ម៉ោងចាក់ផ្សាយថ្មី នឹងកែប្រែ ទម្លាប់នៃការ ទស្សនា ខ្សែភាពយន្ត របស់ទស្សនិកជន

ភ្នំពេញ៖ ការផ្លាស់ប្តូរ ពេលវេលាចាក់ផ្សាយ ខ្សែភាពយន្ត នៅក្នុងម៉ោងពិសេសនេះ មានន័យថា ទស្សនិកជន នៅក្នុងប្រទេសកម្ពុជា អាចនឹងចូលសម្រាន្តយឺត ហើយក៏ប្រញាប់រូតរះ ត្រឡប់មកគេហដ្ឋានវិញផងដែរ ដើម្បីបានទស្សនា នូវខ្សែភាពយន្ តភាគបរទេសល្បីៗ ដែលមិនធ្លាប់មានពីមុនមក ។

យោងតាមទូរទស្សន៍ ភីអិនអិន ដែលជាប៉ុស្តិ៍ទូរទស្សន៍ថ្មី និងទំនើបបំផុតរបស់ប្រទេសកម្ពុជា បទបញ្ញតិ្តថ្មីរបស់ ក្រសួងព័ត៌មានគឺ ខ្សែភាពយន្តបរទេសទាំងអស់ នឹងមិនតម្រូវឲ្យចាក់ផ្សាយ ចាប់ពីចន្លោះម៉ោង៧ ដល់ម៉ោង៩យប់។ ដូច្នេះ ទស្សនិកជន អាចនឹងត្រឡប់មកគេហដ្ឋានវិញលឿន ដើម្បីបានទស្សនាភាពយន្ត បរទេសនៅមុនម៉ោង៧យប់ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្តនានា អាច នឹងចូលសម្រាន្តយឺតផងដែរ ដើម្បីបានទស្សនាតារា ក្នុងដួងចិត្ត នៅក្នុងខ្សែភាពយន្តភាគ បរទេសដែលខ្លួនពេញចិត្ត។

សម្រាប់ទស្សនិកជន នៅទូទាំងប្រទេសកម្ពុជា ដែលទស្សនាកម្មវិធីព័ត៌មាននោះ បច្ចុប្បន្នកម្មវិធីនេះមាន ចាក់ផ្សាយក្នុងម៉ោងពិសេសផងដែរ ។ ដូចេ្នះទស្សនិកជន នឹងទទួលបានព័ត៌មានរឹត តែប្រសើរថែមទៀត ។

លោក Glen Felgateអគ្គនាយកស្ថានីយ ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា  “ដំណើរការកម្មវិធីទាំងមូល របស់ទូរទស្សន៍ត្រូវបានផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរ ថ្មីនេះដែរត្រូវបានគេរំពឹង ថាក៏នឹងផ្លាស់ប្តូរទម្លាប់នៃការទស្សនា របស់ប្រជាពលរដ្ឋទូទៅដូចគ្នា ។”

ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ បច្ចុប្បន្នទូរទស្សន៍PNN ចាក់ផ្សាយភាពយន្តបរទេស នៅម៉ោង ៦ ដល់ម៉ោង៧យប់ ម៉ោង ៩ ដល់ម៉ោង១០យប់ និងម៉ោង ១១យប់ ដល់ម៉ោង១អធ្រាត្រ ជារៀងរាល់ថ្ងៃ ។ ចាប់ពីម៉ោង ៦ ដល់ម៉ោង៧យប់ ទូរទស្សន៍ PNN នឹងចាក់ផ្សាយភាពយន្តភាគថៃ រឿងលោហិតនាគ ត្រកូលសឹង្ហ (ច័ន្ទ ដល់ ព្រហស្បតិ៍) និងក្រមុំស្រស់លង់កំឡោះខ្ទើយ (សុក្រ ដល់ អាទិត្យ) ។ ម៉ោង ៩ ដល់ម៉ោង១០យប់ ពយន្តភាគថៃរឿង មិត្តទ្រុស្តមិត្ត (ច័ន្ទ ដល់ ព្រហស្បតិ៍) និងស្រមោលដួងចន្ទ (សុក្រ ដល់ អាទិត្យ) ។ នៅវេលាថ្ងៃត្រង់ ចាក់ផ្សាយភាពយន្តភាគចិន រឿងស្រីឆ្នាស់បេះដូងដែក ពីម៉ោង ១១ ដល់ម៉ោង១២ ថ្ងៃត្រង់ និងភាពយន្តភាគថៃរឿង ល្ខោនជីវិត នៅម៉ោង១ រសៀល ។

នៅខែមករា ចាប់ពីម៉ោង១១ ដល់ម៉ោង១២ថ្ងៃត្រង់ ទូរទស្សន៍ PNN នឹងចាក់ផ្សាយ ភាពយន្តភាគចិន រឿងស្រីឆ្នាស់បេះដូងដែក និងពីម៉ោង ១២ ដល់ម៉ោង១ រសៀល ភាគយន្តភាគថៃល្បី រឿង ល្ខោនជីវិត ។ ខ្សែភាពយន្តភាគទាំងពីរ នឹងចាប់ផ្តើមចាក់ផ្សាយនៅសប្តាហ៍នេះ និងបន្តចាក់ផ្សាយក្នុងខែមករា ។ ទូរទស្សន៍ ភីអិនអិន នឹងនាំយកខ្សែភាពយន្តខ្មែរ មកចាក់ផ្សាយក្នុងម៉ោងពិសេស របស់ខ្លួននៅចុងឆ្នាំនេះ ៕