លោក ហង្ស ពុទ្ធា​៖ «​ខ្ញុំ​នឹងចូលរួម​រើស​អគ្គ និង​អគ្គលេខាធិការរង​ដោយ​អព្យាក្រឹត​»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ជា​លើកចុងក្រោយ​នៅ​ថ្ងៃទី​១៥ មករា​ខាងមុខនេះ ហើយ គ​.​ជ​.​ប នឹង​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។ សមាជិក​ឯករាជ្យ​ទី​៩ នៃ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អះអាងថា លោក​នឹងចូលរួម​ជ្រើសរើស​បេក្ខជន​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​អព្យាក្រឹត មិន​លម្អៀង​ឡើយ​។​

​ខណៈដែល​អ្នកវិភាគ​ស​ង្ស័​យ​ថា សមាជិក​ឯករាជ្យ​ទី​៩ នៃ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អាច​មិន​ឯករាជ្យ​ដោយ​លម្អៀង​បោះឆ្នោត​គាំទ្រ លោក ទេព នីថា ឲ្យ​តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប ដដែល​នោះ លោក ហង្ស ពុទ្ធា តប​វិញ​ថា នេះ​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​របស់​ពួកគេ​ប៉ុណ្ណោះ​។​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ ប្ដេជ្ញា​ថា លោក​នឹងចូលរួម​ជ្រើសរើស​បេក្ខជន​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​ជាក់លាក់​អព្យាក្រឹត មិន​លម្អៀង​ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសង្ស័យ​របស់​ពួកគេ​នេះ គ្រាន់តែ​ជាការ​ព្រួយបារម្ភ​និង​ការចូលរួម​គិតគូរ​ដល់​ប្រទេសជាតិ​របស់​ពួកគេ​។ តែ​ខ្ញុំ​គ្រាន់តែ​អាចមាន​សន្លឹកឆ្នោត​តែមួយ​ទេ មិនមាន​តុល្យភាព​គ្រប់គ្រាន់​ឡើយ ព្រោះ​អាស្រ័យ​លើ​សមាជិក​ដទៃទៀត​ជ្រើសរើស​ដែរ​។ តែ​ខ្ញុំ​នឹង​សម្រេចចិត្ត​ឲ្យ​ជាក់លាក់ និង​អ​ព្យា​ក្រឹត្យ​ក្នុងការ​ជ្រើស​បេក្ខជន​កាន់​តួនាទី​ទាំងពីរ​នេះ​»​។​

​កន្លងមក​អ្នកវិភាគ​ក៏​ធ្លាប់​រិះគន់ថា ការប្រកាស​ជ្រើសរើស អគ្គលេខាធិការ គ​.​ជ​.​ប ជា​សាធារណៈ​ពេលនេះ គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចោទថា គ​.​ជ​.​ប មិនមាន​ភាព​ឯករាជ្យ​ប៉ុណ្ណោះ​។ ពួកគេ​យល់ថា តួនាទី​អគ្គលេខាធិការ គជប ថ្មី​នេះ ទំនងជា​ស្ថាប័ន គ​.​ជ​.​ប បានរៀបចំ​ទុក​តំណែង​នេះ​រួចជាស្រេច​ហើយ​សម្រាប់​លោក ទេព នីថា​។​

​បើទោះជា​មានការ​លើកឡើង​ដូចនេះ​ក្ដី តែ​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការជ្រើសរើស​បេក្ខជន​ចូលកាន់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ជា​លើកចុងក្រោយ គឺ សមាជិក គ​.​ជ​.​ប ទាំងអស់ នឹង​អនុវត្ត​ជ្រើសរើស​តាម​រូបមន្ត​ផ្គូផ្គង ទៅលើ​កំរិត​អប់រំ បច្ចេកទេស​ការងារ និង​សមត្ថភាព​ដែល​អាចបំពេញ​ការងារ​ដោយ​ទុកចិត្តបាន ពោលគឺ​មិនមែន​ជ្រើសរើស​តាមរយៈ​ការសម្រេច​របស់​ប្រធាន គ​.​ជ​.​ប តែ​ម្នាក់​នោះឡើយ​។ តែ​យ៉ាងណា​សមាជិក​ឯករាជ្យ​ទី​៩​នៃ គ​.​ជ​.​ប រូបនេះ ក៏​មិនទាន់​អាច​និយាយបានថា បេក្ខជន​ថ្មី នឹង​អាចមាន​លទ្ធភាព​គ្រ ប់​គ្រាន់​កាន់តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប ជំនួស​លោក ទេព នីថា ដែរ​ឬ​អត់​នោះទេ ដោយ​រងចាំ​មើល​ការពិនិត្យ​លើ​សមត្ថភាព​ពួកគេ​ជា​លើកចុងក្រោយ​សិន​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប នឹង​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង តាមរយៈ​ការផ្គូផ្គង​ទៅលើ​កំរិត​អប់រំ បច្ចេកទេស​ការងារ​ក​ន្ល​ង​មក និង​អត្តចរិត​ដែល​បំពេញការងារ​ដោយ​អាច​ទុកចិត្តបាន ទាំងនេះ​គឺជា​ចំណុច​គោល​ធំ ។ តែ​ជ្រើសរើស​តាម​រូបមន្ត​ផ្គូផ្គង​នេះ នៅមាន​បែងចែក​ចំណុច​តូចៗ​ច្រើន​ទៀត ដែល​ខ្ញុំ​ពិបាក​ពន្យល់​ប្រាប់​ណាស់​។ ប៉ុន្ដែ​បើ​ការផ្គូផ្គង​ជ្រើសរើស​នោះ​មើលទៅ​មានមតិ​ស្រប​និង​ផ្ទុយ​ប្រហែល​គ្នា នោះ គ​.​ជ​.​ប នឹង​រៀបចំ​បោះឆ្នោត​សម្រេច​ជ្រើស​ពី​សមាជិក គ​.​ជ​.​ប ទាំង​៩​ដើម្បី​ជ្រើសរើស​តែម្ដង​»​។​

​ក្នុង​វគ្គ​ជម្រុះ​បេក្ខជន​កាន់តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប បាន​លេច​មុខមាត់​ចំនួន​៣​រូប ក្នុងនោះ​មាន​លោក ទេព នីថា អគ្គលេខាធិការ​ចាស់ គ​.​ជ​.​ប  លោក ហេង មណី​ចិន្ដា ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ និង​លោក យ៉ា ណា​វុ​ធ នាយក​អង្គការ​ខា​រ៉ា​ម​កម្ពុជា​។​ចំណែក​អគ្គលេខាធិការ​រង មាន​លោក នី ចរិយា លោក ម៉ៅ សុភា​រិ​ទ្ធ លោក សំ សុ​គង់ លោក គឹម ឈន លោក សោម សូ​រី​ដា លោក ម៉ុក ដា​រ៉ា លោក កាន់ ប៊ុន​វីរៈ លោក ណេ ហ្សូ​នី លោក សុ​កុលៈ ទី​ប៉ោ លោក រស់ សូ លោក យ៉​ត ប៊ុន​នី និង​អ្នកស្រី លឹម ច័ន្ទ​លីដា​។​

​គួរ​បញ្ជាក់ថា គ​.​ជ​.​ប ជ្រើសរើស​អគ្គលេខាធិកា​រ ១​រូប និង​អគ្គលេខាធិការរង​ចំនួន​៤​រូប​៕


ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​