ISIS បោះ​យុវជន​ជំទង់​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់ ពី​លើ​ដំបូល​ផ្ទះ

ក្រុមរដ្ឋអ៊ីស្លាម បានប្រហារជីវិតយុវជនជំទង់ អាយុ១៥ឆ្នាំម្នាក់ ដោយចាប់បោះពីលើដំបូលផ្ទះ ក្នុងក្រុង ឌើអៀ (Deir នៃ​ប្រទេស​ស៊ីរី) បន្ទាប់​ពីយុវជននោះ ត្រូវបានចោទថា បានស្រឡាញ់ភេទដូចគ្នា និងបន្ទាប់ពី​យុវជន​​ត្រូវបាន​រំលោភ ជា​ច្រើន​ដង ដោយ​មេដឹកនាំ​ក្រុម​រដ្ឋអ៊ីស្លាម ថ្នាក់តំបន់ម្នាក់រួច។
ISIS បោះ​យុវជន​ជំទង់​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់ ពី​លើ​ដំបូល​ផ្ទះ
មេដឹកនាំតំបន់ ឈ្មោះ «Abu Zaid al-Jazrawi» និងយុវជនជំទង់ ដែលត្រូវបានបោះទម្លាក់ពីលើដំបូលផ្ទះ។ (រូបថត ឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម)

បន្ទាប់ត្រូវបានចាប់រំលោភ ដោយមេដឹកនាំតំបន់ម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) រួច យុវជនជំទង់អាយុ១៥ឆ្នាំម្នាក់នេះ ត្រូវបានសមាជិក ​របស់​ក្រុម​រដ្ឋអ៊ីស្លាមផ្សេងទៀត ចាប់បោះទម្លាក់ ពីលើដំបូលផ្ទះ ក្នុងក្រុងតូចមួយឈ្មោះ ឌើអៀ នៃប្រទេសស៊ីរី នៅ​ចំពោះ​មនុស្សរាប់សិបនាក់ ដែលចូលរួមក្នុងការប្រហារជីវិត។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារ​ព័ត៌មាន របស់ប្រទេសស៊ីរី ដែលបានផ្សាយ កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកការអះអាង របស់សាក្សីជាច្រើននាក់ មកធ្វើសេចក្ដីរាយការណ៍ថា យុវជន​ជំទង់​រងគ្រោះ ដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានកងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ចាប់ខ្លួននៅក្នុងផ្ទះ របស់​មេ​ដឹកនាំ​តំបន់ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានចាប់រំលោភយុវជននោះ ជាច្រើនដង។ មេដឹកនាំតំបន់នោះ មាន​ឈ្មោះ​ថា «Abu Zaid al-Jazrawi»។

អន្តរាគមន៍...

ចំណែកឯ «Abu Zaid al-Jazrawi»វិញ ក៏ត្រូវបានផ្ដន្ទាទោស ជាលើកដំបូង ដោយការប្រហារជីវិតដែរ។ ប៉ុន្តែ​នៅទីបំផុត ដោយមានអន្តរាគមន៍ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមរដ្ឋអ៊ីស្លាម ទើបមេដឹកនាំតំបន់រូបនេះ  ត្រូវ​បាន​បន្ធូរបន្ថយទោស ដោយគ្រាន់តែបណ្ដេញចេញ ពីក្រុងនោះ តែត្រូវបញ្ជូន ឆ្ពោះទៅកាន់សមរភូមិក្ដៅ នៅ​តំបន់​ផ្សេង​ទៀត ក្នុងប្រទេសអៀរ៉ាក់។

មិនមែនជាលើកទីមួយទេ!

កាលពីខែតុលាកន្លងទៅ បុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ ថាមានទំនាក់ទំនងស្រឡាញ់គ្នានោះ ក៏​ត្រូវ​បានកងកម្លាំង របស់ក្រុមរដ្ឋអ៊ីស្លាម ចាប់បោះទម្លាក់ពីលើដំបូលអាគារដ៏ខ្ពស់មួយ។ បើនិយាយនៅក្នុង​ឆ្នាំ​២០១៥​ទាំងមូល ជនរងគ្រោះ​ប្រមាណជា ១២នាក់ បានត្រូវប្រហារជីវិត ក្នុងលក្ខណៈ​​ប្រហាក់ប្រហែល​គ្នា​នេះ នៅក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់៕