សាលា​បឋម​សិក្សា​ស្រែ​ព្រីង​នៅ​ខេត្ត​កំពត​មិន​មាន​ថ្នាក់​រៀន​គ្រប់គ្រាន់​និង​ខ្វះ​សម្ភារៈ​សិក្សា

សិស្សានុសិស្ស និង​គ្រូបង្រៀន​នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ក្នុង​ស្រុក​ឈូក ខេត្ត​កំពត កំពុង​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រៀន និង​បង្រៀន ដោយសារ​តែ​មិន​មាន​ថ្នាក់​រៀន និង​សម្ភារៈ​សិក្សា​គ្រប់គ្រាន់។

ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​បែប​នេះ ជំរុញ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​សម្រេច​ចិត្ត​យក​សំយាប​ផ្ទះ​ពលរដ្ឋ​ក្នុង​សហគមន៍ ធ្វើ​ជា​ថ្នាក់​រៀន ដើម្បី​បម្រើ​ដល់​ការ​សិក្សា​របស់​សិស្ស។ ទាំង​នាយក​សាលា គ្រូបង្រៀន និង​សិស្សានុសិស្ស សុទ្ធតែ​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល និង​សប្បុរសជន​នានា ឲ្យ​ជួយ​ឧបត្ថម្ភ​ជា​អគារ​សិក្សា និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ ដើម្បី​បន្ត​ដំណើរ​ការ​សិក្សា​ត​ទៅ​មុខ​ទៀត។

ម៉ោង​ជាង ៦​ព្រឹក ព្រះអាទិត្យ​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​លើ​ដំបូល​ពណ៌​ក្រហម នៃ​សាលា​បឋម​សិក្សា​មួយ​កន្លែង ដែល​មាន​សិស្សានុសិស្ស​ប្រុស​ស្រី​កំពុង​ម្នីម្នា ខ្លះ​ដើរ ខ្លះ​ជិះ​កង់​តម្រង់​ទៅ​សាលា​រៀន​របស់​ខ្លួន ដោយ​ទឹក​មុខ​ញញឹម​ញញែម។

សាលា​បឋម​សិក្សា​នេះ​មាន​ឈ្មោះ​ថា សាលា​បឋម​សិក្សា​ស្រែ​ព្រីង ស្ថិត​ក្នុង​ភូមិ​ត្រពាំងស្ដៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដែល​មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក។ សាលា​នេះ​មិន​មាន​ថ្នាក់​រៀន​គ្រប់គ្រាន់ និង​សម្ភារៈ​សិក្សា​ច្រើន​ទេ​សម្រាប់​សិស្សានុសិស្ស។

ដោយសារ​ភាព​ខ្វះខាត​នេះ ធ្វើ​ឲ្យ​សិស្ស​រាប់​សិប​នាក់ ត្រូវ​ទៅ​រៀន​នៅ​ក្រោម​សំយាប​មជ្ឈមណ្ឌល​សហគមន៍​របស់​អង្គការ​យូណេស្កូ (UNESCO) និង​ក្រោម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ។

ម៉ោង​ប្រមាណ ១០​ព្រឹក ព្រះអាទិត្យ​បញ្ចេញ​កម្តៅ​កាន់​តែ​ខ្លាំង​ចាំង​ឆ្លុះ​ដំបូល​ថ្នាក់​រៀន ដែល​មាន​ប្រក់​ស្លឹក និង​ស័ង្កសី ធ្វើ​ឲ្យ​សិស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​បែក​ញើស និង​មើល​ទៅ​ដូចជា​ហេវ​ហត់​អស់​កម្លាំង ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រឹង​ត្រងត្រាប់​ចាប់​យក​សេចក្តី​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​ដដែល។

