ក្រសួងសុខាភិបាល ព្រមាន​ផ្តន្ទាទោស​សេវា​ព្យាបាល​ចល័ត​នៅតាម​ភូមិ ឃុំ សង្កាត់ ដែល​ខុសច្បាប់​

ភ្នំពេញ:  ក្រសួងសុខាភិបាល បាន​ព្រមាន​ធ្វើ​ការចាប់​ផ្តន្ទាទោស ទៅលើ​សេវា​ព្យាបាល​ចល័ត​នៅតាម​ភូមិ សង្កាត់ ដែល​ខុសច្បាប់ ហើយ​នៅតែ​បន្តសកម្មភាព ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​លេច​ផុតពី​ការ​ព្យា​ល ពី​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល តាម​ខេត្ត​-​ក្រុង​ទាំងអស់​នៅ​ទូទាំងប្រទេស បង្កើន​ការគ្រប់គ្រង​សេវា​ព្យាបាល​ចល័ត​នៅតាម​ភូមិ ស្រុក ដែល​ខុសច្បាប់ ហើយ​ឈានទៅ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​។​ការព្រមាន​ចាប់​សេវា​ព្យាបាល​ចល័ត ដែល​ខុសច្បាប់​ទៅកាន់​តុលាការ​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ទីរ​សុខាភិបាល​តាម​ខេត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់ សេវា​ព្យាបាល​ចល័ត​ដែល​ដើរ​ចាក់​ថ្នាំ​នៅតាម​ភូមិ  ដែល​ធ្វើឡើង​ដោយ​ក្រុមគ្រូពេទ្យ​ដែលមាន​ប្រភព​ចេញពី​ជួរ​ទាហាន​គ្មាន​សញ្ញាបត្រ ទទួលស្គាល់​ឬ ក្រុម​សាច់ញាតិ​ដែល​ចេះ​វិជ្ជាពេទ្យ​នេះ​តៗ​គ្នា ពី​គ្រួសារ​ដែលមាន​វិជ្ជាជីវៈ​សុខាភិបាល ។        

​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៥​កន្លងមក​ថ្មីៗ​នេះ  មាន​សេវា​ថែទាំ និង​ពិគ្រោះ​ព្យាបាល​នៅ​ទូទាំង​ប្រ​ទស សរុប​មាន​ចំនួន​ចំនួន​១០.៤៩៥​កន្លែង ហើយ​អត់​ច្បាប់​មាន​ចំនួន ៩៧៣​កន្លែង ដែល​ក្នុងចំណោម​ទាំងអស់នោះ​ជា​សេវា​អ្នកដើរ​ចាក់​ថ្នាំ​ខុសច្បាប់​មាន​ចំនួន ៦៨៤​នាក់ ។

​ឆ្លើយតប​បញ្ហា​នេះ លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ ក្រុមការងារ​បានធ្វើកា​រ​សង្កេត​តាមដាន​លើ​ការងារ​ទប់ស្កាត់បាន​ចំនួន​៩​ទីតាំង ក្នុងនោះ​ក៏បាន​ធ្វើការ​ពិន័យ និង​ការធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការប្រកប​អាជីវកម្ម​សេវា​សុខាភិបាល​ខុសច្បាប់​នេះ​។ លោក​បន្តថា ចាប់ពី​ចំណាត់​វិធានការ​របស់​ក្រសួង ព្រមាន​ផ្តន្ទាទោស​សេវា​ព្យាបាល​ចល័ត​នៅតាម​ភូមិ ឃុំ សង្កាត់ ដែល​ខុសច្បាប់​នេះ​ទៅ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នឹង​រឹតបណ្តឹង​ផ្នែក​សុ ខា​ភិ​បាល​នៅតាម​សហគមន៍​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​លើ​ការ​ព្យ​បាល​និង​បញ្ចៀស​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​គេច​ផុតពី​ការព្យាបាល ពី​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ដែល​មិនបាន​ឆ្លងកាត់​សាលា​ត្រឹមត្រូវ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​ត្រូវ​នាំគ្នា​គោរព​ច្បាប់ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បានល្អ ហើយ​ប្រជាពលរដ្ឋ​ក៏ ត្រូវ​ប្រើប្រាស់​សេវា​សុខាភិបាល ដែលមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ឬ​គ្រូពេទ្យ​ដែលមាន​ការបណ្តុះបណ្តាល​ឆ្លងកាត់​សាលា​ត្រឹមត្រូវ ដើម្បី​ចៀសវាង​បញ្ហា​ចម្លង​អេដស៍ ដូច​បានកើត​ឡើង​នៅ​ភូមិ​រការ ខេត្តបាត់ដំបង​៕