​មន្ទីរ​ធម្ម​ការ​ខេត្ត ដឹក​នាំ​មន្ត្រី​សង្ឃ​​ចុះ​សួរសុខទុក្ខ​ដល់​គ្រួសារ​រង​គ្រោះ​​ដោយ​អគ្គិ​ភ័យ​

ខេត្តកំពត ​៖ កាលពី​រសៀល​ថ្ងៃ​៦ ខែមករា ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​ មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត ​ដឹកនាំ​ដោយ​លោក នាក់ យិ​ត​ថូ ប្រធាន​មន្ទីរ និង​លោក​ស្រី​ យូ​ សុគន្ឋ​ អភិបាលរង​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ក្រុង​និង​ស្រុក​ទឹកឈូ បាន​និមន្ត​និង​អញ្ជើញ​ចុះ​សួរ​សុខ ​ព្រមទាំង​នាំ​អំណោ​យ​ជា​សម្ភារប្រើប្រាស់​ជា​គ្រឿង​ឧបភោគ​បរិភោគ ​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​លោក ហេ ប៊ុ​ន​ណា​ ដែល​ជួប​គ្រោះ​ដោយ​សារ​​អគ្គិភ័យ​បំផ្លាញ​ផ្ទះហ្មត់អស់​​​កាលពី​ថ្ងៃ​ទី​២ ​ខែមករា​ កន្លង​ទៅ​នេះ ។

អំណោយ​ដែល​ប្រតិភូថ្នាក់ដឹកនាំ​សាសនា អាជ្ញាធរ​ និង​មន្ត្រី​សង្ឃ​យក​ទៅ​ជួយ​ឧបត្ថម្ភ​នា​ពេល​នោះ​ មាន ​អង្ករ៥​បាវ ​ស្មើ​នឹង​២៥០​គីឡូក្រាម សម្ភារប្រើប្រាស់​ក្នុងផ្ទះ​បាយ​ចំនួន​៤​កញ្ចប់​ធំ មី​៦​កេស ទឹកត្រី​៣៤​យួរ ទឹកស៊ីអ៊ីវ​៤​យួរ​ និង​​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ​។ ​​​អំណោយ​ដែល​នាំ​មក​ជួយ​ឧបត្ថម្ភ​​​នា​ពេល​នេះ​ ទោះបី​តិចតួច​ក្តី​ក៍​អាច​ជួយ​ដោះ​​​ស្រាយ​ទុក្ខ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ ​​​ដល់​ក្រុម​គ្រួសារ​លោក ហេ ប៊ុនណា ។​

ព្រះ​រតនៈរង្សី គឹ​ម សំបូ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ ​​​ព្រះ​វិន័យធរ​គណៈខេត្ត ​និង​ជា​ចៅអធិការ​វត្ត​ស្នំ​ប្រាំពីរ​ បាន​មាន​សង្ឃដីកា​ថា ព្រះ​សង្ឃក៍​ដូច​ជា​អាជ្ញាធរ ​ថ្នាក់ដឹកនាំ​ដែរ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​​​គ្រោះ​អគ្គិ​ភ័យ ​​ជួប​​គ្រោះថ្នាក់​ផ្សេង​ៗ​ ឬក៍​ទី​ទ័ល​​ក្រ ​ព្រះសង្ឃ​តែងតែ​ចូលរួម​ចែករំលែក​ និង​ជួយ​ឧបត្ថម្ភ​តាម​ល​ទ្ឋ​ភាព​ដើម្បី​ជួយ​​សម្រាល​​​​ដល់​បងប្អូន​ញាតិ​ញោម​ដែល​កំពុង​មានទុក្ខ​​ ។

​លោក ហេ ប៊ុ​ន​ណា ​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​លំនៅ​ឋាន ​បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​​អំណរគុណ​ដល់​មន្ត្រីសង្ឃ​​ទាំង​ស្រុក ក្រុង​និង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ​ដែល​ជា​និច្ចកាល​តែងតែ​គិតគូ​រដល់​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​​ ដូច​ជា​ក្រុម​គ្រួសារ​យើងខ្ញុំ​​​នាពេល​នេះ​​ជាដើម ។

លោក​សូម​ប្រគេន និង​ជូនពរ​ដល់​ព្រះ​អង្គ ​និង​លោក​ជំទាវ​ ថ្នាក់ដឹកនាំ​ខេត្ត​ ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ សូម​ជួប​នូវ​ពុ​ទ្ឋ​ពរ៤​ប្រការ ​គឺ អាយុ វណ្ណៈ សុខ ​ពលៈ​កុំបី​ឃ្លៀង​​ឃ្លាត​ឡើយ ​​៕