សម្តេច​ហ៊ុនសែន​៖ តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​រថយន្ត យ៉ាងហោចណាស់ នឹងត្រូវ​បញ្ចុះតម្លៃ​ពាក់កណ្តាល​

ភ្នំពេញ: ​ក្នុង​ខ្លី​ប​វិ​ដេ​អូ ដែល​បាន​បង្ហោះ​នៅ​រសៀល​ថ្ងៃទី​៧​មករា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា តម្លៃ​បង់ថ្លៃ​ប័ណ្ណបើកបរ​រថយន្ត គឺ​នឹង​បញ្ចុះតម្លៃ​ជូន​ពលរដ្ឋ យ៉ាងហោចណាស់ ពាក់កណ្តាល​នៃ​តម្លៃ​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ កំពុងតែ​ពិនិត្យ ពិភាក្សា មុននឹង​ចេញ​សេចក្តីសម្រេច ក្នុងពេល​ឆាប់ៗ​នេះ​។​

​កន្លងមក ការដូរ​ប័ណ្ណបើកបរ​រថយន្ត ដែល​អស់​សុពលភាព ត្រូវបាន​គេ​គិត​តម្លៃ ៣៥ ដុល្លារ សម្រាប់​ប័ណ្ណបើកបរ​រថយន្ត ដែល​ធ្វើ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​។ រីឯ​ប័ណ្ណបើកបរ​រថយន្ត ធ្វើ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ថ្លៃ​ប្តូរ​ប័ណ្ណបើកបរ​រថយន្ត តម្លៃ ២៨ ដុល្លារ​។​

​ចំណែក​ការធ្វើ​ប័ណ្ណបើកបរ​រថយន្ត​ធុន​តូច ត្រូវបាន​មន្ត្រី​នៅ​អង្គភាព​ចេញ​ប័ណ្ណបើកបរ ទារ​ថ្លៃ ១២០ ដុល្លារ ឬក៏ ១៨០ ដុល្លារ ទៅតាម​ការចរចា​តម្លៃ រវាង​អ្នកធ្វើ​ប័ណ្ណបើកបរ និង​អ្នកទទួលបន្ទុក​ការងារ​ចេញ​ប័ណ្ណបើកបរ​ទាំងនោះ​។​

​សូម​រម្លឹកថា ជាមួយនឹង​ការបញ្ជាក់​ខាងលើនេះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​ប្រកាស ឆ្លើយតប​នឹង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ថា តាមច្បាប់​ចរាចរណ៍ តម្រូវ​ឲ្យ​អ្នកជិះរថយន្ត​នៅ​ខាងក្រោយ ជិះ​បានតែ​បីនាក់​។ នោះ​គឺ​មិន​ថា​នៅ​ប្រទេស​យើង​ទេ នៅ​ប្រទេស​ណាក៏ដោយ នៅ​កៅអី​ខាងក្រោយ គេ​តម្រូវ​ឲ្យ​ជិះ​តែ​បីនាក់​ប៉ុណ្ណោះ ជិះ​លើសពីនេះ ត្រូវ​ផាកពិន័យ​។​

​ពាក់ព័ន្ធ​នឹង​ម៉ូតូ និង​ឡាន ដែល​គ្មាន​ពន្ធ ត្រូវបាន​សម្តេច​ហ៊ុនសែន ប្រកាស​ដែរ​ថា មិនមាន​ការលើកលែង​ទេ គឺ​ម្ចាស់​ម៉ូតូ និង​ឡាន​អត់​ពន្ធ​ទាំងនោះ ត្រូវ​ទៅ​បង់ពន្ធ​នាំចូល​ទាំងអស់គ្នា​។ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ក៏​ដូចគ្នា គឺ​ត្រូវ​ទៅ​បង់ពន្ធ​នាំចូល​ទាំងអស់គ្នា មិនមែន​តែ​រថយន្ត​ដឹក​ដី ដែល​មានតែ ៤០០ គ្រឿង​នោះទេ​។ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​បញ្ជាក់​ពី​ការហាម​ដាច់ខាត មិន​ឲ្យ​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​បន្ថែមទៀត​ទេ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​ពី​ការបញ្ឈប់​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ធុន​តូច ដែលមាន​កម្លាំង​ចាប់ពី ១២៥ CC ចុះក្រោម និង​ការផ្តល់​លុយ​ជូន​អ្នកធ្វើ​ប័ណ្ណ​ទាំងនោះ​វិញ​។ ប៉ុន្តែ​សម្តេច​ហ៊ុនសែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ស្វែងយល់ រៀន​ឲ្យ​ចេះ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​