បើ​ប្រៀបធៀប​នឹង​សាលា​បឋម​សិក្សា​ដែល​នៅ​ទីក្រុង ឬ​ទី​ប្រជុំជន​វិញ យើង​ឃើញ​ថា សាលា​បឋម​សិក្សា​ស្រែ​ព្រីង មាន​លក្ខណៈ​ខ្វះខាត​ខ្លាំង។ សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង រាប់​សិប​នាក់ មិន​មាន​ឱកាស​អង្គុយ​រៀន​ក្នុង​ថ្នាក់​ដែល​មាន​ដំបូល និង​ជញ្ជាំង សម្រាប់​ការពារ​ខ្យល់ និង​កម្តៅ​ថ្ងៃ​សមរម្យ​ដូច​សិស្ស​នៅ​សាលា​ផ្សេង​នោះ​ទេ។ ពួក​គេ​ត្រូវ​អង្គុយ​ប្រជ្រៀត​គ្នា​ក្នុង​ថ្នាក់ ដើម្បី​បាន​រៀន។ ថ្នាក់​ខ្លះ​មាន​សិស្ស ៤០​នាក់ ខ្លះ ៥០​នាក់ និង​ខ្លះ​ទៀត​មាន​រហូត​ដល់ ៦០​នាក់។

សិស្សានុសិស្ស​សរុប​មាន​ចំនួន ៣៧៥​នាក់ ចែក​ជា ៩​ថ្នាក់ ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦។ ចំណែក​អគារ​សិក្សា​វិញ​មាន ២​ខ្នង ដោយ​បែង​ចែក​ជា ៤​បន្ទប់ ដែល ៣​បន្ទប់​ជា​ថ្នាក់​រៀន និង ១​បន្ទប់​ផ្សេង​ទៀត​ជា​ទីចាត់ការ​ផង ជា​បណ្ណាល័យ​ផង និង​ជា​រោង​ជាង​ផង។

នាយក​សាលា​បឋម​សិក្សា​ស្រែ​ព្រីង បញ្ជាក់​ថា សាលា​របស់​លោក​ខ្វះខាត​អគារ​សិក្សា​ចំនួន ៦​បន្ទប់ អណ្ដូងទឹក របង​សាលា គ្រឿង​សង្ហារិម ដូចជា តុ ទូ កៅអី​សម្រាប់​សិស្ស និង​គ្រូ និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត៖ «ក្នុង​នាម​ខ្ញុំ​ជា​នាយក​សាលា សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មេត្តា​ជួយ​ដល់​សាលា​ខ្ញុំ​ផង ព្រោះ​សាលា​ខ្ញុំ​ខ្វះខាត​ខ្លាំង​ណាស់ គឺ​ខ្វះខាត​ដល់​ទៅ ៦​បន្ទប់។ យើង​អត់​ទាន់​មាន​ទីចាត់ការ ហើយ​អត់​ទាន់​មាន​រោង​ជាង។ ក្រៅ​ពី​សំណូមពរ​ដល់​សប្បុរសជន ខ្ញុំ​ក៏​សំណូមពរ​ដល់​ក្រសួង​អប់រំ ឬ​ក៏​រដ្ឋាភិបាល ជួយ​ផ្តល់​ជា​អគារ​សិក្សា​ដល់​សាលា​ខ្ញុំ​ផង ព្រោះ​បើ​អាច​បាន ខ្ញុំ​ត្រេកអរ​មែន​ទែន ដើម្បី​ឲ្យ​សិស្ស​ហ្នឹង​បាន​រៀន​ប្រកប​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផាសុកភាព»

សាលា​បឋម​សិក្សា​ស្រែ​ព្រីង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ក្រោម​ជំនួយ​ឧបត្ថម្ភ​ជា​អគារ​សិក្សា ១​ខ្នង​មាន ៣​បន្ទប់ ពី​អង្គការ​សន្តិ​ស្ម័គ្រ​ចិត្ត​របស់​ជប៉ុន លើ​ផ្ទៃដី​ទំហំ​ជិត ២​ហិកតារ។ នៅ​ឆ្នាំ​២០១០ អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា បាន​ជួយ​សង់​អគារ​មួយ​ខ្នង​បន្ថែម​ទៀត។ សិស្សានុសិស្ស​ដែល​រៀន​នៅ​សាលា​នេះ ជា​កូន​ចៅ ឬ​សាច់ញាតិ​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ត្រពាំងស្ដៅ នៃ​ឃុំ​ត្រពាំងភ្លាំង និង​ភូមិ​ត្រពាំងថ្ម នៃ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត។

