កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​បង្ហាញ​គម្រោង​​បញ្ចេញ​កាបូន​តិច​នាពេល​អនាគត

កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​បង្ហាញ​គម្រោង​​បញ្ចេញ​កាបូន​តិច​នាពេល​អនាគត

សកម្មជន​ធ្វើ​ឈុត​សម្តែង​ជា​ស្លាប់​ នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ជិត​ Eiffel Tower នៅ​ក្រុង​ប៉ារីស​នៅ​អំឡុងពេល​កិច្ចប្រជុំ​អាកាសធាតុ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ក្រុម​អ្នក​ចរចា​នៅ​ទីក្រុង​ប៉ារីស​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​សកល​ដើម្បី​ជៀស​វាង​ពី​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​ខ្លាំង​បំផុត​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​​​ កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​ផ្តល់​នូវ​ផែន​ទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​បង្កើន​ចំណាត់ការ​ផ្សេងៗ​បន្ថែម ជាមួយ​នឹង​ការ​គាំទ្រ​ពី​វិនិយោគិន​ឯកជន។ វ៉ាស៊ីនតោន—

ក្រុម​អ្នក​ចរចា​នៅ​ទីក្រុង​ប៉ារីស​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​សកល​ដើម្បី​ជៀស​វាង​ពី​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​ខ្លាំង​បំផុត​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​ ទោះ​បីកិច្ច​ព្រមព្រៀង​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ និងខកខាន​នៅ​ក្នុង​ការ​ដាក់កម្រិត​២​អង្សាសេ​ខ្ពស់​ជាង​កម្រិត​ដែល​មាន​ពីមុន​សម័យ​ឧស្សាហកម្ម​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​អំពាវនាវ​ឲ្យ​មាន​នោះ កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​ផ្តល់​នូវ​ផែន​ទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​បង្កើន​ចំណាត់ការ​ផ្សេងៗ​បន្ថែម ជាមួយ​នឹង​ការ​គាំទ្រ​ពី​វិនិយោគិន​ឯកជន។

អារម្មណ៍​សប្បាយ​រីករាយ​បាន​កើត​មាន​នៅ​ក្រុង​ប៉ារីស​ បន្ទាប់​ពី​ក្រុម​អ្នក​ចរចា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។

លោក​ Niklas Hohne ​អ្នក​ដឹកនាំ​វិទ្យាស្ថាន​អាកាសធាតុ​ថ្មី (New Climate Institute) ​នៅ​ទីក្រុង​ខឹ​ឡូន (Cologne ) ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយតាម​រយៈ​ប្រព័ន្ធ​ ​Skype​ ថា​ វិទ្យាសា​ស្រ្ត​ជា​ស្នូល​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ។ លោក​បាន​និយាយ​ថា​ ប្រទេស​ជាតិ​ទាំង​នោះ​បាន​សន្យា​ថា​ នឹង​ធ្វើ​ការ​ដើម្បី​កម្រិតការ​បំភាយ​ឧស្ម័ន​ឲ្យ​នៅ​ត្រឹម​១,៥ ​អង្សាសេ។

«ពេល​វេលា​ខ្លី​ខ្លាំង​ណាស់​។ ការ​បំ​ភាយ​ឧស្ម័ន​ត្រូវ​តែ​កាត់​បន្ថយ​ឲ្យ​នៅ​ត្រឹម​សូន្យ​ឲ្យ​បាន​លឿន​បំផុត។ ​និយាយ​ជារួម​គឺ​ថា ​វា​ជា​ទី​បញ្ចប់​នៃ​សម័យ​ឥន្ធនៈ​ហ្វូស៊ីល​ហើយ»។

ក៏​ប៉ុន្តែ​ផែនការ​របស់​ប្រទេស​ជា​ច្រើន​ដែល​បាន​ដាក់​ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ប៉ារីស​នោះ​ មិន​បាន​ចូល​រួម​ក្នុង​ការ​សម្រេច​គោល​ដៅ​នោះ​ទេ។ លោក ​Bob Deans ​ គឺជា​នាយកផ្នែក​ចូលរួម​យុទ្ធ​សាស្រ្ត​នៅ​ក្នុងក្រុម​ប្រឹក្សា​ការពា​ធនធាន​ធម្មជាតិ។ ​លោក​និយាយថា ​បទ​បញ្ញត្តិ​សំខាន់​ពីរ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​គាំទ្រ​ដល់​ការ​ប្តេជ្ញា​ចិត្ត​កាន់​តែ​ច្រើន​នៅ​ពេល​ខាងមុខ​។

