មិត្ត​ប្រុស​នាង​ខ្ញុំ​ចង់​រស់នៅ​ស្រុកស្រែ តែ​នាង​ខ្ញុំ​ចង់​រស់នៅ​ទីក្រុង តើ​ត្រូវធ្វើ​ដូចម្តេច​?

​នាង​ខ្ញុំ​អាយុ ២៦ ឆ្នាំ ចំណែក​មិត្ត​ប្រុស​អាយុ ២៥ ឆ្នាំ គឺ​សុទ្ធតែជា​អ្នកស្រុក​ព្រៃវែង ។ ដោយសារតែ​ម្តាយ​ស្លាប់​ទើប​គាត់​ត្រូវ​ត្រឡប់​ពី​ភ្នំពេញ​ទៅ​ស្រុក​ជួយ​មើលថែ​ឪពុក​គាត់​ដែលមាន​វ័យ​កាន់តែ​ចាស់ ។ ថ្វីបើ​មាន​សញ្ញាបត្រ​បរិ​ញ្ញា តែ​មិត្ត​ប្រុស​នាង​ខ្ញុំ​នៅតែ​សម្រេចចិត្ត​ប្រកប​របរ​ចិញ្ចឹម​ជ្រូក និង ធ្វើ​ចម្ការ ។ បច្ចុប្បន្ន​គាត់​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង ហើយ​គាត់​កំពុងមាន​គម្រោង​ពង្រីក​មុខ​របប​នេះ​បន្ថែមទៀត ។ ប្រាក់ចំណេញ​ដែល​បានមកពី​មុខរបរ​នេះ​ជួយ​ឱ្យ​គ្រួសារ​គាត់​មាន​ជីវភាព​ល្អ​ជាង​មុន ប៉ុន្តែ​អាជីព​នេះ​ធ្វើឱ្យ​គាត់​រវល់ និង ហត់នឿយ​ខ្លាំងណាស់ ។​

​ឪពុកម្តាយ និង បងប្អូន​ខ្ញុំ​វិញ​មិន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​របស់​យើងខ្ញុំ​ទេ ព្រោះ​នាង​ខ្ញុំ​ជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ និង បាន​រៀនសូត្រ​ខ្ពស់ មានការ​ងារ​ល្អ​នៅ​ភ្នំពេញ ដូច្នេះ​ការយល់​ព្រមឱ្យ​នាង​ខ្ញុំ​រៀបការ​ជាមួយ​មិត្ត​ប្រុស​បច្ចុប្បន្ន​គឺ​មានន័យថា​នាង​ខ្ញុំ​ត្រូវ​បោះបង់​ការងារ​ល្អ ប្រាក់ខែ​សមរម្យ​នៅ​ទីក្រុង​ទៅធ្វើជា​អ្នកស្រុក​ស្រែ​ដែល​មួយថ្ងៃៗ​នៅតែ​ជាមួយ​សត្វ​ចិញ្ចឹម និង ស្រែចម្ការ ។ ឪពុកម្តាយ​បានឱ្យ​នាង​ខ្ញុំ​រៀនសូត្រ​ខ្ពស់​គឺ​ដើម្បី​ចាក​ផុតពី​ការប្រើ​កម្លាំង​ក្នុងការ​រកប្រាក់ គាត់​មិន​ចង់ឱ្យ​នាង​ខ្ញុំ​លំបាក​ដូច​ពួកគាត់​ទៀត​ទេ ។ គោលបំណង​របស់​ឪពុកម្តាយ​នាង​ខ្ញុំ​គឺ​ចង់ឱ្យ​នាង​ខ្ញុំ​បានរស់នៅ​ស្រណុក​ក្នុង​ទីក្រុង និង មានគូស្រករ​ជា​អ្នកទីក្រុង ។

ពួកគាត់​មិន​បដិសេធ​ទំនាក់ទំនង​របស់​យើងខ្ញុំ​ទាំងពីរ​ទេ ប៉ុន្តែ​ក៏​មិន​សម្តែង​ឱ្យឃើញថា​យល់ព្រម​ដែរ ។ ​និយាយ​អំពី​នាង​ខ្ញុំ​វិញ ថ្វីបើ​ដឹងថា​នឹងត្រូវ​ប្រឈម​ការលំបាក​ច្រើន​នៅពេល​ខាងមុខ ប៉ុន្តែ​នាង​ខ្ញុំ​ពិតជា​ស្រឡាញ់​គាត់​ដោយស្មោះ ព្រោះតែ​គាត់​ជា​មនុស្ស​ល្អ ស្លូតត្រង់ ចេះ​តស៊ូ មានចំណេះដឹង ចេះ​អភិវឌ្ឍ​ខ្លួន និង មាន​មហិច្ឆតា​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ។ មកដល់ពេលនេះ​នាង​ខ្ញុំ​មិនទាន់​ដឹងថា​គួរ​សម្រេចចិត្ត​បញ្ចប់ ឬ បន្ត​ទំនាក់ទំនង​ជាមួយ​គាត់ ឬ​យ៉ាងណាទេ ។ ដូច្នេះ​សូមជួយ​ផ្តល់យោបល់​ដល់​នាង​ខ្ញុំ​ផង​ដើម្បីឱ្យ​នាង​ខ្ញុំ​អាច​ពិចារណា​គ្រប់​ជ្រុងជ្រោយ និង ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​មានការ​ស្តាយក្រោយ ។
​សូម​អរគុណ​ទុកជាមុន !