ជំនួយការ​រដ្ឋបាល​ឃុំ​ត្រពាំងភ្លាំង លោក ម៉ិញ វ៉ាន់ថន បញ្ជាក់​ថា ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​សិស្ស​នៅ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ភាគ​ច្រើន​ជា​អតីត​យោធិន​ខ្មែរ​ក្រហម អតីត​យោធិន​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ខ្លះ​ទៀត​ជា​ពលរដ្ឋ​សាមញ្ញ។ សព្វថ្ងៃ​នេះ ពួក​គាត់​ភាគ​ច្រើន​ជា​កសិករ​ក្រីក្រ ហើយ​ដោយសារ​តែ​ភាព​ក្រីក្រ​នេះ​ហើយ ដែល​ជួន​កាល​កូន​ចៅ​របស់​ពួក​គាត់​មិន​បាន​ទៅ​រៀន​ញឹកញាប់​ទេ នៅ​ពេល​រដូវ​ធ្វើ​ស្រែ ឬ​ប្រមូល​ផល​ម្តងៗ។ លោក​បន្ត​ថា សាលា​ឃុំ​ត្រពាំងភ្លាំង តែង​ធ្វើ​សំណើ​ទៅ​សប្បុរសជន និង​ភាគី​ពាក់ព័ន្ធ​នានា​ជា​ហូរហែ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ចម្លើយ​តប​ណា​មួយ​នៅ​ឡើយ ចំពោះ​ការ​សាងសង់​បន្ទប់​រៀន​បន្ថែម៖ «យើង​នៅ​តែ​មាន​ជា​ហូរហែ ដោយ​ចង់​ជួប​ម្ចាស់​ជំនួយ ឲ្យ​តែ​ឮ​សូរ​ថា​ខាង​ណា​មាន​ជំនួយ ដូចជា​នៅ​ប្រទេស​ក្រៅ​ក្តី យើង​ស្នើ​ដែរ តែ​អត់​ទាន់​ឃើញ​បាន​លទ្ធផល​យ៉ាង​ម៉េច​ទេ»

ទាក់ទង​នឹង​រឿង​អនាម័យ​វិញ សាលា​បឋម​សិក្សា​ស្រែ​ព្រីង មិន​មាន​បង្គន់​អនាម័យ​គ្រប់គ្រាន់​នោះ​ទេ។ បង្គន់​ដែល​អាច​ប្រើប្រាស់​បាន​មាន​ចំនួន​តែ ៣​ប៉ុណ្ណោះ​សម្រាប់​សិស្ស​ប្រុស និង​ស្រី​ជិត ៤០០​នាក់។

កញ្ញា ឆែម ធីតា គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ឲ្យ​ដឹង​ថា កង្វះ​ខាត​បង្គន់​អនាម័យ គឺ​ជា​កត្តា​រួម​ចំណែក​មួយ​ធ្វើ​ឲ្យ​សិស្ស​ស្រី​ជាច្រើន​នាក់​បោះបង់​ចោល​ការ​សិក្សា៖ «គាត់​មក​រៀន​អ៊ីចឹង ទី​១ សាលា​នៅ​ឆ្ងាយ។ គាត់​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ខ្វះ​សម្លៀកបំពាក់ ខ្វះ​សម្ភារៈ​សិក្សា។ ដល់​ពេល​មក​ដល់​សាលា ក៏​នៅ​តែ​មាន​ការ​ខ្វះខាត​ទៀត​ដែរ។ នៅ​សាលា​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​អគារ​សិក្សា បន្ទប់​ទឹក​អនាម័យ​សម្រាប់​សិស្ស​ប្រុស​សិស្ស​ស្រី។ យើង​អត់​បាន​រៀបចំ​ដាច់​ដោយឡែក​ទេ ដោយសារ​បន្ទប់​ទឹក​តិច។ ស្រី​ក៏​ចូល ប្រុស​ក៏​ចូល ហើយ​បន្ទប់​ទឹក​មាន​តែ​ខ្វះ​ទឹក។ អត់​មាន​ទឹក​ស្អាត​សម្រាប់​ដង​ចូល»

