​អា​ជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រៀប​ចំ​ពិធី​​អប​អរ​សាទរ​​ថ្ងៃជ័យ​​ជម្នះ​៧​ មក​រា​ ​​១៩៧៩ ​- ៧ មករា ២០១៦

ខេត្តពោធិ៍សាត់​ ៖​ មន្ត្រីរាជការ ព្រះសង្ឃ ដូនជី​ តាជី លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប​ជិត​៥០០០​នាក់​ មក​ពី​ក្រុង​ពោធិ៍សាត់​ និង​ស្រុក​កណ្ដៀង បាន​ចូលរួម​អបអរសាទរ​ខួប​​ទី​៣៧ ​ថ្ងៃជ័យ​ជម្នះ៧ ​មក​រា ​១៩៧៩ - ៧​ មក​រា​ ២០១៦​ ដែល​ប្រារ​ព្វ​ធ្វើ​នៅ​បុរី​វប្ប​ធម៌​កោះ​សំពៅ​មាស​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​ ស៊ុ​យ សែ​ម ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តពោធិ៍សាត់​ លោក​ ខូ​យ សុខា​ប្រធាន​គណបក្ស​ខេត្ត លោក ​ម៉ៅ ធនិន​ អនុប្រធាន​គណបក្ស​ខេត្ត ព្រមទាំង​សមាជិក​ សមាជិកា​ គណបក្ស​ជា​ច្រើន​រូប​​ទៀត ​។

​លោក​រដ្ឋមន្ត្រី ​ស៊ុ​យ សែ​ម ​បាន​អាន​សុន្ទរកថា ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​រំឭក​គុណ​ថ្ងៃ​៧​មក​រា ជា​ថ្ងៃជ័យ​​ជំន្នះ លើ​របប​ផ្ដាច់​ការ​នៃ​ពួក​ប៉ុ​ល​ពត​ ។​ ថ្ងៃ​៧​មក​រា ជា​ថ្ងៃកំណើត​ទី​២​ របស់​ប្រជាជន​កម្ពុជា​​​ទូ​ទាំង​ប្រទេស​ និង​ជា​ថ្ងៃ​ចាប់ផ្ដើម​កើតឡើង​វិញ​នូវ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ គ្រប់​វិស័យ​រាប់​ទាំង​វិស័យ​សាសនា​ផង​ដែរ ។ ​បច្ចុប្បន្ន​ អ្នក​ណា​ដែល​​ប្រឆាំង​នឹង​ថ្ងៃ​៧​មក​រា ​អ្នក​នោះ​គឺ​ប៉ុ​ល​ពត ​។ ​ក្នុង​រយៈពេល​​៣​ឆ្នាំ​​ ៨​ខែ​ និង​២០​ថ្ងៃ​ រស់​ក្នុង​របប​ដ៏​ខ្មៅ​ងងឹង និង​យង់​ឃ្នងនេះ ​ពួក​អាវ​ខ្មៅ​បង្ខំ​ឲ្យ​ប្រជា​ជន​​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ បង្អត់អាហារ ធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​​មក​លើ​​ប្រជាជន​ស្លូតត្រង់ និស្សិត បញ្ញា​វ័​ន្ត អ្នកចំរៀង សូ​ម្បី​ព្រះសង្ឃ​ និង​កុមារ​តូច​ៗ ​ក៍​ពួក​វា​មិន​លើកលែង​ដែរ​ សរុប​ប្រមាណ​ជាង​​៣​លាន​នាក់​ ​នេះ​បាន​ចំ​ជា​ទមិឡ​ឥត​សាសនា​​​ ។​

​ដោយ​សារ​តែ​​​ថ្ងៃ​៧​ មក​រា ​១៩៧៩​ នេះ​ហើយ​ ទើប​​​ប្រជាជន​​បាន​រស់រាន​មានជីវិត​ឡើង​វិញ ​ហើយ​អ្វី​ៗ​ក៍បាន​កើតឡើង​ពី​ពេល​នោះ​មក​ដែរ​ ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​កសាង​ពី​បាតដៃ​ទទេ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាមរ៉ាំរ៉ៃ​ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៣៧​ឆ្នាំ​​ ​និង​​បាន​ធ្វើ​ឲ្យ​​ប្រទេស​ជាតិ​មាន​ការ​​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ។​ យើង​ទាំងអស់​គ្នា​ត្រូវ​ប្រឆាំង​ដាច់ខាត​នូវ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​បន​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត និង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​​ជម្នះ​ជា​រៀង​រហូត​នូវ​រាល់​ការ​បោះ​ឆ្នោត​ បើ​មិន​ដូច​ច្នេះ​ទេ​ ប្រាកដជា​មានការ​ប្រែប្រួល​ជា​មិន​ខាន ​។ ​បើ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នកដឹកនាំ​នោះ ​ប្រទេស​ជាតិ​នឹង​មាន​សុខ​សន្តិភាព មានការ​អភិ​វ​ឌ្ព្យ​​រីក​ចម្រើន ហើយ​ប្រជា​ជនក៍​រស់នៅ​ដោយ​សុខដុម​រម្យ​នា​ផង​ដែរ ​។

​ក្នុង​ឱ​កាស​​នេះ​​ដែរ ក៍​មានការ​សម្ដែង​រឿង​ខ្លី​ ស្ដី​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ពួក​ប៉ុ​ល​ពត ​មក​លើ​ជាតិ​សាសន៍​ឯង​ ដោយ​ក្រុម​សិ​ល្បៈ​របស់​មន្ទីរ​វប្ប​ធម៌ ​និង​វិចិត្រ​សិ​ល្បៈ​ខេត្ត ការសូត្រ​កំណាព្យ ​បន្ទាប់​មក​គណៈអធិបតី ​បាន​ធ្វើ​ពិធី​លែង​សត្វ​ព្រាប​ និង​បង្ហោះ​ប៉េងប៉ោង​ផង​ដែរ ​៕