ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ត្រៀម​ទៅ​សេ​អ៊ូ​ល ក្រោយ​ព្យុងយ៉ាង​បាញ់​នុយក្លេអ៊ែរ​

 សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​រៀបចំ​ជជែក​គ្នា​ជាថ្មី​ពី​ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ទៅកាន់​កូរ៉េខាងត្បូង ក្រោយ​ពេលដែល​ក្រុង​ព្យុងយ៉ាង​ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ថ្ងៃ​ពុធ​ទី ៦​មករា ម្សិលមិញ​។ អាវុធ​ដែល​អាមេរិក​អាច​នឹង​ពង្រាយ​ទៅកាន់​កូរ៉េខាងត្បូង​នោះ​គឺ ប្រព័ន្ធ​មី​ស៊ី​ល​ស៊េរី​ទំនើប​ដូចជា​ប្រព័ន្ធ​មី​ស៊ី​ល​ថា​ត​(THAAD) ជាដើម​។ គេ​ឃើញ​អ្នកនយោបាយ​អាមេរិក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​មី​ស៊ី​ល​របស់ខ្លួន​ដើម្បី​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​ពី​ខាងក្រៅ​ផងដែរ​។ ប៉ុន្តែ​កន្លងមក​គម្រោង​ពង្រាយ​មី​ស៊ី​ល​ទៅ​កូរ៉េខាងត្បូង​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​សិន ព្រោះ​ចិន​ប្រាប់​កូរ៉េខាងត្បូង​ថា​មី​ស៊ី​ល​គំរាមកំហែង​សន្តិសុខ​ខ្លួន​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក្លាយជា​ក្តីបារម្ភ​ថ្មី​មួយ​របស់​សហគមន៍​អន្តរជាតិ​។ នេះ​ក៏ដោយ​សារ រដ្ឋ​ឯកោ កូរ៉េខាងជើង​អាចមាន​លទ្ធភាព​គំរាមកំហែង ប្រទេស​មហាអំណាច​ធំ​ដូចជា​អាមេរិក​ជាដើម និង​បំផ្លាញ​សន្តិភាព​ពិភពលោក​។ អាវុធ​អ៊ីដ្រូសែន​ដែល​កូរ៉េខាងជើង​ទើប​បាញ់​សាកល្បង​ថ្មី​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់បែក​អា​តូ​មិ​ក​ដែល​អាមេរិក​ធ្លាប់ប្រើ​ប្រាស់​កន្លងមក​ច្រើន​រយ​ដង​។ ការផ្គើន​ពិភពលោក​ច្រើនលើកច្រើនសារ​នេះ​ធ្វើ​ឲ្យ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមទាំង​ចិន​ជា​សម្ព័ន្ធមិត្ត​ខ្លួន​ផង​នោះ​ខឹងសម្បារ​ខ្លាំង​ដែរ​។ ចំណែក​កូរ៉េខាងត្បូង​ត្រៀម​ចាប់ផ្តើម​ចាក់​ឧបករណ៍​ឃោសនា​តាម​ព្រំដែន​ឡើងវិញ​ផងដែរ​ដើម្បី​សងសឹក​កូរ៉េខាងជើង​។​

​សហរដ្ឋអាមេរិក​កន្ល​ង​មក​មិនទាន់​ជឿជាក់ថា កូរ៉េខាងជើង​អាចបង្កើត​អាវុធ​អ៊ីដ្រូសែន​បែបនេះ​ទេ ប៉ុន្តែ​ក្រោយ​កូរ៉េខាងជើង​ប្រកាស​ជា​ផ្លូវការ សេត​វិមាន​ក៏​ប្រកាស​ទទួលស្គាល់​ដូចគ្នា​។ រដ្ឋបាល អាមេរិក​ចាប់ផ្តើម​ស្នើ​ប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រក​វិធានការ​សមស្រប​ប្រឆាំង​កូរ៉េខាងជើង​។ តែ​អ្នកនយោបាយ​អាមេរិក​ជា​ពិ​សេ​សមាជិក​បក្ស​សាធារណរដ្ឋ​ក៏​ស្រាប់តែ​ស្នើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ងាក​មក​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​ដើម្បី​ទប់ទល់​ការគំរាមកំហែង​។ គេ​ស្នើ​ឲ្យ​អាមេរិក​ប្រញាប់ប្រញាល់​ជជែក​ពិភាក្សា​និង​សហកា​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​តំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើបៗ​រួមទាំង​ប្រព័ន្ធ​មី​ស៊ី​ល THAAD ផង​។

១.​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​កាំជ្រួច​ឆ្លង​ទ្វីប​នឹងត្រូវ​ពង្រាយ​ទៅ​កូរ៉េខាងត្បូង​?
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បក្ស​សាធារណរដ្ឋ​លោក Mac Thornberry បាន​លើកឡើងថា វា​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក​និង​ផលប្រយោជន៍​អាមេរិក បើសិន​មិន​ពង្រឹង​ប្រព័ន្ធ​មី​ស៊ី​ល​ទេ​។ បើ​យោងតាម​សម្តី​សមាជិក​ព្រឹទ្ធសភា​ខាងលើ ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាច​នឹង​ពង្រាយ​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា​ឧបទ្វីប​កូរ៉េ​នេះ​អាច​នឹង​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ការពារ មី​ស៊ី​ល​THAAD ដែល​អាច​ប្រឆាំង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​។ នេះ​ដោយសារ​ការ​ភ័យ​បារម្ភ​ថា កូរ៉េខាងជើង​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ប្រើប្រាស់​អាវុធ​យុទ្ធសាស្ត្រ​ជាពិសេស​នុយក្លេអ៊ែរ​ដើម្បី​ប្រឆាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​កើនឡើង​។ ហើយ​អាមេរិក​ក៏​រង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ផ្សេងទៀត​ដូចជា​រុស្ស៊ី ក្រុម​ដែ​ស្ហ (Daesh) ឬ​រដ្ឋ​ឥស្លាម ជម្លោះ​ស៊ី​រី​ជាដើម ដូច្នេះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បន្ថែម​ជា​រឿង​ចាំបាច់​។

