កម្មករ​រោងចក្រ​សម្តែង​អារម្មណ៍​រីករាយ​និង​គាំទ្រ ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ថែទាំ​សុខភាព ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ: ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ កម្មការិនី ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាសថា ក្នុង​ឆ្នាំ​២០១៦​នេះ កម្មករ កម្មការិនី នឹង​ទទួលបាន​ការពិនិត្យ ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ។​

​លោកស្រី តារា តំណាង​កម្មករ​រោងចក្រ​វែង​តា​យ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​រាជធានី​ភ្នំពេញ បាន​សម្តែង​អារម្មណ៍​រីករាយ នឹង​គាំទ្រ​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ថែទាំ​សុខភាព​នេះ  ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ​។

​ចំណែក​លោក មួង មាន តំណាង​កម្មករ​រោងចក្រ​វែង​តា​យ បាន​បញ្ជាក់ថា ប្រសិនបើ​កម្មករ កម្មការិនី នឹង​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ដែល​បាន​គិតគូ​ពី​រដ្ឋាភិបាល​មែន​នោះ កម្មករ​នៅតាម​គ្រប់​រោងចក្រ​ទាំង​អស់​ពិត​ជាមាន​ការចាក​ផ​តុ​ពី​ទុក្ខលំបាក ខណៈដែល​បច្ចុប្បន្ន​មាន​បងប្អូន​កម្មករ កម្ម​ការ​រិ​នី​រាប់ពាន់ រាប់ម៉ឺន​នាក់​ដែល​កំពុង​ជួប​កង្វះខាត​ផ្នែក​ជីវភាព​។​

​យោងតាម​អនុក្រឹត្យ ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែ មករា បាន​បញ្ជាក់ថា កម្មករ កម្ម​ការី​នី នឹង​ទទួលបាន​សេវា​ពិនិត្យ សុខភាព និង​សេវា​ព្យាបាល ដោយ​ឥតគិតថ្លៃ​ពី​មូលដ្ឋាន​សុខាភិបាល​ទាំង​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង ផ្តល់​សេវា​ឲ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ នៅពេល​របប​ថែទាំ​សុខភាព​នេះ ត្រូវបាន​ដាក់​ឲ្យ​ដាក់​ដំណើរការ ការចំណាយ​លើ​ការទូទាត់ សេវា​មន្ទីរពេទ្យ​ជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​
​ការប្រកាស​ឲ្យ​អនុវត្ត​ការបង្កើត​របប​សន្តិសុខ​សង្គម លើ​ផ្នែក​ថែទាំ​សុខភាព​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយសារតែ​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បាន​អនុវត្ត​គម្រោង​សាកល្បង​ចាប់តាំងពី​ឆ្នាំ​២០១៣-២០១៥ លើ​កម្មករ​ប្រមាណ​ជាង​៧​ពាន់​នាក់ ដោយ​ទទួលបាន​ជោគជ័យ ក្នុងការ​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ថែទាំ​សុខភាព​នេះ​៕