ទូត​អាមេរិក ចូលរួមសោកស្តាយ ចំពោះ​ជនរងគ្រោះ​ ដែល​ស្លាប់​ក្នុងសម័យខ្មែរក្រហម​

ភ្នំពេញ: ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានថ្លែង​តាមរយៈ​ហ្វេ​ស​បុក​ផ្ទាល់​របស់ខ្លួន នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ក្នុងឱកាស​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​ ៣៧​ឆ្នាំ នៃ​ការរំដោះ​ប្រទេស​​រួចផុត​ពី​វាលពិឃាត​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ថា ជ័យ​ជំ​នះ ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ព្រឹត្តិ​ការណ៍ ដែល​កម្ពុជា​បាន​រូ​ច​ផុតពី​វាលពិឃាត​ដ៏​ឃោ​រ​ឃៅ​របស់​សម័យ ប៉ុល ពត ហើយ​មិនតែប៉ុណ្ណោះ ក្នុងនាម​ប្រទេស​ជា​មិត្ត ជាមួយ​កម្ពុជា អាមេរិក​​សូម​សម្តែងការសោកស្តាយ ចំពោះ​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​​ក្នុងសម័យ​នោះ​ រាប់លាន​នាក់​ផងដែរ​។​

​លោក William Heitd ឯកអគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​នៅ​កម្ពុជា ​បានលើកឡើង​ថា​”​ជ័យជំនះ​របស់​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃទី៧ ខែមករា កត់សំគាល់​ការរំដោះ​ទីក្រុង​ភ្នំពេញ ​ពីរ​បប​ខ្មែរក្រហម ដែលជា​របប​មួយ ​ដែល​គេ​មើលឃើញ​ច្បាស់​ថា ស្ថិតក្នុង​ចំណោម​របប​ដ៏​អាក្រក់​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​។ ជ័យជំនះ​លើ​ពួក​ខ្មែរក្រហម ​គឺជា​ជ័យជំនះ​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​”​។​

​តែ​យ៉ាងណាក៏ដោយ ​បើតាម​ហ្វេ​ស​បុក​របស់​ស្ថានទូត​អាមេរិក​ដដែល បានបញ្ជាក់​ទៀត​ថា​ "ថ្ងៃនេះ​ (៧​មករា ) យើង​សូម​សំដែង​ទុក្ខសោក​ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​​ជិត ២ លាន​នាក់ និង​ការ​ខ្ចាត់ព្រាត់​នៅក្នុង​ជីវិត​មនុស្ស​ជាច្រើន​ទៀត​។ ក្នុង​នាម​​ជា​មិត្ត​របស់​ប្រជាជន​កម្ពុជា បំណង​ដ៏​មុតមាំ​របស់​យើង ​គឺ​ចង់ឃើញ​ប្រជាជន​កម្ពុជា​ ក្នុង​គ្រប់​ជំនឿ​ទាំងអស់ បន្ត​ធ្វើការ​ជាមួយគ្នា ដើម្បី​កសាង​អនាគត​មួយ ​ដែល​មាន​វិបុលភាព និង​ប្រជាធិបតេយ្យ​កាន់តែ​ច្រើនឡើង​"។​

​សូម​រំលឹកថា ក្នុង​រយៈពេល​កាន់កាប់​របស់​សម័យ​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ ដែល​ហៅថា សម័យ ​ប៉ុល ពត នោះ បាន​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ ហើយ​មិន​តែ​ប៉ុណ្ណោះ ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​ធ្លាក់​ក្នុង​កំរិត​សូ​ន្រ​ផងដែរ​។

តែ​យ៉ាងណាក៏ដោយ ​ក្រោយពី​មានការ​រំដោះ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​ ដែល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា មាន​សុខសន្តិភាព​ និង​រីក​ចំរើន​ឡើងវិញ ជា​បន្តបន្ទាប់ ​រហូតដល់​បច្ចុប្បន្ននេះ​​៕​