ឡាវ​ដែលជា​ប្រធាន​អាស៊ាន​អាច​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ដំណើរការ​សហគមន៍​តែមួយ

​ឆ្នាំ​២០១៦ គឺ​ចំណុច​របត់​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ក្នុងការ​ប្រែក្លាយជា​សហ​គម​ន៍​តែមួយ​។ ចំណុច​សំខាន់​នោះ អាស៊ាន ដែលជា​ស្ថាប័ន​មួយ​ប្រជុំ​ទៅដោយ​សមាជិក​ដែលមាន ភាព​ចម្រុះ​គ្នា​ទាំង​ជាតិ​សាសន៍ សាសនា និង ប្រព័ន្ធ​នយោបាយ នឹងត្រូវ​ស្ថិតនៅលើ​ចក្ខុវិស័យ​តែមួយ​រួម គ្នា​។ ឡាវ នឹង​ក្លាយជា​រដ្ឋ​អាស៊ាន​ដំបូង​គេ ដែល​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក្នុងនាម​អាស៊ាន​ជា​សហគមន៍​តែមួយ​។

​ប្រមុខ​រដ្ឋាភិបាល​ឡាវ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ត្រូវមាន​វត្តមាន​មេដឹកនាំ​កំពូល​ពិភពលោក​ជាច្រើន​ចូលរួម​ផងដែរ​។ តាម​សេចក្តីប្រកាស ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំនេះ គឺ « ការ​ប្រែក្លាយ​ចក្ខុវិស័យ​ទៅជា​ការពិត​សម្រាប់​សហគមន៍​អាស៊ាន​ដែល​ប្រកបដោយ​ថា​ម​វ័​ន្ត »​។

​ឡាវ បានក្លាយ​សមាជិក​ពេញអង្គ​របស់​អាស៊ាន​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៧​។ រដ្ឋ​ដែល​មិនមាន​ព្រំដែន​ជាប់ នឹង​សមុទ្រ​មួយ​នេះ បាន​ធ្លាប់ធ្វើ​ប្រធាន​អាស៊ាន​ម្តង​រួចហើយ​នៅ​ឆ្នាំ​២០០៤​។ តាមពិតទៅ​ឡាវ ធ្វើជា ប្រធាន​អាស៊ាន ជា​លើក​ទី​២​នៅ​ឆ្នាំ​២០១៤ មកម្ល៉េះ តែដោយសារ​តែ មិនមាន​លក្ខណៈ​រួចរាល់​ក្នុង​ការរៀបចំ​កម្មវិធី ឡាវ ផ្ទេរ​វេន​នោះ ទៅ​ឲ្យ​មី​យ៉ាន់​ម៉ា​វិញ​។ យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​អ្នកសម្របសម្រួល​នៃ​កិច្ចប្រជុំ​លើក​នេះ ឡាវ​អាច​នឹងត្រូវ​ប្រឈម​បញ្ហា​ច្រើន​។

១. ការផ្លាស់ប្តូរ​របៀបវារៈ​ថ្មី​របស់​អាស៊ាន
​បើទោះបីជា​ឡាវ ធ្លាប់​ធ្វើជា​ប្រធាន​អាស៊ាន​ម្តង​រួចហើយ​ក៏ដោយ ឡាវ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ថ្មី ពោលគឺ​របៀបវារៈ​នៃ​កិច្ចប្រជុំ​។ ពិតណាស់​អាស៊ាន បាន​បង្កើត​អស់​រយៈ​ជាង​៤​ទសវត្សរ៍​មកហើយ ហើយ​កិច្ចប្រជុំ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រធានបទ​ក៏​មិនសូវមាន​លក្ខណៈ​ខុសគ្នា​ប៉ុន្មាន​ដែរ​។ តែ​ចាប់ពី​ឆ្នាំ ២០១៦​តទៅ របៀបវារៈ​អាស៊ាន នឹងត្រូវ​ចាប់ផ្តើម​ផ្លាស់ប្តូ​រហើយ​។ នោះ​ក៏​ព្រោះតែ​អាស៊ាន ត្រូវបាន​ប្រែ ក្លាយជា​សហគមន៍​មួយ​ជា​ផ្លូវការ​ហើយ​។ សហគមន៍​នេះ រាប់បញ្ចូល​សរ​ស្តម្ភ​បី​រួមមាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សហគមន៍​សន្តិសុខ និង​នយោបាយ និង​សហគមន៍​សង្គម និង​វប្បធម៌​។​

​ការ​ដំណើរការ​អាស៊ាន​ឲ្យ​ទៅជា​សហគមន៍​អាស៊ាន បាននិងកំពុង​តែ​អនុវត្ត​ដោយយោង​តាម​ការ កំណត់​របស់​ផែនការមេ (ASEAN Blueprint)​។ តែ​ទន្ទឹមនឹង​ការអនុវត្ត​នេះ ក៏មាន​បញ្ហា​ដែល​រដ្ឋ​សមា​ជិ ក​ទាំង​ដប់​ប្រឈម​ក្នុង​ដំណើរ​នេះ​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឡាវ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​ប្រឈម​ជាច្រើន​របស់​អាស៊ាន  ក្នុងនោះ​មានដូចជា​ការដាក់​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហា​ប្រឈម​នានា​ក្រោយ​សមាហរណកម្ម បញ្ហា​សន្តិសុខ​តំបន់​ដូចជា​សមុទ្រ​ចិន​ខាងត្បូង ភេរវកម្ម ជាដើម​។

២. ការឡើង​កម្តៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នឹងធ្វើ​ឲ្យ​ឡាវ​ពិបាក​សម្របសម្រួល​
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ត្រូវ​បានដាក់​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​អាស៊ាន​។ តែ​រៀងរាល់​កិច្ចប្រជុំ​ឲ្យ​តែ​ដាក់​ប្រធានបទ​នេះ គឺជា​តែងតែមាន​ការប្រឈមមុខ​គ្នា​ខ្លាំង​រវាង​ភាគី​ពាក់ព័ន្ធ​។ ភាគី​ពាក់ព័ន្ធ ទាំងអស់​មាន​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។

​បើ​យោងតាម​តាម​ស្ថាន​ចុងក្រោយ ការ​ប្រឈម​គ្នា​កំពុងតែ​ឡើងក​ម្តៅ​ជាថ្មី រវាង​ហ្វីលីពីន រួមជាមួយ​គូ របស់ខ្លួន​វៀតណាម នឹង​មានការ​ជ្រៀម​ជ្រែង​ពី​អាមេរិក ជាមួយនឹង​ចិន​។ ហើយ​នោះ ក៏​ព្រោះតែ​ចិន បាន​បន្តសកម្មភាព​វាតទី​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​ត្រួតស៊ីគ្នា​ជាមួយនឹង​អាស៊ាន​។ ហើយ​ប្រាកដ​ណាស់ ប្រធាន​នេះ នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ ដែល​នឹង​ក្លាយជា​សម្ពាធ​មួយ​សម្រាប់​ឡាវ​ក្នុងនាម​ជា​អ្នកសម្របសម្រួល​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​