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​ធម្មតា​ឪពុកម្តាយ​ណា​ដែលថា​មិន​ចង់ឱ្យ​កូន​របស់ខ្លួន​មាន​អនាគត​ល្អ រស់នៅ​ជាមួយ​ស្វាមី​ល្អ និង មិន​លំបាក​កាយ​លំបាក​ចិត្ត​ដូចដែល​អ្នកស្រុក​ស្រែចម្កា​រ​មួយចំនួនធំ​កំពុងតែជួបប្រទះ​ព្រោះតែ​បញ្ហា​ក្រពះ តែ​នៅពេល​បាន​អាន​ខ្លឹមសារ​របស់​នាង​ខ្ញុំ​ជឿថា​មាន​កសិករ​ជាច្រើន​មិន​សប្បាយចិត្ត ព្រោះ​នាង​ហាក់​បាន​ភ្លេច​ថា​ខ្លួន​ក៏​ជា​កូន​អ្នកស្រែ​ចម្ការ ។​​តាម​សេចក្តី​ក្នុង​សំណេរ​ខាងលើ​អ្នក​ទាំងពីរ​ខុសគ្នា​ត្រង់​ថា​ម្នាក់​ចង់​នៅ​ចម្ការ ម្នាក់ទៀត​ចង់​នៅ​ទីក្រុង ប៉ុន្តែ​មុននឹង​ផ្តល់យោបល់​’​ប្រជាប្រិយ​” សូម​វែកញែក​បង្ហាញ​នាង​ខ្លះៗ​អំពី​ជីវភាព​ពិត​របស់​អ្នកស្រុក​ស្រែចម្ការ និង អ្នកទីក្រុង ។

ជាក់ស្តែង​នៅ​ទីក្រុង ឬ នៅ​ស្រុកស្រែ​វា​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​ឱ្យតែ​មានគំនិត​រកស៊ី ប្រឹងប្រែង និង ច្នៃប្រឌិត ថ្វីបើ​នៅ​ទីក្រុង​អ្វីៗ​ទាំងអស់​មាន​ភាពទាន់សម័យ ។ នៅ​ទីក្រុង​មនុស្ស​មានការ​រីកចម្រើន​បើ​ធៀប​នឹង​អ្នក​ស្រុកស្រែ ព្រោះ​ពួកគេ​នៅក្បែរ​មជ្ឈមណ្ឌល​អប់រំ ទីផ្សារការងារ និង ទីផ្សារ​ទំនិញ ។​ល​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកក្រ អ្នកមាន​ទ្រព្យធន​តិច​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាច្រើន ដូចជា​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង ប្រើ​កម្លាំង​ច្រើន​ស៊ីឈ្នួល​គេ​តែមាន​ប្រាក់ខែ​ទាប និង មិនជា​ស្រណុកចិត្ត​ប៉ុន្មាន​នោះទេ ។

ក្នុងករណី​របស់​នាង​ឪពុកម្តាយ​បងប្អូន​ព្រមទាំង​រូបនាង​ខ្លួនឯង​ផង​ក៏​សុទ្ធតែ​ចង់​នៅ​ទីក្រុង ទន្ទឹមនឹងនេះ​នាង​ក៏មាន​ប្រាក់ខែ​សមរម្យ ដូច្នេះ​ប្រសិនបើ​គិតថា​ពិតជា​ចង់​នៅ​ទីក្រុងពិតជា​ចង់​បំពេញ​បំណង​ឪពុកម្តាយ និង អាច​ស្វែងរក​បុរស​ល្អ​ផ្សេង​មក​ជំនួស​បាន​នាង​គួរតែ​ផ្តាច់​ទំនាក់ ទំនង​ជាមួយ​សង្សារ​ប​ច្ចុ​ប្បន្ន ហើយ​ចាប់ផ្តើម​ធ្វើខ្លួន​ជា​នារី​ទីក្រុង​ដែលមាន ភាពទន់ភ្លន់ ទាក់ទាញ​ដើម្បី​ទទួល​ចំណាប់អារម្មណ៍​ពី​មនុស្ស​នៅ​ជុំវិញ ។​ ​ក៏ប៉ុន្តែ​សូម​យល់ថា ថ្វីបើ​នៅ​ស្រុកស្រែ​ចម្ការ​គេ​ត្រូវ​ប្រើ​កម្លាំងកាយ​ច្រើន​ក៏ពិតមែន តែ​ស្រុក​ស្រែចម្ការ​ក៏​ជា​កន្លែង​ល្អ​សម្រាប់​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន មានការ​តស៊ូ​ខ្ពស់ និង មាន​មហិច្ឆតា​ក្នុង​ការរក​ទទួលទាន ។