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuter  កូរ៉េខាងត្បូង​និង​អាមេរិក​បានចាប់ផ្តើម​ជជែក​គ្នា​ហើយពី​ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ទៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៃ​ការចរចា​មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ​។ កាលពី​ខែវិច្ឆិកា​កន្លងទៅ ប្រមុខ​ការពារជាតិ​អាមេរិក​លោក  Ashton Carter បាន​លើកឡើងថា ការជជែក​គ្នា​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ជា​បញ្ហា​ស្នូល​នៃ​សម្ព័ន្ធភាព​កូរ៉េខាងត្បូង​និង​អាមេរិក ប៉ុន្តែ​ការពិភាក្សា​ពី​ក​ម្រោ​ង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នៅ​មិនទាន់​ចាប់ផ្តើម​ឡើយ ព្រោះ​វត្តមាន​អាវុធ​យុទ្ធសាស្ត្រ​នេះ​អាច​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​ក្នុង​តំបន់​។ ប្រព័ន្ធ​មី​ស៊ី​ល THAAD ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាវុធ​ដែលមាន​សមត្ថភាព​ខ្ពស់​និង​ទំនើប​បំផុត​ដែរ​។​ប្រព័ន្ធ​នេះ​អាច​ចាប់​និង​កម្ទេច​រាល់​មី​ស៊ី​ល​ដែល​ហោះ​បាន​ជោគជ័យ​១០០​ភាគរយ​។

២. ចិន​មិន​ចង់ឃើញ​អាមេរិក​ពង្រាយ THAAD ទៅ​កូរ៉េខាងត្បូង​
​តាមពិតទៅ​ការពង្រាយ​អាវុធ​ទំនើប​ប្រភេទ​នេះ​ទៅកាន់​ឧបទ្វីប​កូរ៉េ ជា​រឿង​ចាំបាច់​សម្រាប់​អាមេរិក​និង​សម្ព័ន្ធមិត្ត​។ ប៉ុន្តែ​មហា​យក្ស​ចិន​មិន​ចង់ឃើញ​អាវុធ​ប្រភេទ​នេះ​ដាក់ពង្រាយ​តាម​ព្រំដែន​របស់ខ្លួន​ឡើយ ព្រោះ​ដូច​រៀបរាប់​ខាងលើ​អាវុធ​នេះ​ទំនើប​ហើយ​មាន​ឥទ្ធិពល​ខ្លាំង​ទៀត​។ ដោយសារ​ក្តីបារម្ភ​របស់​ចិន​នេះហើយ ទើបបានជា​កន្លងមក​កូរ៉េខាងត្បូង​ស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​អាមេរិក​ពង្រាយ​អាវុធ​នេះ​លើ​ទឹកដី​ខ្លួន​។ កូរ៉េខាងត្បូង​មិន​ចង់​ឲ្យ​ចិន​ខ្នើសចិត្ត​ទេ ព្រោះ​រដ្ឋាភិបាល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជួយ​គាំទ្រ​នយោបាយ​រួបរួម​កូរ៉េ​ទាំងពីរ​របស់លោក​ស្រី​ផង​។ តែ​កាលណា​បញ្ហា​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្តៅ អាមេរិក​ក៏មាន​លេស​ពង្រឹង យោធា​និង​ពង្រាយ​សព្វាវុធ​អាវុធ​បន្ថែម​ទៅ​កូរ៉េខាងត្បូង​ដូចគ្នា​។​

​កន្លងមក​ដើម្បី​ទប់ទល់​កូរ៉េខាងជើង អាមេរិក​ពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​ជាច្រើន​ទៅកាន់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​កោះ​ហ្កា​ម Guam ដែល​ស្ថិត​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​មិន​ឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ​។ បើតាម​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក បច្ចុប្បន្ន​អាមេរិក​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នេះ​ជាច្រើន​គ្រឿង​ដែរ​ទៅកាន់​កោះ ហ្កា​ម ហើយ​អាមេរិក​នឹង​បញ្ចូល​អាវុធ​ប្រភេទ​នេះ​៤៨​គ្រឿង​ថែមទៀត​ទៅ​បម្រើ​វិស័យ​ការពារជាតិ​ខ្លួន​ត្រឹម​ចុងឆ្នាំ​២០១៦  ដែល​វា​នឹង​កើនឡើង​ដល់ ១៥៥ គ្រឿង​។ ក្រៅពីនេះ គេ​ឃើញ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់​បរមាណូ B-2 និង​យន្តហោះ​ចម្បាំង​ជាច្រើន​ទៀត​នៅលើ​កោះ​នេះដែរ​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​