អីុ​រ៉​ង់​អំពាវនាវ​ដល់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ឱ្យ​កាត់​បន្ថយ​ភាព​តានតឹង

រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់​លោក MOHAMMAD JAVAD ZARIF បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៦ មក​រា ដល់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឱ្យ​បញ្ឈប់​បណ្តា​សកម្មភាព ដែល​អាច​នាំ​ទៅ​រក​ការ​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ និង​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ទាំងមូល ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​សម​ភាគី​អីុរ៉ា​ក់ លោក IBRAHIM AL JAAFARI កាលពី​ថ្ងៃ​ទី​៦ មក​រា​នៅ​ក្រុង​តេ​ហេ​រ៉​ង់​លោក ZARIF ថ្លែង​ថា ជំនួស​ការ​បង្កើន​ភាព​តានតឹង​យក​ល្អ​គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​តំបន់​ត្រូវ​រួបរួម​គ្នា​ប្រឆាំង​លទ្ធិ​ជ្រុលនិយម ភេរវកម្ម និង​នី​កាយ​និយម ។ ជម្លោះ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​នឹង​ពុំ​បម្រើ​ផល​ប្រយោជន៍​​របស់​ប្រទេស​ណាមួយ​ឡើយ ក៏​ប៉ុន្តែ​វា​បម្រើ​តែ​ពួក​ភេរវ​ករ និង​ពួក​ជ្រុលនិយម​ប៉ុណ្ណោះ ។

ដោយ​រំលឹក​ពី​ការ​ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុ​ត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់​អះអាង​ថា អំពើ​នោះ​ជា​អំពើ​ដែល​ពុំ​អាច​លើកយក​ហេតុផល​ណាមួយ​មក​សំអាង​ឡើយ ព្រោះ​លោក NIMR AL NIMR បំពេញបេសកកម្ម​សាសនា​របស់​ខ្លួន ដោយ​មធ្យោបាយ​សន្តិវិធី និង​តាម​រយៈ​ការ​ចរចា​ពុំ​ប្រើ​ការ​តស៊ូ​ដោយ​អាវុធ​ឡើយ ។ លោក​ក៏​ចាត់​ទុក​ផង​ដែរ​ការ​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ ប្រឆាំង​ស្ថានទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់ និង​ប្រឆាំង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​ក្រុង MASHHAD ភាគ​ខាងជើង​ប្រទេស​ថា​ជា​ឧប្បត្តិហេតុ​គួរ​ឱ្យ​សោកស្តាយ ហើយ​មិន​អាច​ទទួលយក​បាន​ឡើយ ។ លោក​បន្ត​ថា អីុរ៉​ង់​ចាត់​ទុក​កិច្ច​ការពារ​ពួក​អ្នកការទូត​បរទេស​ថា ជា​កាតព្វកិច្ច និង​ថា​អីុ​រ៉​ង់​ស្វះស្វែង​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ។

ចំពោះ​ភាព​តានតឹង​នេះ​អា​មេ​រិ​ក រុ​ស្ស៊ី និង​បណ្តា​ប្រទេស​អឺរ៉ុប​បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ៕