ផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អឺរ៉ុប​ដាំ​ក្បាល​ចុះ​ក្រោយ​ពី​ការ​នាំ​មុខ​របស់​ផ្សារ​ភាគហ៊ុន​ចិន

ផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អឺរ៉ុប​ដាំ​ក្បាល​ចុះ​ក្រោយ​ពី​ការ​នាំ​មុខ​របស់​ផ្សារ​ភាគហ៊ុន​ចិន

អ្នក​វិនិយោគ​ម្នាក់​មើល​ទៅ​កញ្ចក់​ដែល​បង្ហាញ​ពី​ព័ត៌មាន​ភាគហ៊ុន នៅ​ក្នុង​ក្រុង​ Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។

ផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អឺរ៉ុប បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​ចិន​ជា​ថ្មី​ម្តង​ទៀត បាន​ព្យួរ​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន ដោយសារ​តែ​ការ​លក់​ភាគហ៊ុន​ដ៏​ធំ​សម្បើម​មួយ។

និយ័តករ​ផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ប៉េកាំង បាន​កាត់​ផ្តាច់​ការ​ជួញ​ដូរ ក្នុង​រយៈ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ​ ក្រោយ​ពី​ផ្សារ​ហ៊ុន Shanghai Composite Index បាន​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ត្រឹម​ពេល​នោះ ទីផ្សារ​ភាគហ៊ុន បាន​ធ្លាក់​ចុះ ៧,៣​ភាគរយ​ទៅហើយ ចំណែក​ឯ​ផ្សារ​ភាគហ៊ុន Shenzhen ដែល​តូច​ជាង​ផ្សារ​ហ៊ុន Shanghai បាន​ដាំ​ក្បាល​ចុះ ដល់​ទៅ​៨,៣​ភាគរយ។

ការ​ធ្លាក់​ចុះ​ការ​ជួញដូរ​ភាគហ៊ុន​នេះ កើត​ឡើង​ជា​លើក​ទី​២ហើយ ក្នុង​សប្តាហ៍​នេះ។

ការ​ផ្អាក​ការ​ជួញ​ដូរ​ភាគហ៊ុន​ចិន​នេះ បាន​ធ្វើឲ្យ​វិនិយោគិន​នានា ព្រួយ​បារម្ភ និង​បាន​ធ្វើ​ឲ្យ​ផ្សារ​ភាគហ៊ុន​ផ្សេងៗ​ទៀត​នៅ​អាស៊ី​ធ្លាក់​ចុះ ហើយ​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​យ័ន​របស់​ចិន ត្រឹម ០,៥១ ភាគរយ​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ អត្រា​ធ្លាក់​ចុះ​នេះ​ មាន​កម្រិត​ទាប​បំផុត​ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​មក។

ផ្សារ​ហ៊ុន Nikkei របស់​ជប៉ុន បាន​ធ្លាក់​ចុះ ជិត​២ភាគរយ ហើយ​ផ្សារ​ហ៊ុន Kospi របស់​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ ១ភាគរយ។

ចំនែក​ឯ ផ្សារ​ហ៊ុន​នៅ​អឺរ៉ុប ក៏​បាន​ធ្លាក់​តាម​ផ្សារ​ភាគហ៊ុន​អាស៊ី​ដែរ។

ផ្សារ​ហ៊ុន DAX របស់​អាល្លឺម៉ង់ បាន​ធ្លាក់​ចុះ ជាង​៣ភាគរយ ក្រោយ​ពី​ផ្សារ​នោះ​បើក​ទ្វារ។ រីឯ ផ្សារ​ហ៊ុន CAC របស់​បារាំង​វិញ ​ក៏​បាន​ធ្លាក់​ចុះ ២,៥ភាគរយ​ដែរ ខណៈ​ដែល​ផ្សារ​ហ៊ុន FTSE​ របស់​អង់គ្លេស ធ្លាក់​ចុះ ២,៣ភាគរយ​ដែរ​នោះ៕