សមត្ថកិច្ច​ក្របួច​ក្រុម​គ្រឿងញៀន​ទាំង​សំបុក​បាន​៨​នាក់

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​គ​របាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដោយ​ចាប់​បាន​ទាំង​សំបុក​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន ក្រាម​ពណ៌​ស​ចំនួន​៩​កញ្ចប់ ទម្ងន់​៨,៧៩​ក្រាម ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​ដៃ​៧​គ្រឿង អត្តសញ្ញាណបណ្ណ​២​សន្លឹក កាបូបដៃ​២ ដែកកេះ​២ ឧបករណ៍​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​ជួល​ស្រែ​ម្អម ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ។ លុះ​ព្រឹក​ថ្ងៃ​ទី​០៧​មក​រា​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ និង​សុំ​ដីកា​តាម​ចាប់​បក្ខពួក​មួយ​ចំនួន​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​(​ស្រែ​ម្អម​)​របស់​ឈ្មោះ ភិន ប៊ុ​ន​ថា​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្ថិត​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​​បាន​ចំនួន​៨​នាក់ (​ស្រី​២​នាក់​) ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ចែកចាយ​ជួញដូរ​ដោយ​ខុសច្បាប់ ដោយ​មានការ​សហការ​គ្នា​រវាង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន​ខេត្ត​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ចំការលើ ។

លោក​វរសេនីយ៍ទោ សោម រស់ ប្រាប់​បន្ត​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ​មាន ១-​ឈ្មោះ ម៉​ន សំអាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ២-​ឈ្មោះ ពេជ្រ ស៊ី​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ផ្តុះ​ព្រៃ ឃុំ​ព្រៃ​ញា​ក​ពីរ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​, ៣-​ឈ្មោះ ញ៉ ស្រី​អូន ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែក ឃុំ​ត្រពាំង​វែក ស្រុក​គិរី​វង្ស ខេត្តតាកែវ​, ៤-​ឈ្មោះ ហាក់ ចាន់​ឌិ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ៥-​ឈ្មោះ ញឹ​ម វិចិត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​, ៦-​ឈ្មោះ ​ស្រី សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​, ៧-​ឈ្មោះ វិត សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​រំចេក ស្រុក​កំពង់សៀម និង ៨-​ឈ្មោះ​ នាង មាស​មិ​នា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុក​ចំការលើ ។

លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ទាំង​៨​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ព្រមទាំង​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​មួយ​ចំនួន​ទៀត​យក​មក​ផ្តន្ទាទោស​ ៕