នារី​ម្នាក់​ចាញ់បោក ជនសង្ស័យ​១​ក្រុម អស់​គ្រឿងអលង្ការ និង​លុយ​

ភ្នំពេញ: នារី​ម្នាក់ ពេល​ចូល​ទិញ​សម្លៀកបំពាក់ នៅក្នុង​ផ្សា​រកា​ណា​ស៊ីត​ធី ចាញ់បោកជនសង្ស័យ​៧​នាក់​ក្នុងនោះ​មាន​ស្រី​២​នាក់ បាន​ប្រើល្បិច​ទម្លាក់យោង​បោក​(ធ្វើ​ជ្រុះ​មាស​) យក​គ្រឿងអលង្ការ ទូរស័ព្ទដៃ និង​លុយ​២០០​ដុល្លារ ហើយ​នាំគ្នាគេចខ្លួនបាត់​។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៦​នេះ​នៅក្នុង​ផ្សា​រកា​ណា​ស៊ីត​ធី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 នារី​រងគ្រោះ​ឈ្មោះ ដួង សុខ​ហេង អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅត្រូវបាន​ជនសង្ស័យ​លួងលោម និង​នាំខ្លួន​យកទៅ​ដោះយក​គ្រឿងអលង្ការនិង​លុយកាក់ នៅ​ដី​ឡូ​ត៏​មួយកន្លែង ស្ថិតនៅ​ភូមិ​ក្រាំង​ដូន​ទៃ​។​

​មុនពេល​កើតហេតុ​នារី​រងគ្រោះ បានមក​ផ្សា​រកា​ណា​ស៊ីត​ធី ចោមចៅ ក្នុង​គោលបំណងរក ទិញ​ខោអាវ ខណៈ​កំពុងតែ ដើររក​មើល​នោះ​ស្រាប់​តែមាន​ជន​សង្ស័យ ៧​នាក់ ដើរ​ក្បែរ​ហើយដោយ​ខ្លួន ដើរ​ពីមុខ និង​ខ្លះ​ដើរ​ពីក្រោយបន្តិចក្រោយមក​ស្រាប់តែ​គេ​ធ្វើជា ធ្លាក់​ថង់​១ ខាងមុខ​នារី​រងគ្រោះ ភ្លាមៗនោះដែរ មាន​បក្ខ​ពួកគេ​ម្នា​ក់បាន​អោន​រើស រួចហើយ​ធ្វើជា​ស្រាយ​មើល ហើយប្រាប់​នារី​រងគ្រោះ​ថា​មាស និង​បាន​ចាប់ដៃ​នារី​រងគ្រោះ​កុំ​ឲ្យ​មាត់​ចាំ​ចែកគ្នាក្រោយមក​​បបួលគ្នា​ទៅក្នុង​ដីឡូត៍​កើតហេតុ​ខាងលើ​ដើម្បី​ចែក​មាស​គ្នា លុះ​ពេលទៅដល់​បក្ខ​ពួកគេ​នៅ​ទីនោះ​ជា ស្រេច ហើយ​បាន​ដោះ​គ្រឿងអលង្ការ​ពី​ខ្លួន​នារីរងគ្រោះ​​អស់ រួច​យកលុយ ចំនួន​២០០​ដុល្លារ ក្នុង​ហោប៉ៅ និង​ទូរស័ព្ទ​មួយគ្រឿងទៀត គេចខ្លួន​បាត់អស់​។​

​ក្រោយមក​ទើប​នារី​រងគ្រោះ ដឹងខ្លួន​ថា​ចាញ់បោក​គេ ក៏​ប្រញាប់​មក​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ស្រាវជ្រាវ​ចាប់ខ្លួន ក្រុម​
ជន​ទាំងនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

នារី​ម្នាក់​ចាញ់បោក ជនសង្ស័យ​១​ក្រុម អស់​គ្រឿងអលង្ការ និង​លុយ​