សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្ត្រី​ដែល​រិះគន់​ថា​មាន​អ្នក​ប្រើ​ស្លាក​សិទ្ធិ​មនុស្ស​ក្លែងក្លាយ

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​ការពារ​សិទ្ធិ​មនុស្ស ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រិះគន់​ថា មាន​ការ​ប្រើប្រាស់​ស្លាក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​បោក​ប្រាស់ ដែល​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​វឹកវរ។ នៅ​ក្នុង​អង្គ​មីទ្ទិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មករា នៃ​ការ​រំឭក​ខួប​លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ដ៏​ម៉ឺងម៉ាត់​ប្រឆាំង​ការ​ប្រើប្រាស់​ស្លាក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្លែងក្លាយ។

ការ​ព្រមាន​ជា​ថ្មី​ទៀត​របស់ លោក ហ៊ុន សែន បើ​ទោះ​ជា​លោក​ពុំ​បាន​បញ្ជាក់​ពី​ឈ្មោះ​ស្ថាប័ន ឬ​អង្គភាព​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្ដី ក៏​ក្រុម​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​សារ​នយោបាយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​រើសអើង ជាពិសេស​ពី​សំណាក់​អាជ្ញាធរ​មាន​ការ​យល់​ខុស និង​ធ្វើ​ឲ្យ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល ពិបាក​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន​លើ​វិស័យ​ការពារ​សិទ្ធិ​មនុស្ស​នេះ​ដែរ​នៅ​តាម​សហគមន៍​មូលដ្ឋាន។

ប្រតិកម្ម​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ដ៏​ម៉ឺងម៉ាត់​ប្រឆាំង​រាល់​សកម្មភាព​ទាំងឡាយ​ដែល​នាំ​ឲ្យ​វឹកវរ និង​មហន្តរាយ​ដល់​សង្គម ដែល​ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្លែងក្លាយ។

នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​របស់ លោក ហ៊ុន សែន មួយ​បន្ថែម​ទៀត ក្រោយ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ រិះគន់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួល​បួល​នៅ​ឡើយ​ផង អំពី​ឈ្មោះ​ស្ពាន ៥ មករា ជិត​សាលា​តិចណូ​នោះ។

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​លើ​វិស័យ​ការពារ​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា វា​ការ​ជា​ប្រមាថ និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ឯកជន ជាពិសេស​ក្រុម​សង្គម​ស៊ីវិល​ពី​រដ្ឋាភិបាល។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ហៅ​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ថា​ជា​ការ​រំលោភ​ទៅ​លើ​គោលការណ៍​ជា​សកល និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ។ លោក​បន្ថែម​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​កិច្ចការ​ដោយ​ពុំ​បាន​គិត​ពី​ផល​ប្រយោជន៍ ឋានៈ និង​តួនាទី​ជា​ធំ​នៅ​ក្នុង​សង្គម​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ កិច្ចការ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អនុវត្ត​នេះ គឺ​ដើម្បី​បំពេញ​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «»។

ទាក់ទិន​រឿង​នេះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នោះ​ព្រមាន​ថា រដ្ឋាភិបាល​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ ចំពោះ​អ្នក​ដែល​បង្ក​បញ្ហា​សង្គម​ក្រោម​ហេតុផល​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បោកប្រាស់។ ជា​ទម្លាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​តែង​ឆ្លៀត​ឱកាស​ប្រើប្រាស់​វេទិកា​សាធារណៈ ហើយ​វាយ​ប្រហារ​ដោយ​សម្ដី​ធ្ងន់ៗ​ដែល លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​បច្ចាមិត្ត​នោះ គឺ​លោក​និយាយ​ថា នឹង​មិន​ឲ្យ​សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​កសាង​ដោយ​ថ្ងៃ​៧ មករា នេះ ត្រូវ​សាបសូន្យ​ទៅ​វិញ​ដោយ​មនុស្ស​មួយ​ក្រុម​រស់​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស​កុហក​នោះ​បាន​ទេ៖ «»។

ឆ្លើយ​តប​រឿង​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត យល់​ឃើញ​ថា កិច្ចការ​ទាំង​អំបាលម៉ាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ធ្វើ​ការ​ពុំ​ដែល​សម្លឹង​ឃើញ​បុណ្យ​ស័ក្ដិ និង​កិត្តិយស​ជា​ធំ​អ្វី​ឡើយ។ លោក​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ​កិច្ចការ​ដែល​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​អនុវត្ត​នោះ គឺ​ពុំ​មាន​អ្វី​ក្រៅ​ពី​ព្យាយាម​បណ្ដុះបណ្ដាល​ឲ្យ​ពលរដ្ឋ យល់​ដឹង​ពី​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​ចូលរួម​គោរព​ច្បាប់ ក៏ប៉ុន្តែ​មាន​ពេល​ខ្លះ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល អាច​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ខ្លះ​លើ​ចំណុច​មួយ​ចំនួន។ បើ​ទោះ​ជា​យ៉ាង​ណា លោក យី សុខសាន្ត យល់​ឃើញ​ថា គំនិត​មិន​ស្រប​គ្នា​ខ្លះ​នេះ ពុំ​មែន​មាន​ន័យ​ថា ជា​ការ​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ដែរ៖ «»។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ខ្លួន​បាន​បំពេញ​ក្នុង​ការ​កែលំអ និង​ចូលរួម​ក្នុង​សង្គម ដូចជា​ការ​ចុះ​អប់រំ​ឲ្យ​ដឹង​អំពី​ច្បាប់ សិទ្ធិ​មនុស្ស សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​សិទ្ធិ​សេដ្ឋកិច្ច ជាដើម ក៏ប៉ុន្តែ​ជា​ញឹកញាប់ គេ​សង្កេត​ឃើញ​ថា សកម្មភាព​ទាំង​នេះ​តែង​ត្រូវ​បាន​រារាំង និង​ចុះ​ទប់ស្កាត់​ជា​ហូរហែ​ពី​អាជ្ញាធរ​រដ្ឋ​ទៅ​វិញ ក្រោម​ហេតុផល​កម្មវិធី​ដែល​សង្គម​ស៊ីវិល​រៀបចំ​ទាំង​នោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម។

បើ​ទោះ​ជា​បែប​ណា មាត្រា​៦៥ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋ​ត្រូវ​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​នៅ​គ្រប់​កម្រិត និង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​ការ​អប់រំ​នេះ បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប។ យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួច​ជា​ស្រេច​ហើយ ដែល​ច្បាប់​នេះ​រង​ការ​រិះគន់​ថា អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​រឹតត្បិត​ការងារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាពិសេស​អង្គការ​សមាគម​នៅ​តាម​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។