ចំពោះ​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង ‘​ប្រជាប្រិយ​”​ហ៊ាន​និយាយថា​គាត់​ជា​បុរស​ម្នាក់​ដែល​អាច​នឹង​នាំមក​នូវ​សុភមង្គល​ដល់​នាង ។ ហេតុអ្វី​បានជា ‘​ប្រជាប្រិយ​”​មាន​ជំនឿ​បែបនេះ ? តាម​ការរៀប​រាប់រប​ស់​នាង​មិត្ត​ប្រុស​របស់​នាង​កំពុង​តែមាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង ព្រមទាំង​មាន​គម្រោង​ពង្រីក​មុខរបរ​នេះ ដូច្នេះ​បើ​បូករួម​ជាមួយ​ការប្រឹងប្រែង​ការតស៊ូ​ចំណេះ ដឹង និង​បទពិសោធ​គាត់​នឹង​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​ឆាប់ៗ​ជាមិនខាន ។

​ចំណែក​នាង​ជា​កូន​អ្នកស្រុក​ស្រែចម្ការ​ប្រាកដជា​ធ្លាប់​ដឹង​អំពី​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​កសិករ​យ៉ាងណា ហើយ​នាង​ក៏​ប្រហែលជា​អាចធ្វើ​កិច្ចការ​មួយចំនួន​របស់​អ្នកស្រែ​ចម្ការ លើកលែងតែ​នាង​ប្រកាន់ខ្លួន​ភ្លេច​កំណើត​ដើម ឬ ‘​ឈ្លក់ទឹកម៉ាស៊ីន​” ។ បន្ទាប់ពី​បាន​រៀបការ​ជាមួយ បុរស​នេះ​មិនយូរប៉ុន្មាន​នាង​ក៏​នឹង​អាច​មានឱកាស​ក្លាយជា​សេដ្ឋិនី​នៅ​ស្រុកស្រែ ដោយសារ​មូលហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ។​

​ប្រសិនបើ​នាង​សម្រេចចិត្ត​បន្ត​ស្នេហា​ជាមួយ​គាត់ នាង​គួរតែ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​គឺ​ការរារាំង​របស់​ឪពុកម្តាយ ។ ចូរ​ប្រាប់​ពួកគាត់​អំពី​ដំណឹង​ល្អ​របស់​មិត្ត​ប្រុស​នៅពេល​មានឱកាស​សមរម្យ ដូចជា​ពេល​មិត្ត​ប្រុស​នាង​ជោគជ័យ​ក្នុងការ​ពង្រីក​មុខរប​រ​ជាដើម ។ នៅពេល​ឪពុកម្តាយ របស់​នាង​ទទួលបាន​ដំណឹង​ល្អ​ញឹកញាប់ ពួកគាត់​ប្រាកដជា​ប្រែចិត្ត​ងាក​មក​គាំទ្រ​ស្នេហា​របស់​អ្នក​ទាំងពីរ​មិន​ខាន ប៉ុន្តែ​សូម​ប្រុងប្រយ័ត្ន​នៅ​ស្រុកស្រែ​ចម្ការ​បុរស​ដែលមាន​លក្ខណសម្បត្តិ​ដូច​មិត្ត​ប្រុស​នាង​ពិត​ជាមាន​នារី​ជាច្រើន​ចាប់អារម្មណ៍ ហើយក៏​មានគ្រួសារ​ជាច្រើន​ត្រៀម​លើក​កូនស្រី​ឱ្យ​គាត់​ផងដែរ ។ ប្រសិនបើ​មិន​ក្តាប់​យក​ឱកាសល្អ​ដោយ​ភាពរហ័សរហួន​ទេ​សង្សារ​របស់​នាង​អាច​នឹង​បាន​ទៅ​គេ​ផ្សេង ៕

មិត្ត​ប្រុស​នាង​ខ្ញុំ​ចង់​រស់នៅ​ស្រុកស្រែ តែ​នាង​ខ្ញុំ​ចង់​រស់នៅ​ទីក្រុង តើ​ត្រូវធ្វើ​ដូចម្តេច​?