សមត្ថកិច្ច​ចាប់​ម៉ូតូ​អត់​ពន្ធ និង​អត់​ស្លាក​លេខ​បាន​១០៥​គ្រឿង តម្រូវអោយ​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ​ត្រឹមត្រូវ​ទើប ប្រគល់​ម៉ូតូ​ឲ្យ​វិញ​

​ ​ខេត្តកំពង់ឆ្នាំង​៖​ ​លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍ ផ្លូវគោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា នេះ​ថា​៖ រយៈពេល​១​សប្តាហ៍​ក្នុង​ខែមករា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី ដោយបាន​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​និង​គ្មាន​ស្លាក​លេខ​ចំនួន​១០៥​គ្រឿង​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​សហ​ការអោយ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ចុះមក​ត្រួតពិនិត្យ​បច្ចេកទេស និង​ធ្វើឯកសារ​អោយ​ម្ចាស់​ម៉ូតូ​បង់ពន្ធ​ជូន​រដ្ឋ ទើប​យក​ម៉ូតូ​ទៅធ្វើ​ស្លាក​លេខ​ប្រើប្រាស់​បាន​។​ ​ ​

លោក ឈឹម សារុន បាន​អោយដឹងទៀតថា​៖ នៅក្នុង​ចំណោម​ម៉ូតូ​ទាំងនោះ មាន​ម៉ូតូ​មួយចំនួន​មាន​ពន្ធ​ត្រឹមត្រូវ តែ​មិនទាន់​ធ្វើ​ស្លាក​លេខ គឺ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​តម្រូវអោយ​ម្ចាស់​ម៉ូតូ ធ្វើ​កិច្ច​សន្យាថា​នឹង​យក​ម៉ូតូ​ទៅធ្វើ​ស្លាក​លេខ​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត ទើប​ប្រគល់​ម៉ូតូ​អោយ​វិញ ហើយ​ករណីនេះ​សមត្ថកិច្ច​បានប្រគល់​ម៉ូតូ​ជាង​៣០​គ្រឿង​ទៅអោយ​ម្ចាស់​គេ​វិញ​ហើយ បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា​ដូចខាងលើ​។

ដោយឡែក​ម៉ូតូ​គ្មាន​ពន្ធ​វិញ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​សុំ​ការសហការ​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្ត ដើម្បីអោយ​មន្ត្រី​ជំនាញ​ក្នុង​សាខាគយ​មកជួយ​សំរួល​ឯកសារ និង​ផ្នែក​បច្ចេកទេស​ផ្សេងៗ​ដល់​ម្ចាស់​ម៉ូតូ​ដើម្បី​បាន​បង់ពន្ធ​ម៉ូតូ​តាមផ្លូវ​ច្បាប់​។​

​ដោយឡែក​ក្រុមមន្ត្រី​គយ​ដែល​បាន​ចុះមក​ពិនិត្យ និង​ជួយ​សម្រួល​ការងារ​ដល់​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ការចុះ​មកដល់​ទីតាំង​ចាប់​ឃាត់ទុក​ម៉ូតូ​អត់​ពន្ធ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ប្រជាពលរដ្ឋ​ធ្វើឯកសារ​បង់ពន្ធ​អោយបាន​ត្រឹមត្រូវ ចំណែក​បច្ចេកទេស​ពិនិត្យ​លេខ​តួ លេខ​ម៉ាស៊ីន​ម៉ូតូ​ក៍​ត្រូវតែ​កាល់​គែរ​អោយ​ត្រឹមត្រូវ​ផងដែរ ទើប​ធ្វើឯកសារ​បង់ពន្ធ​អោយ​តាម​កំណត់​ច្បាប់​។ សាខាគយ និង​រដ្ឋាករ​ខេត្តកំពង់ឆ្នាំង ក៍​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការទិញ​ម៉ូតូ ឬ​រថយន្ត​គ្មាន​ពន្ធ​ត្រឹមត្រូវ​មកប្រើប្រាស់​ទៀត ព្រោះ​នាំអោយមាន​ផល​លំបាក​ជាមួយ​ផ្លូវច្បាប់​។​ ​ ​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សំណូមពរ​ផងដែរ​ដល់​អភិបាលខេត្ត និង​សាខាគយ​ខេត្ត អោយជួយ ត្រួតពិនិត្យ​ទៅលើ​ទីតាំង​ហាង​លក់​ម៉ូតូ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំងអស់ ព្រោះ​ហាង​មួយចំនួន​កំពុង​ដាក់លក់ នូវ​ប្រភេទ​ម៉ូតូ​គ្មាន​ពន្ធ ហើយ​ប្រជាពលរដ្ឋ​ខ្សត់ខ្សោយ​វិញ កាលណា​ម៉ូតូ​មានតម្លៃ​ថោក គឺ​ពួកគាត់​ទិញ​ជិះ​ហើយ ព្រោះ​ឃើញ​គេ​ជិះ​បាន​ដូចគ្នា​បូក​ទាំង​នគរបាល យោធា និង​ប៉េអឹម​ផងដែរ​។ ពួកគាត់​និយាយទៀតថា​៖ បើ​គយ​មិន​ធូររលុង ឬ​ពុករលួយ​អោយ​ម៉ូតូ​ចូលមក​អត់​ពន្ធ ក៏​គ្មាន​អ្នកលក់​ម៉ូតូ​អត់​ពន្ធ​ដែរ​នៅ​ទីផ្សារ ហើយ​ប្រជា ពន្ធ​ក៏​មិនអាច​ទិញ​ម៉ូតូ​អត់​ពន្ធ​មក​ជិះ​បានដែរ​។​

រឿងនេះ​គួរតែ​ចាប់​ម៉ូតូ​ដែល​លក់​តាម​ឃ្លាំង​មក​បង់ពន្ធ​អោយអស់ ទើប​គ្មាន​ផល​លំបាក​ដល់ អ្នកទិញ យកមកប្រើ​ប្រាស់ និង​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​។ ដោយឡែក​ម៉ូតូ​សេរី​ចាស់ៗ​ក៏​គួរតែ​អនុគ្រោះ បន្ធូ​បន្ថយ តម្លៃ​បង់ពន្ធ​ផងដែរ កុំអោយ​ដូច​សុភាសិត​និយាយថា ច្របាច់ក​អ្នកមាន លាត​អណ្តាត​អ្នក ចង់​មិន ចង់​ប្រ​យ​ត្ន័​អត់​អ្នក​ទៅ​បោះឆ្នោតអោយ​៕ រិ​ទ្ធិ ជ័យ​

KA-07-01-2016-09 KA-07-01-2016-10 KA-07-01-2016-11 KA-07-01-2016-12 ​ ​ ​