Action Aid ប្ដេជ្ញា​បន្ត​ជួយ​សហគមន៍​ក្រីក្រ​នៅ​កម្ពុជា​ទោះ​រង​ពាក្យ​បណ្ដឹង​រឿង​ពុក​រលួយ

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​របស់​អូស្ត្រាលី (Australia) ឈ្មោះ អាកសិន​អេត កម្ពុជា (Action Aid Cambodia) ប្រកាស​បន្ត​ផ្ដល់​ជំនួយ​ដល់​អង្គការ​ជួយ​សហគមន៍​ក្រីក្រ បើ​ទោះ​ជា​រង​ពាក្យ​បណ្ដឹង​ករណី​ពុក​រលួយ​ពី​អង្គការ​ដែល​ទទួល​ជំនួយ​ពី​ខ្លួន​ក៏ដោយ។ អាកសិន​អេត ឲ្យ​ដឹង​ថា ខ្លួន​នឹង​បើក​ចំហ​ឯកសារ និង​ទិន្នន័យ​ហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ទាំងឡាយ ប្រសិន​បើ​មាន​សំណើ​សុំ។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​អាកសិន​អេត កម្ពុជា អ្នកស្រី ការ៉ូឡាញ ម៉ែកខូសលែន (Caroline McCausland) ថ្លែង​ថា អង្គការ​របស់​អ្នកស្រី​នឹង​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​ក្នុង​ស្រុក​នានា ដែល​ធ្វើ​ការ​ជួយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន​ឲ្យ​មាន​ជីវិត​ប្រសើរ​ឡើង។

អ្នកស្រី ការ៉ូឡាញ លើក​ឡើង​បែប​នេះ​ក្រោយ​ពី​អង្គការ​អាកសិន​អេត ទទួល​រង​ពាក្យ​បណ្ដឹង​ពី​អតីត​អង្គការ​ដៃគូ​ក្នុង​ស្រុក ដែល​ធ្លាប់​ទទួល​បាន​ជំនួយ និង​ការ​គាំទ្រ​ពី​អង្គការ​អាកសិន​អេត ដោយ​ចោទ​ថា អង្គការ​អាកសិន​អេត បាន​កេង​ប្រវ័ញ្ច​ទឹក​ប្រាក់​ប្រមាណ ៣​លាន​ដុល្លារ៖ «ការ​ចោទ​នេះ​វា​ប៉ះពាល់​ដល់​កិត្តិយស​របស់​អង្គការ​យើង។ យើង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា យើង​នឹង​នៅ​បន្ត​ធ្វើ​ការ​ជាមួយ​អង្គការ​ជា​ដៃគូ​នៅ​តាម​មូលដ្ឋាន។ អង្គការ​អាកសិន​អេត អាច​ជួយ​ពង្រឹង​សង្គម​ស៊ីវិល​នៅ​តាម​មូលដ្ឋាន ដើម្បី​ធានា​ថា យើង​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សហគមន៍​នៅ​តាម​មូលដ្ឋាន»

អង្គការ​អភិវឌ្ឍន៍​កុមារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​អង្គការ​អាកសិន​អេត លើ​ករណី​កិបកេង និង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ អង្គការ​អភិវឌ្ឍន៍​កុមារ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២ ធ្វើ​ប្រតិបត្តិការ​នៅ​ខេត្ត​ចំនួន​បី មាន​ខេត្ត​សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។ អង្គការ​នេះ ធ្វើ​សកម្មភាព​មួយ​ចំនួន មាន​គម្រោង​បម្រែបម្រួល​អាកាសធាតុ ដូចជា​គម្រោង​ឥណទាន​កាបោន និង​គម្រោង​រ៉េដ (REDD)។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​កុមារ លោក ជី បូរ៉េត បាន​បញ្ជាក់​ថា អង្គការ​អាកសិន​អេត បាន​កិបកេង​ប្រាក់​របស់​កុមារ​ចំនួន ៦​ពាន់​នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥។ លោក​បន្ថែម​ថា អង្គការ​របស់​លោក​បាន​ប្រមូល​ទិន្នន័យ​កុមារ​ឲ្យ​អង្គការ​អាកសិន​អេត ដើម្បី​ធ្វើ​ការ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ពី​ម្ចាស់​ជំនួយ តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​កុមារ (Children Sponsorship)។ លោក​ថា ម្ចាស់​ជំនួយ​ផ្តល់​ប្រាក់​ចំនួន ២៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​កុមារ​ម្នាក់ៗ។