«ទី​មួយ​គឺ​ថា​ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​ប្រជាជាតិ​ទាំង​អស់​ធ្វើ​បញ្ជី​សារពើ​ភណ្ឌ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​របស់​យើង​ទាំង​អស់។ យើង​មិន​បាន​ធ្វើ​បែប​នេះ​ទេ​ពី​មុន​មក។ នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ ការ​បំពុល​ដោយ​កាបូនចេញពី​កន្លែង​ណា​នោះ ​អ្នកមាន​គោលជំហរ​ប្រសើរ​ជាង​មុនក្នុង​ការ​ដោះស្រាយ​រឿង​នេះ។ ហើយ​ទីពីរ​ពួក​គេ​ត្រូវ​តែ​តាម​ដាន​មើល​ការ​បំ​ភាយ​ឧស្ម័ន​ទាំង​នេះ​ និង​ចែក​រំលែក​ព័ត៌មាននេះ​ជាមួយ​ពិភពលោក»។

បណ្តា​ប្រទេស​ទាំងនេះ​នឹង​ត្រឡប់​មក​ជួប​គ្នា​វិញ​នៅ​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​ដើម្បី​វាយ​តម្លៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។ ក៏ប៉ុន្ដែ​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​ និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ជឿ​ទុកចិត្ត​គ្នា។ ធ្យូងថ្ម​ ឧស្ម័ន ​និង​ប្រេងកាត ​មាន​៨០​ភាគ​រយ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​របស់​ពិភពលោក។ លោក​ Jeff Holmstead គឺ​ជា​អ្នក​វិភាគ​បរិស្ថាន​មួយរូប​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​មាន​ឈ្មោះ​ថា Bracewell​ និង​ Giuliani។ លោក​បាន​និយាយ​ថា​ ថាមពលកើត​ឡើង​វិញ​នៅ​តែ​មិនមែន​ជា​ការទំនុក​បម្រុង​ពិត​ប្រាកដ​សម្រាប់​ជំនួស​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ពិភព​លោក​ទេ។

«មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​យក​ប្រជា​ជន​ចេញ​ពី​ភាព​ក្រីក្រ​ដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​ទាំង​នោះ​នូវ​គុណ​ប្រយោជន៍​ដូចៗ​គ្នា​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​របស់​យើងសព្វថ្ងៃ​នេះ។ ហើយ​បើ​យើង​រក​ផ្លូវ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​ការ​បង្កើន​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់នោះ​ វា​គឺ​ជា​រឿង​មួយ​លំបាក​នឹង​ធ្វើ​ខ្លាំង​ណាស់»។

លោក​ Holmstead ​និយាយ​ថា​ តម្លៃ​កាបូន​នៅ​ក្នុង​ឆាក​អន្តរជាតិ​នឹង​ជួយ​កម្រិត​ការ​បំភាយ​ឧស្ម័ននេះ។ លោក​ Bob Deans​ នៃក្រុម​ប្រឹក្សា​ការពារធនធាន​ធម្មជាតិ​បាន​និយាយ​ផង​ដែរ​ថា ​ការ​ធ្វើ​ដូច្នេះ​នឹង​គាំទ្រ​ដល់​ជម្រើសថាមពលស្អាត​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ ទីក្រុង​ និង​សាជីវកម្ម​ឯកជន​ផង​ដែរ។

លោក​ Bom Deans និយាយ​ថា៖ «យើង​នឹង​មាន​អ្វី​មួយ​ដូច​ជា​ទឹក​ប្រាក់​ចំនួន​ ៥០លាន​លាន​(ទ្រីលាន)​ដុល្លារ​ដែល​នឹងត្រូវ​ចំណាយ​ដើម្បី​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​ថាមពល​សម្រាប់រយៈ​ពីរ​ទសវត្សរ៍​ខាង​មុខ​នេះ។ ហើយ​ភាគច្រើន​នៃ​ទឹក​ប្រាក់​នេះ​ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ថាមពល​ខ្យល់​ និង​ថាមពល​ស្អាត​ពី​ពន្លឺ​ព្រះ​អាទិត្យ​សម្រាប់​ផ្គត់​ផ្គង់​ប្រព័ន្ធ​ចែកចាយដល់​ប្រជាជនដើម្បី​រក្សា​ទុក។ ​ដូច្នេះ​ ប្រជាជន​អាច​ប្រើ​ប្រាស់​វា​ដោយ​មាន​ប្រសិទ្ធ​ភាព​បំផុត​នៅ​ពេល​ពួក​គេ​ត្រូវ​ការ​វា»។

សហរដ្ឋ​អាមេរិក​ បារាំង ​និងប្រទេស​ចំនួន​១៨​ផ្សេងទៀត​ បាន​ប្រកាស​ថា​ ពួកគេ​នឹងបង្កើន​មូលនិធិ​ឲ្យ​បាន​ទ្វេដង​ សម្រាប់​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ ​ដើម្បី​ជំរុញ​ទៅ​លើ​ជម្រើស​ថាមពល​ស្អាត។ មាន​វិនិយោគិន​ឯកជន​២៨​នាក់​ផ្សេង​ទៀត ​រួម​ទាំង​សហ​ស្ថាបនិក​ក្រុមហ៊ុន ​Microsoft ​លោក​ Bill Gates​ ផង​ បាន​ធ្វើ​ការ​សន្យា​ស្រដៀង​គ្នា​នេះ​ដែរ។ ​បណ្តា​ប្រទេស​ទាំង​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខែ​មេសា​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា