កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​៣​នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ល្បាត​ពេល​យប់​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុង​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ និង​មធ្យោបាយ​ម៉ូតូ​២​គ្រឿង ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ស៊ុំ សុ​ភី ហៅ​តឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ២-​ឈ្មោះ ម៉​ម ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ជាមួយ​គ្នា និង ៣-​ឈ្មោះ ឈុ​ន សុខា​លុ​ច ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិធំ​ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។

លោក វង សែ អធិការរង​នគរបាល ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​ឲ្យ​រូប​លោក​ចុះ​ដឹកនាំ​កម្លាំង​ស្រុក​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​ទូ​ទាំង​ស្រុក​កៀនស្វាយ​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជា​ពលរ​ដ្ធ​ទាំង​យប់​ទាំង​ថ្ងៃ​ឲ្យ​មាន​ភាព​កក់ក្តៅ ។ លោក វង សែ បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ល្បាត​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ជួប​ជាមួយ​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​ 1C-1825 និង​១​គ្រឿង​ទៀត​ម៉ាក TODAY ពណ៌​ស គ្មាន​ស្លាក​លេខ ពេល​យប់​អធ្រាត្រ ​ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