ទាហាន​កូរ៉េខាងត្បូង​កំពុង​ប្រុង​ជើងការ និង​ត្រៀម​ចាក់​សំឡេង​បំពង​នៅ​ព្រំដែន​ឡើងវិញ​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​អះអាងថា កូរ៉េខាងត្បូង នឹង​ចាក់​សំឡេង​ឃោសនា​នៅតាម​ព្រំដែន​កូរ៉េ ទាំងពីរ​ឡើងវិញ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ដ៏​គ​ឃើ្ល​ន​របស់​កូរ៉េខាងជើង​។ សេចក្តីប្រកាស នេះ ធ្វើឡើង​បន្ទាប់​កូរ៉េខាងជើង បាន​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន ដែលជា​កា​គំរាមកំហែង​ដល់​សន្តិសុខ នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃ​សុក្រ​ទី​០៨ មករា តទៅ កូរ៉េខាងត្បូង នឹង​ចាក់​សំឡេង​ឃោសនា​នៅតាម​ព្រំដែន​កូរ៉េ​ទាំងពីរ​ឡើងវិញ​។ សកម្មភាពនេះ​ ធ្វើឡើង​ដើម្បី​ឆ្លើយតបទៅនឹង​ការបាញ់​គ្រាប់បែក​របស់​កូរ៉េខាងជើង ដែល​បាន​បំពាន​ទៅនឹង​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​តាំងពី​ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ មករា ម្សិលមិញ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ដ៏​ទំនើប និង​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង ដែល​ទើបតែ​រកឃើញ​។ កូរ៉េខាងជើង បានចាត់ទុក​សមិទ្ធផល​នៃ​ការផលិត​គ្រាប់បែក​នេះ​ថា​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ដ៏​មានអំណាច​របស់​ពិភពលោក​ផងដែរ​។

​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង ដ្បិត​កូរ៉េខាងជើង បាន​បំពាន​ទៅនឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​បាន​គំរាមកំហែង​ដល់​សន្តិសុខ នៅក្នុង​តំបន់​ទៀតផង​។​

​ជុំវិញ​បញ្ហា​នេះដែរ មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក Cho Tae-yong បាន​សង្កត់​ថា កងទ័ព​កូរ៉េខាងត្បូង បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ការពារ​រដ្ឋ​របស់ខ្លួន​។​លោក​បន្ថែមទៀតថា ប្រសិនបើ​កូរ៉េខាងជើង ហ៊ាន​ធ្វើ​សកម្មភាព​ណាមួយ​ប្រទាញប្រទង់​ឲ្យ​មាន​សង្គ្រាម នោះ កូរ៉េខាងត្បូង នឹង​ចេញ​វិធានការ​ឆ្លើយតប​ទៅវិញ​យ៉ាង​សមស្រប​។​

​សូមបញ្ជាក់​ផងដែរ កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ប៉ះទង្គិច​គ្នា​ខ្លាំង​ចុងក្រោយ​កាលពី​ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​។ ភាគី​ទាំងពីរ បាន​បាញ់​គ្រាប់ផ្លោង​ដាក់គ្នា​ជាច្រើន​គ្រាប់​។ ហើយ​ចុងក្រោយ នៅ​ថ្ងៃទី ២៥ ខែសីហា ដដែល ភាគី​បាន​ព្រមព្រៀងគ្នា​ដក​កងទ័ព​ចេញពី​ព្រំដែន រួម​ជាមួយនឹង​លក្ខខណ្ឌ​ជាច្រើន​ដែរ​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​