Marco Verratti បន្ត​កុងត្រា​ថ្មី​ជា​រយៈ​៤​ឆ្នាំទៀត​ជាមួយ PSG

កីឡា​៖​ភ្នាក់ងារ​របស់ Marco Verratti បាន​អះអាងថា កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Paris Saint-Germain រហូតដល់​ឆ្នាំ​២០២០​។

​    ​ភ្នាក់ងារ របស់ Marco Verratti លោក Donato Di Campli ក៏បាន​បញ្ជាក់​កាលពី​ខែ​មុន​ផងដែរ​ថា ក្លិប Paris Saint-Germain បាន​បើក​កិច្ចពិភាក្សា​ជាមួយនឹង​ខ្សែបម្រើ Verratti លើ​ការបន្ត​កិច្ចសន្យា​ថ្មី ប៉ុន្តែ​ត្រូវបាន​កីឡាករ Verratti បដិសេធ​ដោយ​តម្រូវ​ឲ្យ​ពន្យារពេល ដើម្បី​ធ្វើការ​សម្រេចចិត្ត​។

​    ​លោក Donato Di Campli ប្រាប់​គេហទំព័រ Corriere dello Sport ថា កីឡាករ Verratti បាន​ព្រមព្រៀង​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Paris Saint-Germain រួចរាល់​អស់ហើយ ដោយ​គ្រាន់តែ​មិនទាន់បាន​ចុះហត្ថលេខា​ប៉ុណ្ណោះ ហើយ​កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ Verratti បន្ត​នៅ​ជាមួយ​ក្លិប​ជើងឯក Ligue 1 របស់​បារាំង​កាលពី​រដូវ​កាល​មុន​យ៉ាងហោចណាស់​ក៏​រហូតដល់​ឆ្នាំ​២០២០​ដែរ​។

​    ​លោក Donato Di Campli បញ្ជាក់ថា នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​កីឡាករ Verratti ព្រមព្រៀង​ចុះកិច្ចសន្យា​ចាប់តាំងពី​មក​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain ហើយ​ការចុះកិច្ចសន្យា​ថ្មី​នេះ​ក៏​នឹង​អាចធ្វើ​ឲ្យ Verratti កាន់​ពានរង្វាន់​បន្ថែមទៀត​ក្នុង​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង ខណៈពេលដែល​ក្លិប Paris Saint-Germain កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ដោយមាន​ពិន្ទុ​ឈ្នះ​ដាច់​ក្លិប​លេខ​ពីរ Monaco ចំនួន​១៩​ពិន្ទុ​៕

Marco Verratti បន្ត​កុងត្រា​ថ្មី​ជា​រយៈ​៤​ឆ្នាំទៀត​ជាមួយ PSG