ចាន់ គឹ​ម​លាភ និង​អ៊ុំ ចំរើន ជួប​កីឡាករ​ឡាវ​នៅ​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​យប់​ថ្ងៃ​សៅរ៍​ ទី​៩ មក​រា ខានស្អែក​នេះ បាន​ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​ហើយ ។ សម្រាប់​បេក្ខភាព​នៅ​យប់​នោះ​កីឡាករ​កម្ពុជា ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ ចំណែក អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ ។

ការ​ប្រកួត​រវាង​ចាន់ គឹ​ម​លាភ និង​អូ​រ៉ូ​ណូ​ចំប៉ា​សក្ដិ គឺ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ  ដោយសារ​ចាន់ គឹ​ម​លាភ ប្រកួត​៣​លើក​កន្លង​មក​អត់​ដែល​ស្គាល់​ឈ្នះ​ម្ដងណា​ឡើយ ហើយ​លើក​នេះ ក៏​មិន​សង្ឃឹមថា ​ឈ្នះ​ដែរ ​ព្រោះ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​អន់​ជាង​កីឡាករ​ឡាវ​រូប​នេះ​ឆ្ងាយ​ណាស់ ។ ចំណែក​អូ​រ៉ូ​ណូ ចំប៉ា​សក្តិ វិញ មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ បើ​ទោះជា​ការ​ប្រកួត​លើក​នេះ​ចាញ់​ក៏​ដោយ ។ ឆ្លងកាត់​ការ​ប្រកួត​ចំនួន​៣​លើក​កន្លង​មក​កីឡាករ​ឡាវ​រូប​នេះ មិន​ដែល​ស្គាល់​ចាញ់​ម្ដងណា​ឡើយ ហើយ​បើសិនជា​ឈ្នះលើក​នេះ​ទៀត គេ​នឹង​ឈរ​នៅ​លេខ​រៀង​ទី​១ ​ក្នុង​ពូ​ល​មាន​សិទ្ធិ​ប្រកួត​ជាមួយ​អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤ ។

ចំណែក​ការ​ប្រកួត​រវាង អ៊ុំ ចំរើន និង​យ៉​ត ឃុន​ភុ​ន អេក​បាង​សៃ លើក​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ដូច​គ្នា ។ អ៊ុំ ចំរើន ប្រកួត​៣​លើក ឈ្នះ​២​លើក ហើយ​លើក​នេះ បើ​ចាញ់​ក៏​អត់​បញ្ហា​ដែរ ព្រោះ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប ​អត់​មាន​អ្នក​ណា​មាន​ពិន្ទុ​លើសគេ​ទេ​។ ប៉ុន្តែ អ៊ុំ ចំរើន នៅ​តែ​ត្រូវការ​ឈ្នះ​ដើម្បី​ស្វែងរក​ទីតាំង​ល្អ​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ហ៊ាន​សន្យា​ទុក​មុន​ពី​លទ្ធផល​វិជ្ជមាន​ឡើយ ដោយសារ​តែ​កីឡាករ​ឡាវ​រូប​នេះ ក៏​មិនជា​ជើង​អន់​។ យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ ជា​អ្នក​ប្រដាល់​ជើងខ្លាំង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ ជាក់ស្ដែង​ឆ្លងកាត់​ការ​ប្រកួត​៣​លើក​កន្លង​មកនេះ គេ​ឈ្នះ​រហូត ។ ចាំ​មើល​អ៊ុំ ចំរើន និង​កីឡាករ​ឡាវ​រូប​នេះ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​និង​បាត់​មុខ​យូរ​ដូច​ជា កីឡាករ​វង្ស ស៊ី​ថៃ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ។ កីឡាករ ឡុ​ង សុវណ្ណ​ពៅ មក​ពី​ក្លិប​ឡុ​ង​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ហ៊ា ចាន់​ថន មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ៕