ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​លក្ខណៈ​មិត្តភាព​-​អន្តរជាតិ អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា​

ព្រះសីហនុ: លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​លក្ខណ​មិត្តភាព​-​អន្តរជាតិ ឆ្នាំ​២០១៦​នេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ល្អ លើ​វិស័យ​កីឡា ដែលជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកទេស និង​បទពិសោធន៍​ក្នុង​ការប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ ដែលជា​កេរ​មរតក​នៃ​សិល្បៈ​ការពារ​ខ្លួន​និង​សិល្បៈ​ប្រយុទ្ធ​របស់​ប្រជាជាតិ​ខ្មែរ​យើង តាំងពី​យូរលង់​ណាស់​មកហើយ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ពិធី​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​លក្ខណ​មិត្តភាព​-​អន្តរជាតិ ឆ្នាំ​២០១៦ ដើម្បី​អបអរសាទរ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧​មករា នា​ក្រុងព្រះសីហនុ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​។​

​ក្នុងឱកាស​នេះ លោក​សុខ អាន បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តួចផ្តើម​គំនិត និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សា​ខេត្ត​និង​គណៈ​អភិបាលខេត្ត​ព្រះសីហនុ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​លក្ខណៈ​មិត្តភាព​-​អន្តរជាតិ​នេះ​ឡើង និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​កីឡា គ្រូបង្វឹក និង​កីឡាករ​មកពី​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ថ្ងៃនេះ ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​អធិកអធម​។

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ល្អ លើ​វិស័យ​កីឡា ដែលជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកទេស និង​បទពិសោធន៍​ក្នុង​ការប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ ដែលជា​កេរ​មរតក​នៃ​សិល្បៈ​ការពារ​ខ្លួន​និង​សិល្បៈ​ប្រយុទ្ធ​របស់​ប្រជាជាតិ​ខ្មែរ​យើង តាំងពី​យូរលង់​ណាស់​មកហើយ​។ ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ ក៏​ជាការ​បំផុសស្មារតី​មហាជន​ឱ្យ​កាន់តែ​ស្រលាញ់ និង​គាំទ្រ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ហើយក៏​ជាការ​លើកកម្ពស់​កិត្តិ​ស័ព្ទ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ឱ្យ​កាន់តែ​ល្បីល្បាញ​ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​។​

​សំខាន់​ជាងនេះទៅទៀត ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ជា​លក្ខណៈ​មិត្តភាព​-​អន្តរជាតិ​នេះ ធ្វើឡើង​ចំ​ថ្ងៃ ៧​មករា ដែល​ជាការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​បាន​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដ៏​យង់ឃ្នង ក្រោម​ការតស៊ូ​យ៉ាង​ប្ដូរផ្ដាច់​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​យុទ្ធជន យុទ្ធ​នារី​ទាំងអស់ ដែល​បានធ្វើ​ពលី​កម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​។​

​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត អ្វីៗ​ទាំងអស់​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ធនធានមនុស្ស ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង ក្នុងនោះ​រួមមាន​ទាំង​វិស័យ​កីឡា​ផងដែរ​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ យើងទាំងអស់គ្នា​បាន​ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង ដោយ​ដៃ​ម្ខាង​ខិតខំ​ប្រឹងប្រែង​ស្ដារ​និង​កសាង​ប្រទេស​ពី​បាតដៃ​ទទេ និង​ដៃ​ម្ខាង​ទៀត ខិតខំ​ការពារ​មិនឱ្យ​មានការ​វិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​។ បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពេញលេញ​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈកាល​ប្រមាណ ៥០០​ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​វែង​របស់​កម្ពុជា ដែល​នេះ​គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។ វិស័យ​កីឡា ជាពិសេស​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ក៏​កំពុង​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​ផងដែរ សំដៅ​អភិរក្ស​និង​អភិវឌ្ឍ​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ចំណាស់ តាមរយៈ​ការជំរុញឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ ប្រមូល​ចងក្រង និង​រៀបចំ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សិល្បៈ​ក្បាច់គុន​ខ្មែរ ក៏ដូចជា ស្ថានភាព​ក្បាច់គុន​ខ្មែរ​ក្នុងសម័យ​ទំនើប ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ទន្ទឹមនេះដែរ យើង​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើតជា​ក្លឹប​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ និង​កិច្ចសហការ​ក្នុងការ​រៀបចំ​ឱ្យមាន​ការប្រកួត​កីឡាប្រដាល់​ប្រភេទ​នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់ និង​ពិភពលោក​។​

​លោក​សុខ អាន បាន​បញ្ជាក់ថា " ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សហព័ន្ធ​កីឡាប្រដាល់​ជាតិ​និង​អន្តរជាតិ ព្រមទាំង​សប្បុរសជន​ទាំងអស់ សូម​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា និង​បច្ចេកទេស ដើម្បី​ជំរុញ​ឱ្យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​កាន់តែ​មានការ​អភិវឌ្ឍ និង​ភាពល្បីល្បាញ​បន្ថែមទៀត ហើយ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​លក្ខណៈ​អន្តរជាតិ​បែបនេះ នឹង​ទទួលបាន​ការគាំទ្រ​ឱ្យមាន​ការរៀបចំ​ជា​បន្តបន្ទាប់​ទៀត​"៕​