បើ​ទោះ​ជា​ស្ថានភាព​នៅ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង មាន​លក្ខណៈ​លំបាក​បន្តិច​ក្តី អ្នកគ្រូ ឆែម ធីតា ប្ដេជ្ញា​ថា នឹង​បន្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ដដែល ដោយ​សង្ឃឹម​ថា នឹង​អាច​ជួយ​ក្មេងៗ​ក្នុង​សហគមន៍​មូលដ្ឋាន​មួយ​នេះ​ឲ្យ​មាន​ចំណេះ​ដឹង​កាន់​តែ​ប្រសើរ៖ «អាច​និយាយ​បាន​ថា ជា​មនសិការ​ដែល​ខ្លួន​យើង​កាល​ពី​មុន គឺ​ជា​កូន​អ្នក​ស្រែ កូន​អ្នក​ក្រ រៀន​នៅ​សាលា​មាន​ការ​ខ្វះខាត។ អ៊ីចឹង​ពេល​ដែល​យើង​ធំ​ឡើង គឺ​យើង​ចង់​បង្រៀន​កូន​សិស្ស​ទាំងអស់​ហ្នឹង មើល​ទៅ​យើង​ចាត់​ទុក​កូន​សិស្ស​ហ្នឹង​ដូចជា​ក្មួយ ឬ​ប្អូន។ អ៊ីចឹង​ចង់​ឲ្យ​ពួក​គាត់​រៀន​ចប់​ថ្នាក់​បឋម ចង់​នៅ​ជំរុញ​លើក​ទឹក​ចិត្ត​គាត់​រៀន​ចប់​បឋម ហើយ​ឲ្យ​គាត់​បន្ត​ដល់​អនុវិទ្យាល័យ»

ក្រៅ​ពី​ខ្វះខាត​បន្ទប់​រៀន បង្គន់​អនាម័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា​រៀន បញ្ហា​ចោទ​សំខាន់​មួយ​ទៀត គឺ​គ្មាន​បណ្ណាល័យ​ត្រឹមត្រូវ។ បណ្ណាល័យ​ត្រូវ​រត់​ទៅ​ជ្រក​ជាមួយ​ទីចាត់ការ និង​រោង​ជាង ហើយ​សៀវភៅ​សម្រាប់​សិស្សានុសិស្ស​អាន​ទៀតសោត ក៏​មាន​ចំនួន​តិច។

កំពុង​អង្គុយ​អាន​សៀវភៅ​រឿង​និទាន​ដោយ​យក​ចិត្ត​ទុក​ដាក់ កុមារី ឡួ ស្រីលីន សិស្ស​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ថ្លែង​ថា នាង​តែង​មក​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​ជា​ប្រចាំ ហើយ​មក​ទល់​នឹង​ពេល​នេះ នាង​បាន​អាន​ស្ទើរ​គ្រប់​សៀវភៅ​ក្នុង​បណ្ណាល័យ​អស់​ទៅ​ហើយ៖ «ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​ព្រេង ប្រជុំ​រឿង​ព្រេង​ខ្មែរ ហើយ​ខ្ញុំ​ចង់​បាន​សៀវភៅ​ថែម»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត ដើម្បី​សួរ​នាំ​ចំពោះ​សំណើ​របស់​សិស្សានុសិស្ស និង​គ្រូបង្រៀន​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

ការ​អប់រំ​នៅ​បឋម​សិក្សា ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​មួយ និង​ទទួល​បាន​ចំណែក​ថវិកា​ច្រើន​ជាង​គេ​ក្នុង​ថវិកា​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ការ​ធានា​ថា កុមារ​ទាំងអស់​បាន​បញ្ចប់​កម្រិត​បឋម​សិក្សា​នៅ​ឆ្នាំ​២០១៥ ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលដៅ​ទី​២ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា របស់​ខ្លួន​ដែរ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​អះអាង​ថា ការ​អនុវត្ត​គោលដៅ​ទី​២ នេះ រដ្ឋាភិបាល​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​តែ​ខ្វះ​ផែនការ​ជាក់លាក់​មួយ ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ទូទាំង​ប្រទេស។

មក​ទល់​នឹង​ពេល​នេះ មាន​សាលា​បឋម​សិក្សា​ជាច្រើន​ទៀត​នៅ​តាម​តំបន់​ដទៃ ជួប​ប្រទះ​ការ​លំបាក និង​តំបន់​ដាច់​ស្រយាល​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា​នឹង​សាលា​បឋម​សិក្សា​ស្រែ​ព្រីង នៅ​ខេត្ត​កំពត នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។