«អ្នក​នៅរស់​»​ គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក

អាមេរិក៖ ហាង The Rise Collective បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥​ ដោយយុវតី​ Mei Elizabeth Tan ជនជាតិ​ខ្មែរ​ នៅអាមេរិក។​​ សព្វ​ថ្ងៃ Mei ​រ​ស់​នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។​​ ដំបូង​ឡើយ ​Mei បង្កើត​ហាង​គ្រឿង​អលង្ការ​ Online ឈ្មោះ​ Mei Elizabeth​ មានលក់​ខ្សែក​ ចិញ្ចៀន​ធ្វើពីមាស​ និងប្រាក់ដែល​ Mei ចេញ​ម៉ូត ​និង​ឆ្លាក់​ដោយ​ផ្ទាល់​ដៃតែម្តង។

ក្នុងចំណោមនោះ មានកងដៃមួយប្រភេទមានឈ្មោះថា «អ្នកនៅរស់» ជា​ការរចនា​ម៉ូត​ចុង​ក្រោយ​គេបង្អស់ ​របស់​ Mei ដែលមានលក្ខណ:ខុសប្លែក​ ពីការ​រចនាម៉ូតមុនៗ​ ដោយមានជាការឆ្លាក់តួអក្សរ​ខ្មែរ ហើយជាពិសេសទៀតនោះ វត្ថុផលិតគឺជា​គ្រឿង​អាវុធ​ចាស់​ៗ​​តែម្តង។

ម្ចាស់ហាងជាកូនខ្មែររូបនេះ បាន​បង្កើតហាង​ថ្មីសម្រាប់​លក់​កង​ដៃ​ «អ្នកនៅរស់» ដាច់​ដោយឡែក​ពីគេ​ គឺ​ The Rise Collective​ ដោយ​សារ​តែ​ស្នាដៃ​របស់​គាត់​ចុង​ក្រោយ​នេះ ​មាន​អត្ថន័យ​ផ្សេង​ពីគ្រឿង​ អលង្ការ​មុនៗ​ ដែល​គាត់​ធ្លាប់​ផលិត។​ Mei Elizabeth Tan​ ម្ចាស់​ហាង​ The Rise Collective បញ្ជាក់ឲ្យដឹងថា «ខ្ញុំ​ច្នៃម៉ូត​កងដៃនេះឡើង ​ក្នុងការរំលឹក​ដល់​ការស្លាប់​របស់​ប្អូនប្រុសខ្ញុំ​ផ្ទាល់ ​ក្នុង​ជំនាន់ប៉ុលពត ខ្ញុំ​មាន​សំណាង​ណាស់​ ដែលបានរស់នៅដោយសន្តិភាព ​មិន​ក្រោមការ​គំរាមកំហែង​ របស់​សង្គ្រាម» ​។​​

«អ្នក​នៅរស់​»​  គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក
កង​ដៃ​ «អ្នកនៅរស់»

«អ្នក​នៅរស់​»​  គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក
ខ្សែកប្រាក់​ជ្រលក់ មាស​លឿង​ និង​ មាស​ក្រហម

«អ្នក​នៅរស់​»​  គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក«អ្នក​នៅរស់​»​  គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក
ចិញ្ចៀន​ត្បូង​ខ្មៅ Swaroski Black Gem និង​ចិញ្ចៀន​មាស ត្បូង4ពណ៌​

កងដៃដែលបាន ​បង្ហាញជូន​ក្នុងរូប​ខាងលើនេះ មិនត្រឹម​តែ​មាន​គុណភាពខ្ពស់ និង​មាន​ម៉ូត​ស្អាត​ប្លែក​​ប៉ុណ្ណោះទេ ពាក្យស្លោក​ដែលបានឆ្លាក់​ជា​អក្សរខ្មែរ​ ក៏មានអត្ថន័យ​ជ្រាលជ្រៅ​ផង​ដែរ។​ ម្ចាស់​ហាង​ Mei Elizabeth Tan ដែល​ជា​អ្នក​រចនា​ម៉ូត​នេះ​ដោយ​ផ្ទាល់​ បាន​និយាយ​រៀបរាប់​ថា ការ​ដែល​សំរេច​ចិត្ត​ច្នៃម៉ូត​ ដោយ​ប្រើប្រាស់​អក្សរ​ខ្មែរ​នេះ​ឡើង​ គឺ​មាន​គោល​បំណង​បង្ហាញ​ «អ្នកនៅរស់» (Survivor) ជា​ការ​រំលឹក ការ​អបអរសាទរ​ដល់​ប្រជាជន​ខ្មែរ​​ ដែល​ជាជនក្លាហាន​ រឹងមាំ​​ នៅរ​ស់​រាន​មាន​ជីវិត​ ក្រោយរបប​ប្រល័យពូជសាសន៍។ ម្យ៉ាង​ទៀត វា​ក៏ជា​ការ​រំលឹក​ដល់​ប្រជាជន​ដែលររស់​នៅ​ក្នុង​សុខសន្តិភាព សព្វថ្ងៃ​ផងដែរ​ថា​ ពួក​គរ​ស់​នៅដោយសេរីភាព​ មិន​ត្រូវ​ខ្លាច​រអារ​អ្វីទាំង​អស់ (Born Free, Live Fearless​) ។

