្រឿងញៀន​នេះ​សមាជិក​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​បាន​រារាំង​តដៃមក​លើ​សមត្ថកិច្ច​ថែម​ទៀត ដោយឈ្មោះ ស្រូ កាន់​កាំបិត​ផ្គាក់ ​និង​កាំបិតប៉័ងតោ នៅ​ក្នុង​ដៃ​​​​មាន​បំណង​កាប់​មកលើ​សមត្ថកិច្ច​ដែល​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប ​ថែម​ទាំង​រំដោះ​ថ្នាំ​ញៀន​ឲ្យ​ទៅ​ស្ត្រី​ម្នាក់​ឈ្មោះ មួន អេ​ង នៅ​ភូមិ​ទី​៤ ឃុំ​ព្រែក​អា​ជី  ស្រុក​ក្រូចឆ្មារ ។

ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តបាន​ឆែកឆេរ​ផ្ទះ​ស្ត្រី​នេះ​ទៀតដើម្បី​រក​ថ្នាំ​ញៀន​ តែ​មិន​បាន​ឆែក​នោះ​ទេ​ដោយ​សារ​តែ​មាន​ក្រុម​សាច់ញាតិ​មក​រារាំង និង​ប្រវាយ​ប្រតប់​ជាមួយ​សមត្ថកិច្ច​ព្យាយាម​ចង់​រំដោះ​ជន​សង្ស័​យ​ទាំង​២​នាក់ តែ​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​២​នាក់​បងប្អូនបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាលស្រុក​ក្រូចឆ្មារ​ដើម្បី​សួរនាំ ព្រមទាំង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចែកចាយ​ថ្នាំ​ញៀន​ និង​សេពគ្រឿងញៀន​ដោយ​ពិតប្រាកដ​មែន  ៕                         
                                                                                                  ​