អភិបាល​តាកែវ​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន ធ្លាក់ចុះ នៅក្នុង​ឆ្នាំ​២០១៦

តាកែវ: ខណៈពេលដែល​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន បាន​កើនឡើង​ខ្ពស់ គួរអោយកត់សម្គាល់ នៅក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ អាជ្ញាធរ​ខេត្តតាកែវ បានធ្វើការ​ប្ដេជ្ញាចិត្ត និង​ប្រឹងប្រែង​រួម​កំលាំង​គ្នា ឲ្យ​អស់​លទ្ធភាព ដើម្បី​ធ្វើយ៉ាងណា ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​ករណី​យ​គ្រឿងញៀន នៅក្នុង​ខេត្តតាកែវ មានការ​ធ្លាក់ចុះ​ជា​អតិបរិមា​។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៦ ខែមករា ឆ្នាំ​២០១៦ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​សំដែង​នូវ​ក្ដីកង្វល់​របស់ខ្លួន ចំពោះ​កំណើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្តតាកែវ ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​អស់​រាប់រយ​នាក់ នៅក្នុង​ឆ្នាំ​២០១៥ កន្លងមក រីឯ​ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន នៅក្នុង​ខេត្តតាកែវ ក៏មាន​កំណើន កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។

​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ កុំអោយ​កើន​ខ្លាំង​បន្តទៅទៀត លោក​អភិបាល​ខេត្តតាកែវ បាន​សន្យាថា នឹងមាន​វិធានការ​ជាក់ស្ដែង​មួយចំនួន នៅក្នុង​ឆ្នាំ​២០១៦​នេះ ហើយក៏​នឹងមាន​ការជួបប្រជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​គ្រប់គ្រង​ចរាចរណ៍​ខេត្ត អោយបាន​ទៀងទាត់ ដើម្បី​ស្ដាប់​របាយការណ៍ និង​ពិភាក្សា​ស្វែងរក​វិធី​ទប់ស្កាត់​បញ្ហា​អស់ទាំង​នេះ កុំអោយ​បន្ត​កើនឡើង​តទៅទៀត​។

​លោក​អភិបាល ខេត្តតាកែវ ឡាយ វណ្ណៈ បាន​បញ្ជាក់ថា ដើម្បី​ធ្វើ​កិច្ចការ​នេះ ឲ្យ​បានទទួល​លទ្ធផល​ល្អ អាជ្ញាធ​ខេត្តតាកែវ នឹង​ត្រៀម​កញ្ចប់​ថវិកា​មួយ ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​សមត្ថកិច្ច​យើង ដែលមាន​ស្នាដៃ​ល្អ ហើយ​រាល់​ការបង្ក្រាប ដែល​ទទួលបាន​លទ្ធផល ខេត្ត​ក៏​នឹង​ផ្ដល់​រង្វាន់​លើក​ទឹក​ចឹ​ត្ត​ដល់​សមត្ថកិច្ច​ផងដែរ​៕

អភិបាល​តាកែវ​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន ធ្លាក់ចុះ នៅក្នុង​ឆ្នាំ​២០១៦

អភិបាល​តាកែវ​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន ធ្លាក់ចុះ នៅក្នុង​ឆ្នាំ​២០១៦