សភា​មី​យ៉ាន់​ម៉ា​នឹង​បើកប្រជុំ​នីតិកាល​ថ្មី​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​

​សភា​មី​យ៉ាន់​ម៉ា​ដែល​ទើប​ជាប់ឆ្នោត​នឹង​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ខាងមុខនេះ​។ សភា​ថ្មី​នេះ​នឹង​គ្របដណ្ដប់​ដោយ​សមាជិក​មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ ។​

​សមាជិកសភា​ថ្មី​មី​យ៉ាន់​ម៉ា​នឹងចូលរួម​បើក​សម័យប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ប្រធានសភា​ចប់​អាណត្តិ​លោក ស្វេ ម៉ាន់ (Shwe Mann) នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​៦ ខែមករា ។ ការបើក​នីតិកាល​ថ្មី​នេះ​គឺ​លឿន​ជាង​ការរំពឹងទុក ពីព្រោះ​វា​មាន​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​សភាចា​ស់បិទ​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែមករា​នេះ ។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សភា​ថ្មី នឹង​គ្របដណ្ដប់​ដោយ​សមាជិក​ទើប​ជាប់ឆ្នោត​របស់​គណបក្ស​លោកស្រី ស៊ូ​ជី ដែល​ទទួល​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី​លើ​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី ថេ​ន សេន ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ហើយ​ការ​ឈ្នះឆ្នោត​នេះ បង្ហាញ​ពី​ជំហាន​វិជ្ជមាន​ថ្មី​មួយទៀត​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេសមួយ​នេះ ។​

​បើ​យោងតាម​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី ទទួលបាន​កៅអី​ចំនួន ២៥៥ ក្នុងចំណោម​កៅអី​សរុប ៣៣០​ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង ខណៈ​បក្ស​សហភាព​រួបរួម​និង​អភិវឌ្ឍន៍ (USDP) របស់លោក ថេ​ន សេន ទទួល​បានតែ​៣០​កៅអី​ប៉ុណ្ណោះ ។ ហើយ​នៅសល់​ពីនេះ​គឺ​បាន​ទៅ​គណបក្ស​តូចៗ​ផ្សេងទៀត​។ 

​តាមពិតទៅ​សភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា មាន​កៅអី​សរុប​ចំនួន​៤៤០ តែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ បានចែង​ប្រគល់​កៅអី​ចំនួន​២៥​ភាគរយ (១១០​កៅអី​) ជា​ស្វ័យប្រវត្តិ​ដល់​ក្រុម​យោធា ។ ដូច្នេះ​មានតែ​កៅអី​ចំនួន​៣៣០ ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​យក ហើយ​គណបក្ស NLD ទទួលបាន​កៅអី​ភាគច្រើន​ទៅហើយ ។

​តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ ការទទួល​កៅអី​២៥ ភាគរយ​ដោយ​ស្វ័យប្រវត្តិ ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សភា ។ ជាពិសេស​ពួកគេ​មាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ​ប្រឆាំងនឹង​ប៉ុនប៉ង​របស់​គណបក្ស NLD ធ្វើ​វិសោធនកម្ម​មាត្រា​ដែល​ហាមឃាត់​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី ។ តែ​លោកស្រី​បានបញ្ជាក់​ហើយ​ថា លោកស្រី​នឹងមាន​តំណែង​លើ​ប្រធានាធិបតី​ទៅទៀត​បើ​រដ្ឋធម្មនុញ្ញ​ហាម​លោកស្រី​ឲ្យ​កាន់តំណែង​នេះ ៕

 

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​