វត្ថុធាតុដើម ​ដែល​ប្រើប្រាស់​សម្រាប់​ការ​ផលិតគ្រឿង​អលង្ការ​ក្នុង​ហាង The Rise Collective ទាំង​អស់​សុទ្ធសឹង​ផលិត​ចេញពីគ្រាប់កាំភ្លើង គ្រាប់​បែក​ចាស់ៗ ដែលបាន​បន្សល់​ទុក​ពី​សង្គ្រាម នៅ​រាយ​ប៉ាយ​តាម​ខេត្តនានា​នៃ​ព្រះរាជាណាចក្រកម្ពុជា ពិសេសតាមជាយខេត្ត​បាត់​ដំបង​ និង​ខេត្តរតនៈគីរី។ Mei Elizabeth Tan បាន​ប្រមូល​សំណរ​អាវុធដែល​បាន​បោះបង់ចោល​មក​ស្លរ​ យក​មកកែច្នៃ​ជា​របស់​ប្រើប្រាស់ ដោយ​ចង់​បង្ហាញ​ថាការ​បំផ្លិចបំផ្លាញ​ ​នៃ​សង្រ្គាម​អាច​កៃច្នៃមក​ធ្វើជា​និមិត្ត​រូប ​នៃ​ការ​រស់​រាន​ជីវិត​បាន​ ដើម្បីជា​ក្តី​សង្ឃឹម​ដល់​ជន​រងគ្រោះទាំងឡាយ។

ដោយសារ​តែ​គ្រឿង​ អលង្ការ​មាន​អត្ថន័យ​ល្អ សូមបី​វត្ថុធាតុដើម ក៏មាន​ន័យបង្កប់​ជ្រាលជ្រៅ បន្ថែមពីលើនោះទៀត ប្រាក់ចំនេញមួួយ​ចំនួន ពីការលក់​គ្រឿង​អលង្ការ​ក្នុង​ហាង The Rise Collective នឹង​ត្រូវ​បាន​បរិច្ចាគ​ដល់​កុមារកំព្រា និង​ស្ត្រី​ដែល​ជា​ជន​រងគ្រោះ នៃ​របប​ប្រល័យ​ពូជសាសន៏ផងដែរ។

ហាងអនឡាញ The Rise Collective ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ មុខ​ជំនួញ​មាន​គុណធម៌ខ្ពស់​ក្នុង​តំបន់​អាស៊ី (​Asia’s Top 5 Ethical Brand) ទាក់​ទាញ​ចំណាប់​អារម្មណ៏​របស់​ស្ថានីយទូរទស្សន៏ និង​សារព័ត៌មាន​ NBC នៃទីក្រុង​ញ៉ូវយ៉​ក សហរដ្ឋអាមេរិកទៀតផង។​ ក្នុង​កិច្ចសម្ភាសន៍ជាមួួយ ​NBC នោះដែរ Mei Elizabeth Tan បាន​និយាយ​ថា​ ៖ «វាមិន​មែន​ត្រឹម​តែ​ជាកង​ដៃ​ស្អាត​ សម្រាប់​ពាក់​លំអរ​ខ្លួន​ទេ​ កង​ដៃនេះ ជា​សញ្ញាណនៃ​សន្តិភាព​ និង​ជ័យ​ជំនះ​របស់​មនុស្សម្នាក់ៗ»៕

 «អ្នក​នៅរស់​»​  គ្រឿង​លង្ការខ្មែរ ​ផលិតពីគ្រឿងអាវុធចាស់ៗ ​ទទួលបាន​ការ​ចាប់​អារម្មណ៍ ​ពីសារព័ត៌មានអាមេរិក
កង​ដៃ​ «អ្នកនៅរស់» 

ដោយ៖ លីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត