ស្ថាប​នា​ផ្លូវ​មិន​ទាន់​ហើយ​ផង​ ចៅ​ហ្វាយ​ស្រុក​ប្រគល់លុយ​ឱ្យ​អ្នក​ម៉ៅ​ការ​អស់​ ផ្ទុះ​ការ​តវ៉ា​

ខេត្ត​​ព្រៃវែង ​៖  សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ជ្រៃ និង​ក្រុមប្រឹក្សា​ស្រុក​​ពោធិ៍​រៀង ស្ទើរតែ​ទាំងអស់​បាន​​នាំ​គ្នា​ជំទាស់​​តវ៉ា​លើ​សកម្ម​ភាព​​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១.៦៤៧​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ​​លើ ដែល​មក​ទល់​​ពេល​នេះ​ ត្រូវ​ក្រុមហ៊ុន​ម៉ៅ​ការ​ជួសជុល ទើបតែ​ធ្វើ​​បាន​ប្រមាណ​ជា​៥៥%​ប៉ុណ្ណោះ ហើយ​ក៏​បាន​​ផ្អាក​លែង​​ធ្វើវិញ​ ប៉ុន្តែ​លោក​អភិបាលស្រុក​ បែរជា​ដក​លុយ​គម្រោង​ទាំង​អស់​ប្រគល់​ឱ្យ​​​​ក្រុមហ៊ុន​អស់​ទៅ​​ហើយ​ ។

មន្ត្រី​ប្រឹក្សា​ឃុំ ​និង​ស្រុក​​ជា​ច្រើន​នាក់​បាន​ប្រាប់​​​ក្រុម​អ្នក​សារ​ព័​ត៌​មាន​​ថា គម្រោង​ជួសជុល​ផ្លូវលំ​១​ខ្សែ​នេះ ត្រូវ​​ក្រុមហ៊ុន​​លោក​យស ស៊ី​ណាត អភិបាលរង​ស្រុក​​ពារាំង ​ជា​អ្នក​ទទួល​ស្ថាបនា​ក្នុង​ទឹកប្រាក់​ជាង​៧៥​លាន​រៀល ហើយ​ស​ប្តា​ហ៍​កន្លង​មកនេះ គណៈ​កម្ម​ការ​​លទ្ធកម្ម​ស្រុក​ពោធិ៍​​រៀង បាន​ចុះ​ពិនិត្យ​ឃើញ​​ថា ផ្លូវ​នេះ​ធ្វើ​​ទើបតែ​​បាន​៥៥%​ប៉ុណ្ណោះ ហើយ​ក៏​បាន​ផ្អាក​សកម្មភាព​ទៅ​ហើយ​ ។

មន្ត្រី​ដដែល​នេះ​​បញ្ជាក់​ថា បើ​តាម​ផ្លូវច្បាប់​ពេល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​បាន​៥០% គឺ​មាន​សិទ្ធិ​សុំ​ដក​លុយ​បាន​ត្រឹមតែ​៥០%​ប៉ុណ្ណោះ នៅ​ពេល​បញ្ចប់​ការងារ​​១០០% ទើប​អាច​សុំ​បើក​លុយ​ទាំងអស់​​បាន ប៉ុន្តែ​ក្នុង​ករណី​ជួសជុល​ផ្លូវ​លំនៅ​ភូមិ​ព្រែក​ជ្រៃ​លើ​នេះ ក្រុម​ហ៊ុន​ទើបតែ​ធ្វើ​បាន​៥៥% ហើយ​ធ្វើ​ខុស​ពី​គំរោង​ដែល​បាន​កំណត់​ទៅ​ទៀត បែរជា​លោក​អភិបាលស្រុក​ដែល​ជា​ម្ចាស់​គម្រោង ដក​លុយ​ប្រគល់​ទៅ​​ឱ្យ​​ក្រុមហ៊ុន​អស់​១០០%​ទៅ​ហើយ​ ។

អ្វី​ដែល​គួរ​ឱ្យ​​កត់សម្គាល់​​នោះ គឺ​មន្ត្រី​លទ្ធកម្ម​ឃុំ​​និង​ស្រុក ដែល​បាន​​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​ដែល​ទើប​ធ្វើ​បាន​៥៥%​នេះ​បាន​​បញ្ជាក់​ថា ផ្លូវ​នេះ​ ធ្វើ​បណ្តើ​ប្រេះ​បែក​បណ្តើរ ដោយសារ​តែ​មិន​មាន​គ្រឿងចក្រ​គ្រប់គ្រាន់ ហើយ​ក៏​មិន​បាន​កិន​បង្ហាប់ដី​​ឱ្យ​​ហាប់​ណែន តាម​ស្តង់ដា​បច្ចេកទេស​នោះ​ដែរ ដូច្នេះ​ហើយ​ទើប​គេ​រំពឹង​ថា វា​នឹង​មិន​អាច​ជាប់​ធន់​បាន​យូរ​នោះ​ទេ បើ​មាន​ភ្លៀង​ធ្លាក់​មក​តែ​២-៣​មេនោះ វា​នឹង​ខូច​ទៅ​វិញ​អស់ហើយ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ​ ត្រូវ​បាន​លោកម៉ៅ គឹ​ម​ឡុ​ង អភិបាលស្រុក​ពោធិ៍​រៀង​អះអាង​ថា គណៈកម្មការ​លទ្ធកម្ម​ ពិតជា​បាន​ចុះ​ទៅ​​ពិនិត្យ និង​វាយតម្លៃ​ឃើញ​ថា ​ផ្លូវ​នេះ​ទើបតែ​ស្ថាបនា​បាន​៥៥%​​ពិតមែន ប៉ុន្តែ​រឿង​ដក​លុយ​ឱ្យ​ទៅ​ក្រុមហ៊ុន​អស់​នោះ លោក​មិន​បានដឹង​ទេ​ ។