ហង្ស​ក្រហម Liverpool ប្រឈម​នឹង​វិបត្តិ​អត់​ខ្សែ​ការពារ

វិបត្តិ​​របួស​កីឡាករ​នៅ​ក្នុង​ក្លិប​ហង្ស​ក្រហម Liverpool កាន់តែ​​ធ្ងន់ធ្ងរ​ឡើង នឹង​បង្ខំ​ឲ្យ​​លោក​ Jurgen Klopp ​ចូល​ទៅ​កាន់​ទីផ្សារ​ដោះ​ដូរ​កីឡាករ ​ដើម្បី​​​ទិញ​​បន្ថែម​ទៀត ជា​ពិសេស​​តំបន់​​ខ្សែការពារ។

coutinhoលោក Klopp ប្រឈម​មុខ​នឹង​ការ​គ្មាន​ខ្សែ​ការពារ​កណ្តាល​ដែល​មាន​ភាព​រឹង​មាំ​​សម្រាប់​ ការ​ប្រកួត​ជុំទី ៣ នៃ​ពាន FA Cup នៅ​លើ​ទឹក​ដី​ក្រុម Exeter City នៅថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។ ខ្សែ​ការ​ពារ Dejan Lovren ត្រូវ​បាន​​ប្តូរ​ចេញ​អំឡុង​តង់​ទី ១ ក្នុង​ពេលក្រុម​របស់​គេ​ទទួល​ជ័យ​ជម្នះ ១-០ កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​ប្រកួត League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី ១ នៅ​លើ​ទឹក​ដី​ក្រុម Stoke ក្រោយ​ពី​រង​របួស​សរសៃ​ពួរ​គន្លាក់​ជើង​។

ខ្សែ​ការ​ពារ Martin Skrtel បាន​អវត្ត​មាន​​រួច​ជា​ស្រេច​រហូត​ដល់​ខែ​កុម្ភៈ​ជា​មួយ​នឹង​បញ្ហា​របួស​​ ស្រដៀង​​គ្នា​ណេះ ខណៈ​ដែល Mamadou Sakho បាន​អវត្ត​មាន​ក្នុង​ការប្រកួត​នៅ​កីឡ​ដ្ឋាន Britannia ជា​មួយ​នឹង​បញ្ហា​ជង្គង់​។ Kolo Toure ដែល​បាន​ជំនួស​កន្លែង​របស់ Sakho នៅ​ពេល​ប្រកួត​ជា​មួយ​នឹង Stoke ​នោះ ក៏​ជួបបញ្ហា​របួស​ផង​ដែរ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ហើយ​លោក Klopp មិន​ប្រាកដ​ថា ​រូប​គេ​​នឹង​​រឹង​មាំ​សម្រាប់​ការ​ប្រកួត​នៅ​​ថ្ងៃ​សុក្រ​នេះ ឬ​យ៉ាង​ណា​ឡើយ​។
កីឡាករ​វ័យ​ក្មេង Joe Gomez​ ត្រូវ​អវត្ត​មាន​ក្នុង​រយៈ​​ពេល​ដ៏​យូរ​អង្វែង​ដោយ​សារ​តែ​​របួស​​ជង្គង់​​ ធ្ងន់ធ្ងរ​ដែល​រូប​គេ​បាន​ជួប​ប្រទះ​កាល​ពី​ខែ​តុលា​។ អ្នក​ចាត់​ការ​ទូទៅ​របស់ Liverpool បាន​ឲ្យ​ដឹង​ថា៖ «នៅ​ក្នុង​ពេល​នេះ ជា​មួយ​នឹង​ការ​គ្មាន​ខ្សែ​ការ​ពារ​កណ្តាល ខ្ញុំ​នឹង​និយាយ​ថា វា​ជា​ស្ថាន​ភាព​មួយ​ដែល​យើង​ត្រូវ​តែ​គិត​អំពី​កា​រ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ ទីផ្សារ​ដោះ​ដូរ​កីឡាករ​»​។

Liverpool បាន​ជួប​បញ្ហា​របួស​បន្ថែម​ទៀត​នៅ​កីឡ​ដ្ឋាន Britannia ខណៈ​ដែល​ខ្សែ​បម្រើ​ឆ្នើម Philippe Coutinho បាន​រង​របួស​ដោយ​សារ​តែ​បញ្ហា​សរសៃ​ពួរ​គន្លាក់​ជើង​អំឡុង​តង់​ទី ១​។ បច្ចុប្បន្ន លោក Klopp មាន​សមា​ជិក ១១ នាក់​ក្នុង​ក្រុម​​ជម្រើស​ដំបូង​របស់​លោក​​ដែល​​មិន​​អាច​ចូល​លេង​បាន ក្រោយ​ពី​​ពួក​គេ​មានបញ្ហា​របួស​ដាច់​ដោយ​ឡែក​ពី​គ្នា បើ​គិត​ចាប់​តាំង​ពីលោក​បាន​ចូល​កាន់​តំណែង​នៅ​កីឡ​ដ្ឋាន​ Anfield កាល​ពី​ខែ​តុលា​៕