ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ព្រមទាំង​ឆែក​ឃើញ​សោរ​កាច់ករ​ម៉ូតូ

​ ​ខេ​ត​ព្រះសីហនុ​៖ បុរស​ចំណាស់​ម្នាក់​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០៤​សហការ​ណ៏​ជាមួយ​កំលាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​កម្លាំង​ប្រជា​ការពារ​ភូមិ​០៤ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២០ និង​០០​នាទី​យប់​ថ្ងៃទី​០៦​មករា នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​១ (​ភូមិ​ដូង​) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​ ​

​លោក​វរសេនីយ៍ត្រី អ៊ុក សុ​ផា​ណា​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានអោយដឹងថា ខណៈពេល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចុះ​ធ្វើការ​ល្បាត តាម​គោលដៅ​សំខាន់​បាន​ជួបប្រទះ​ក្រុម​ប្រើប្រាស់​មួយក្រុម​មាន​គ្នា​ចំនួន​២​នាក់​។ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប ប៉ុន្តែ​ដោយ​ស្ថានភាព​ងងឹត និង​ភូមិសាស្ត្រ​ស្មុកស្មាញ ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់​បាន​រត់​ចូល​ព្រៃ គេចខ្លួនបាត់​ជាក់ស្តែង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ រួមជាមួយ​វត្ថុ​ប្រើប្រាស់​ថ្នាំញៀន និង​ដែក​បុក​សោរ​ម៉ូតូ​ចំនួន​០១ នៅជាប់​ខ្លួន​ជនសង្ស័យ​។

​លោក​បន្តថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ ងូវ ភា ហៅ តោ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​កំលាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ

KA-07-01-2016-13 KA-07-01-2016-15 KA-07-01-2016-14 KA-07-01-2016-16​ ​