​កម្ពុជា​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​បំបាត់ ការឈឺចាប់​ផ្នែក​ផ្លូវ​ចិ​ត្ដ និង​ជំងឺមហារីក​

ភ្នំពេញ: ដោយ​មើលឃើញថា បច្ចុប្បន្នេះ​ស្ថានភាព​ជំងឺ​បាក់ទឹកចិត្ដ និង​ជំងឺ​កាច​សាហាវ​កំពុងតែ​កើត ឡើង​កាន់តែច្រើន​នោះ អ្នកជំនាញ​ផ្នែក​វិ​ជ្ជ​សាស្ត្រ បានចាប់ផ្ដើម​បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព ជំនាញ​គ្រូពេទ្យ​ព្យាបាល​បំបាត់​ការឈឺចាប់ ដើម្បី​ជួយផ្ដល់​ប្រឹក្សា​យោបល់ និង​ព្យាបាល​ចំពោះ​អ្នកជំងឺ ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្នុង​សិក្ខាសាលា​ស្ដីពី​ការស្រាវជ្រាវ​បំបាត់​ការឈឺចាប់​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត កែវ ចំណាន ប្រធាន​អង្គការ​កម្ពុជា​បំបាត់​ការឈឺចាប់ បាន​បញ្ជាក់ថា ជំនាញ​ព្យាបាល ការបំបាត់​ឈឺចាប់​នេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​កម្ពុជា​ដែលមាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ចំពោះ​អ្នកជំងឺ​កាច​សាហាវ ដូចជា​ជំងឺមហារីក​ពោះវៀន ជំងឺមហារីក​មាត់ស្បូន ដែល​ត្រូវការ​គ្រូពេទ្យ​ផ្តល់​ប្រឹក្សា និង​ព្យាបាល​។​

​លោក​បាន​លើកឡើងថា អ្នកជំងឺ​ទទួល​ការឈឺចាប់ និង​អ្នកជំងឺ​មហារីក ដែល​បាន​ឆ្លងកាត់​ការ ពិនិត្យ និង ព្យាបាល​នៅតាម​មន្ទីរពេទ្យ​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​ក្នុង​មួយថ្ងៃ​មាន​អ្នកជំងឺ​ដែល ត្រូវការ​ថ្នាំ​ព្យាបាល​ចំនួន​បីនាក់​។​

​លោក​បាន​អះអាងថា ការបណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំនាញ​បំបាត់​ការឈឺចាប់​នេះ​បាន​ផ្ដល់នូវ​អត្ថប្រយោជន៍ ក៏ដូចជា​ចំណេះដឹង​ក្នុង​ការសិក្សា​ស្រាវជ្រាវ វិធីសាស្ដ្រ​សម្រាប់​ផ្ដល់​ការអប់រំ ណែនាំ​ទៅកាន់ អ្នកជំងឺ ដើម្បី លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកជំងឺ និង​ប្រឹក្សា​យោបល់ ឱ្យ​អ្នកជំងឺ​ចេះ​ប្រើប្រាស់​ថ្នាំ ឱ្យបាន ស​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

​កញ្ញា ប៉ែន ដា​វីន វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​បំបាត់​ការឈឺចាប់​មកពី​អង្គការ​លីកាដូ បាន​បង្ហាញថា អ្នកជំងឺ​កាច សាហាវ​ទាំង​នោះបាន​ទទួលរង​នូវ​ការឈឺចាប់​ខ្លាំង​ប៉ះពាល់​ទៅលើ​ផ្លូវចិត្ត រាងកាយ អារម្មណ៍ និង​ប្រាជ្ញា​ស្មារតី ដែល​គេ​ត្រូវការ​គ្រូពេទ្យ​ព្យាបាល ជួយផ្ដល់​ប្រឹក្សា​យោបល់ និង​ជួយ​ណែនាំ​អំពី​នីតិវិធី ប្រើប្រាស់​ថ្នាំ សម្រាប់​បំបាត់​ការឈឺចាប់​ដល់​អ្នកជំងឺ​។​

​កញ្ញា​បានបញ្ជាក់​ទៀតថា ការបណ្ដុះបណ្ដាល​ជំនាញ​នេះ​គឺជា​តម្រូវការ​បន្ទាន់ ដើម្បី​ព្យាបាល​និង សង្គ្រោះ អ្នកជំងឺ​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជួយ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ គ្រូពេទ្យ សម្រាប់​យកទៅ​ព្យាបាល​អ្នកជំងឺ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​អ្នកជំងឺ​មាន​ស្ថានភាព ប្រសើរឡើង​។​

​សូមបញ្ជាក់ថា ការបណ្តុះបណ្តាល​ស្ដីពី​ការសិក្សា​ស្រាវជ្រាវ​លើ​ជំនាញ​បំបាត់​ការឈឺចាប់​នេះ មាន​គ្រូពេទ្យ វេជ្ជបណ្ឌិត​មកពី​អង្គការ​សង្គម​ស៊ីវិល សា​ស្រា្ដ​ចា​រ្យ និង​គ្រូពេទ្យ​មកពី​សាលា​ថែទាំ​វិ​ជ្ជ​សាស្ដ្រ នៃ​ក្រសួង សុខាភិបាល ដែលមាន​ចំនួន​ជាង​២០​នាក់​៕