សហគមន៍​ប្ដឹង​នគរបាល​ព្រំដែន​ខេត្ត​រតនគិរី​ចោទ​ឃុបឃិត​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម ឋិត​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ចំនួន​ពីរ​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​នៅ​មូលដ្ឋាន ចោទ​ប្រកាន់​ថា​បណ្តែតបណ្តោយ និង​ឃុបឃិត​ឲ្យ​ឈ្មួញ​វៀតណាម ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ តំណាង​សហគមន៍ ស្នើសុំ​ឲ្យ​ស្នងការ​ប៉ូលិស​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នេះ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ថា នឹង​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍ ទៅ​ស្នងការ​ប៉ូលិស និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា តំណាង​សហគមន៍​តាំង​លោម មាន​គ្នា​បី​នាក់ បាន​នាំ​យក​ពាក្យ​ប្ដឹង​ចំនួន​ពីរ​ច្បាប់ មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ដាក់​ជូន​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ច្បាប់ និង​សុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស អន្តរាគមន៍​ពាក្យ​ប្ដឹង​មួយ​ច្បាប់​ទៀត​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត ក្នុង​រឿង​ចោទ​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម គឺ​លោក ទូច ហ៊ីង និង​តម្រួត​ការពារ​ព្រំដែន​ជាមួយ​គ្នា​ម្នាក់​ទៀត​ឈ្មោះ ថង ថា​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​វៀតណាម ដឹក​ជញ្ជូន​កម្មករ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

ទាក់ទិន​ពាក្យ​ប្ដឹង​នេះ លោក ឆាយ ធី មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន។ លោក​អំពាវនាវ​សុំ​ឲ្យ​ស្នងការ​ប៉ូលិស ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ជាក់លាក់ ហើយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​អំពើ​រំលោភ​ច្បាប់​នេះ៖ «តំបន់​ហ្នឹង​យើង​ទៅ​អត់​ដល់​ទេ ព្រោះ​នៅ​ជាយដែន ហើយ​ទៅ​ពេល​ថ្ងៃ​ក៏​អត់​ឃើញ​ដែរ ព្រោះ​ពួក​គាត់​ច្រើន​អារ​នៅ​ពេល​យប់។ បើ​សហគមន៍​ប្រមូល​កម្លាំង​មាន​សហគមន៍​ផ្ទៃ​ក្នុង​របស់​ថៅកែ​វៀតណាម ទូរស័ព្ទ​រាយការណ៍​ទៅ គឺ​អ្នក​កាប់​គេច​ខ្លួន​ចេញ​ពី​ព្រៃ​អស់​ហើយ»

យោង​ពាក្យ​ប្ដឹង​របស់​តំណាង​សហគមន៍​ភូមិ​តាំង​លោម ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ កន្លង​ទៅ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម ទាំង​ពីរ​នាក់ រួម​ជាមួយ​សមាជិក​សហគមន៍​ម្នាក់​ឈ្មោះ រចំ ហ្យែល ជា​អ្នក​នាំ​ផ្លូវ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម ម្នាក់​ឈ្មោះ ទុង ដឹក​នាំ​កម្មករ​វៀតណាម មួយ​ក្រុម​ឆ្លង​ដែន​តាម​ប៉ុស្តិ៍​ផាតាម ចូល​អារ​ឈើ​ក្នុង​ព្រៃ​នៅ​រៀង​រាល់​យប់ ទើប​អ្នក​ភូមិ​សម្រេច​ផ្ដិត​មេដៃ​សុំ​អន្តរាគមន៍​ពី​ស្នងការ​ប៉ូលិស និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ការ​ធ្វើ​អាជីវកម្ម​ឈើ​ដោយ​ខុស​ច្បាប់​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផាតាម ទាំង​ពីរ​នាក់ សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មករា។

ចំណែក​ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា ថ្លែង​បញ្ជាក់​ថា ស្នងការ​ប៉ូលិស​នឹង​ចាត់​មន្ត្រី​ស៊ើប​អង្កេត​ករណី​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ថា ពាក្យ​ប្ដឹង​នោះ​មាន​មូលដ្ឋាន​ជាក់លាក់ ឬ​យ៉ាង​ណា​នៅ​ឡើយ៖ «កំពុង​តែ​ហៅ​មេ​ប៉ុស្តិ៍​បាន​សាកសួរ និង​ឲ្យ​កម្លាំង​យើង​ចុះ​ទៅ​មើល តើ​មាន​ដូច​ពាក្យ​សហគមន៍​និយាយ ឬ​អត់? ពីព្រោះ​គាត់​ចេះ​តែ​និយាយ មិន​ទាន់​មាន​ភស្តុតាង​ច្បាស់ យើង​កំពុង​ចាត់​ចែង​ទៅ​មើល»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ ក្រុម​ល្បាត​សហគមន៍​ភូមិ​តាំង​លោម មាន​គ្នា ១៥​នាក់ បាន​រឹប​អូស​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ រួម​មាន រថយន្ត​កែច្នៃ​ដឹក​ឈើ​មួយ​គ្រឿង ម៉ូតូ​ពីរ​គ្រឿង និង​ត្រើយ​ទាញ​ឈើ​មួយ​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ថិញ ដែល​បាន​នាំ​គ្រឿងចក្រ​ចូល​មក​នៅ​ក្នុង​ភូមិ ហើយ​ចូល​ព្រៃ​កាប់​ឈើ​នៅ​វេលា​យប់។ ករណី​នេះ សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​ព្រៃ​ឈើ​ចុះ​ស៊ើប​អង្កេត និង​បិទ​ប្រកាស​ស្វែងរក​ម្ចាស់​សម្ភារៈ ឲ្យ​មក​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ ក៏ប៉ុន្តែ​ជនជាតិ​វៀតណាម ឈ្មោះ ថិញ បាន​គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​អះអាង​ថា ករណី​ទាំង​ពីរ​នេះ​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម ដែល​សហគមន៍​បាន​ប្ដឹង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។