លោក បូរ៉េត បន្ថែម​ថា អង្គការ​អាកសិន​អេត យក​ថវិកា​ដែល​រៃអង្គាស​បាន​តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​កុមារ ទៅ​ឧបត្ថម្ភ​ក្រុម​តស៊ូ​មតិ ក្រុម​សិទ្ធិ​មនុស្ស ក្រុម​បាតុករ​ដីធ្លី ដោយ​មិន​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​អង្គការ និង​សមាគម​នៅ​មូលដ្ឋាន៖ «ការ​សង្ស័យ​របស់​យើង គឺ​គម្រោង​សម្រាប់​ក្មេង​នៅ​ខេត្ត​ឧត្តរមានជ័យ ១​ពាន់​នាក់​ជាង និង​ក្មេង​នៅ​ក្នុង​ប្រទេស​ខ្មែរ ដែល​គម្រោង Child Message ធ្វើ​ម៉េច​ឲ្យ​គាត់​បង្ហាញ​ពី​តម្លាភាព និង​គណនេយ្យ​ភាព​ដល់​អ្នក​ដែល​ទទួល​ផល​ពី​គាត់។ មួយ​ទៀត ដោយសារ​គាត់ (Action Aid) ជា​អង្គការ​មួយ​ដែល​ធ្វើ​ការ​ទៅ​តម្លាភាព និង​ភាព​ទទួល​ខុស​ត្រូវ តើ​គាត់​អាច​បង្ហាញ​បាន​ទេ​រឿង​ខ្ទង់​ចំណាយ នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​ឲ្យ​សាធារណៈ​បាន​ដឹង​ផង​ដែរ ឬ​អត់?»

ពាក្យ​បណ្ដឹង​របស់​អង្គការ​អភិវឌ្ឍន៍​កុមារ កើត​ឡើង​បន្ទាប់​ពី​អង្គការ​អាកសិន​អេត បដិសេធ​មិន​បន្ត​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ខ្លួន។

អ្នកស្រី ការ៉ូឡាញ ពន្យល់​ថា អង្គការ​អាកសិន​អេត សម្រេច​បញ្ឈប់​ផ្ដល់​ជំនួយ​ដល់​អង្គការ​អភិវឌ្ឍន៍​កុមារ ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៤ ក្រោយ​ពី​ការ​ធ្វើ​សវនកម្ម​រក​ឃើញ​ថា អង្គការ​អភិវឌ្ឍន៍​កុមារ បាន​ប្រើប្រាស់​លុយ​មិន​មាន​តម្លាភាព៖ «យើង​បាន​រក​ឃើញ​អំពើ​ស៊ី​សំណូក​នៅ​ក្នុង​អង្គការ​អភិវឌ្ឍន៍​កុមារ។ យើង​មិន​អាច​បន្ត​សហការ​ជាមួយ​ស្ថាប័ន​មួយ​ដែល​មាន​រឿង​បែប​នេះ​ទេ»

លោក បូរ៉េត ទទួល​ស្គាល់​ថា អង្គការ​អភិវឌ្ឍន៍​កុមារ របស់​លោក​ពិត​ជា​បាន​ប្រើប្រាស់​ថវិកា​ខុស​ខ្ទង់​មែន មាន​ចំនួន​ជិត ២​ពាន់​ដុល្លារ (១.៧៦៣​ដុល្លារ) តែ​អង្គការ​របស់​លោក​បាន​សង​ត្រឡប់​ទៅ​ម្ចាស់​មូលនិធិ​វិញ។

ពាក្យ​បណ្ដឹង​នេះ ក៏​បាន​ចោទ​អង្គការ​អាកសិន​អេត ពី​បទ​បក្ខពួក​និយម ដោយ​ដក​ប្រាក់​ឧបត្ថម្ភ​ពី​សមាគម​យក​ទៅ​ឲ្យ​អង្គការ​ផ្សេង ដែល​ជា​មិត្តភ័ក្ដិ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​អង្គការ​អាកសិន​អេត។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​អាកសិន​អេត កម្ពុជា ប្រាប់​ថា អង្គការ​របស់​អ្នកស្រី​មិន​អាច​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​អង្គការ​ដែល​រក​ឃើញ​ថា មាន​កំហុស​នោះ​ទេ។

ទោះ​យ៉ាង​ណា អ្នកស្រី​បញ្ជាក់​ថា អាកសិន​អេត រីករាយ​ចែក​រំលែក​ឯកសារ​សវនកម្ម​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ តាម​ការ​ស្នើសុំ ជុំវិញ​ពាក្យ​បណ្ដឹង​របស់​អង្គការ​អភិវឌ្ឍន៍​កុមារ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​ដំណើរ​ការ​ពិនិត្យ​ពាក្យ​បណ្ដឹង ដោយ​លោក​លើក​ឡើង​ថា ការ​ប្រាប់​នេះ​វា​ផ្ទុយ​នឹង​នីតិវិធី​របស់​អង្គភាព​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។